CamNews

តារា 

រតនៈ ពិសី ប៉ះគូស្នេហ៍ថ្មី ជាមន្រ្តីប៉ូលិស ស័ក្តិ៤កន្លះ

ភ្នំពេញ៖ តារាចម្រៀងសាច់ស និងថៅកែហាងម៉ាស្សាស្ទីម "សាគូរ៉ា" កញ្ញា រតនៈ ពិសី ឈានចូលដល់ពាក់កណ្តាលឆ្នាំ២០១៤នេះ នាងហាក់មានយីអ៊ុនទ្បើង ខ្ពស់ត្រដែតតែម្តង ស្របពេលអាជីពសិល្បៈ កំពុងមានទីផ្សារយ៉ាងសស្រាក់សស្រាំ។ ចំណែកមុខជំនួញផ្ទាល់ខ្លួន ក៏កំពុងតែត្រូវប៉ាន់ ខណៈថ្មីៗនេះ នាងទើបបើកសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅក្បែសាលាសន្ធរម៉ុក ជាជំនួញលើកដំបូងរបស់នាង ។

យ៉ាងណាក្តី ទន្ទឹមនឹងជីវិត រស់នៅរបស់តារាចម្រៀង រតនៈ ពិសី កាន់តែមានភាពហ៊ឺហា ក្រោយ ពីការបើកសម្ពោធហាងថ្មីនោះ ក៏ស្រាប់តែលេចធ្លាយដំណឹងថា ពិសី បច្ចុប្បន្នមានទំនាក់ទំនងស្នេហា ជា មួយបុរសម្នាក់ ហើយនាងក៏ទទួលបានការឧបត្ថម្ភ ជួយជ្រោមជ្រែងក្នុងជីវិតរស់នៅ ពីសំណាក់បុរសជាគូស្នេហ៍ថ្មីម្នាក់នោះ យ៉ាងកក់ក្ដៅទៀតផង ។

ប្រភពពីរង្វង់អ្នកសិល្បៈ បាននិយាយថា រាល់ថ្ងៃ រតនៈ ពិសី បានមានទំនាក់ទំនង ជាមួយបុរសក្នុង ស្រុកម្នាក់ ប៉ុន្តែគេពុំបានដឹងច្បាស់ថា បុរសម្នាក់នោះ មានមុខរបរ និង ធ្វើការងារអ្វី នៅក្រុមហ៊ុន ណាមួយ នោះទេ គឺគ្រាន់តែដឹងថា ពួកគេទាំងពីបានស្គាល់ តាមរយៈចាស់ទុំ ជាអ្នកណែនាំ ប្រហែលជាង១ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងនឹងបុរសម្នាក់នោះ បានចូលភាគហ៊ុន ជាមួយគ្នា បើកហាងម៉ាស្សា តម្លៃរាប់ម៉ឺនដុល្លារ ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ រតនៈ ពិ សី បាននិយាយថា បច្ចុប្បន្នមុខជំនួញ និងសិល្បៈរបស់នាង គឺដំណើរបានល្អ។ ដោយទ្បែក សម្រាប់ ដំណឹងស្នេហ៍រវាងនាង និង បុរសក្នុងស្រុកនោះ ត្រូវបាន ពិសី និយាយប្រាប់ ដោយមិនមានការ លាក់លៀមថា ពិតជាមានមែន ។

តារាចម្រៀងវ័យក្មេង រូបស្រស់មានមន្តស្នេហ៍ រតនៈ ពិសី បានឲដឹងថា បច្ចុប្បន្នពិតជាមាន ទំនាក់ទំនង ស្នេហាជាមួយបុរស ក្នុងស្រុកម្នាក់មែន ។ សម្ព័ន្ធភាពស្នេហ៍រវាងនាង និងបុរសគូស្នេហ៍ម្នាក់នេះ គឺតាមរយៈចាស់ទុំ ឪពុក-ម្តាយ ជាអ្នកណែនាំឲ្យពួកគេទាំងពីរបានស្គាល់គ្នា រហូតដាក់ចិត្តស្រទ្បាញ់ មកដល់ពេលនេះ ពោលគឺគ្មានភាគីណាបង្ខិតបង្ខំ ភាគីណាមួយឡើយ ។

កញ្ញា រតនៈ ពិសី បានបញ្ជាក់ថា បុរសជាគូស្នេហ៍ថ្មី របស់នាងមាន អាយុ៣៧ ឆ្នាំ មានអាជីពការងារជាមន្រ្តីប៉ូលិសពាក់ស័ក្តិ៤ កន្លះ ។ រតនៈ ពិសី និងបុរសជាគូស្នេហ៍ បានស្គាល់ និងស្រទ្បាញ់គ្នា រយៈពេលជិត ១ឆ្នាំមកហើយ រហូតដល់ពេលនេះ។

ទោះបីជាយ៉ាងណា ពិសី បានបញ្ជាក់បន្ថែមថា បុរសគូស្នេហ៍ស្រទ្បាញ់នាងជាអនាគត ហើយហាង ម៉ាស្សា និងស្ទីមដែលនាង ទើបនឹងបើកសម្ពោធនោះ ចំណាយទុនអស់ប្រមាណ ជាង៣ ម៉ឺនដុល្លារ គឺ ជាងពាក់កណ្តាល បានមកពីការឧបត្ថម្ភពីគូស្នេហ៍ម្នាក់នេះ ។ ដើម្បីជាសក្ខីភាពបញ្ជាក់ថា រតនៈ ពិសី និងគូស្នេហ៍ថ្មី ពិតជាស្រឡាញ់គ្នាយ៉ាងប្រាកដមែននោះ ឆ្លងផុតរដូវវស្សានេះ ពួកគេទាំងពីរ អាចនឹងមានពិធីភ្ជាប់ពាក្យ ជាមួយគ្នា កើតឡើងទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news