CamNews

ព័ត៌មានជាតិ 

តុលាការសម្រេចចោទ និងឃុំខ្លួន ស្រ្តីមេម៉ាយ ធ្វើទារុណកម្ម កូនប្រុសខ្លួនឯង

* មតិមួយចំនួនថា មិនគួរចោទ និងឃុំខ្លួននោះទេ ត្រឹមអប់រំ និងធ្វើកិច្ចសន្យាគ្រប់គ្រាន់ !

ភ្នំពេញ ៖ ស្រ្តីមេម៉ាយ ដែលវាយ និងធ្វើទារុណកម្មទៅលើកូនប្រុសរបស់ខ្លួនឯង ដោយយកខ្សែចងដៃ ចងជើងព្រោះ តែរពិស និងប្រដៅមិនស្តាប់នោះ ឥឡូវត្រូវបានព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ និងចៅក្រមស៊ើបបង្គាប់ឲ្យឃុំ ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីជីតារបស់ក្មេងប្រុសបានប្តឹងទៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនរួចមក ។

ប្រភពព័ត៌មានពីតុលាការខេត្តកណ្តាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ក្រោយពីធ្វើការសាកសួរហើយ លោកព្រះរាជអាជ្ញារង ទេព មុនិន្ទ សម្រេចធ្វើ ការចោទប្រកាន់ស្រ្តីខាងលើនេះ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសតាមមាត្រាទី ២១៧ នៃក្រមព្រហ្ម ទណ្ឌ ហើយលោកចៅក្របស៊ើបសួរ ឆែរ វិវឌ្ឍនៈ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនស្រ្តីមេម៉ាយ ម្នាក់ ឈ្មោះ សុខ វណ្ណា អាយុ ៣៧ឆ្នាំ មានមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ដោយយោងតាមពាក្យបណ្តឹងរបស់បុរសដែលត្រូវជាឪពុករបស់ស្រ្តីខាងលើ ដែលបានប្តឹងចោទ ប្រកាន់កូនស្រីរបស់ខ្លួន ពីបទ វាយធ្វើទារុណកម្មទៅលើចៅប្រុស (កូនរបស់ស្រ្តី សុខ វណ្ណា) ដោយធ្វើការហាមឃាត់ មិនស្តាប់ ។ ខណៈសមត្ថកិច្ចចុះទៅដល់ បានឃើញកេ្មងប្រុសម្នាក់អាយុ ៦ឆ្នាំ ត្រូវបានម្តាយវាយធ្វើទារុណកម្មដោយ យកទំពក់សម្រាប់ហាលខោអាវ មកចងជើង និងចងដៃព័ទ្ធទៅក្រោយ ដេកដួលនៅលើកំរាលឥដ្ឋ ទើបសមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួនស្រ្តីរូបនេះ នាំយកទៅកាន់អធិការដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

នៅកន្លែងសមត្ថកិច្ច ខណៈសមត្ថកិច្ចបញ្ជូនស្រ្តីខាងលើនេះ ទៅតុលាការកូនប្រុសដែលទើបមានអាយុ ៦ឆ្នាំ ក៏បាន ស្រែកយំ និងរត់តាមម្តាយផងដែរ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ មតិមួយចំនួនបានលើកឡើងថា ករណីនេះតុលាការមិនគួរសម្រេចធ្វើការឃុំខ្លួនស្រ្តីជា ម្តាយនោះឡើយ គឺអាចត្រឹមធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាតទៅទៀត ដោយមិនមានជា លើកទីពីរ ព្រោះរូបភាពក្មេងប្រុសខាងលើក៏មិនមានស្លាកស្នាមណាមួយដែលបញ្ជាក់ថា ត្រូវបានម្តាយធ្វើទារុណកម្ម ជាញឹកញាប់នោះដែរ ។ដូច្នេះការធ្វើទារុណកម្មពេលនេះ អាចជាការខឹងសម្បារបណ្តាលមកពីចរិតឆេវឆាវរបស់ម្តាយ ក៏អាចថាបាន ៕

ប្រភពព័ត៌មានពីអ្នកជិតខាងនៃស្រ្តីជាម្តាយខាងលើនេះ បានឲ្យដឹងថា ស្រ្តីខាងលើបានធ្វើការលែងលះជាប្តីតាំងពីកូន ប្រុសនេះទើបនឹងកើតមកម្ល៉េះ ហើយស្រ្តីរូបនេះក៏មានចរិតកាចខ្លាំងផងដែរ ពេលខ្លះសូម្បីតែឪពុកបង្កើតនិយាយក៏មិន ស្តាប់ដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh