CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ ប្រឈមនឹងការជំនុំជម្រះទ្រង់ទ្រាយធំលើរឿងក្ដីបំបះបំបោរ និងប្រមាថព្រះ

កាលពីថ្ងៃចន្ទកន្លងទៅនេះ តុលាការថៃ បានបើកអង្គជំនុំជម្រះរឿងក្ដីទ្រង់ទ្រាយធំ ចំពោះ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃចំនួន ២២ រូប ដែលរងការចោទប្រកាន់ជាច្រើនខ  ក្រោមក្រមស្ដីពីការបង្កអសន្ដិសុខសង្គម និងច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ(lèse-majesté) ។   បាតុករប៉ុន្មានរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើអត្ថាធិប្បាយ និងប្រព្រឹត្ដទង្វើទាំងឡាយ នៅក្នុងព្រឹត្ដិការណ៍បាតុកម្មមួយ ក្នុងចំណោមការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនដងរបស់ចលនាយុវជន ប្រឆាំងនឹងរបបរាជានិយម និងការបង្កើតស្ថាប័នយោធា ។



ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រថៃត្រង់កថាខណ្ឌ ១១២ នៃក្រមព្រហ្មទណ្ឌថៃ ហាមឃាត់រាល់ទង្វើ បង្ខូចកេរ្ដិ៍ឈ្មោះ ការប្រមាថ ឬគម្រាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះរាជានុសិទ្ធិ និងរាជទាយាទ របស់ព្រះមហាក្សត្រ។ រដ្ឋាភិបាល បានចាប់ខ្លួន បាតុករជាច្រើននាក់ រួមទាំងនិស្សិតសាកលវិទ្យាល័យជាច្រើនរូប ដោយអនុលោមតាមច្បាប់នេះ កាលពីខែធ្នូ ។

និស្សិតសាកលវិទ្យាល័យមួយក្រុម ដែលជាសមាជិកនៃក្រុម Ratsadon (ក្រុមប្រជាជន) ត្រូវបានតុលាការព្រហ្មទណ្ឌថៃបដិសេធម្ដងហើយម្ដងទៀត ចំពោះការធានាឱ្យនៅក្រៅឃុំ ដើម្បីចូលរួមការប្រលងបញ្ចប់ឆ្នាំ ដោយលើកហេតុផលថា និស្សិតទាំងនោះ នឹងប្រព្រឹត្ដល្មើសម្ដងទៀត ដោយបង្កើតការធ្វើបាតុកម្មជាច្រើនបន្ថែមទៀត ។ 

អ្នកជំនាញការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងនូវការព្រួយបារម្ភ អំពីច្បាប់ ដែលកំពុងត្រូវបានប្រើប្រាស់ និងអនុវត្ដដើម្បីបង្ក្រាបការតវ៉ាដោយសន្ដិវិធីដើម្បីស្នើឱ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានអំពាវនាវឱ្យធ្វើវិសោធនកម្មនៅក្នុងច្បាប់ lèse-majesté ដើម្បីឱ្យមានកិច្ចសន្យារក្សាការពារ អនុលោមតាមសន្ធិសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល(ICCPR) ។

ការធ្វើបាតុកម្ម នៅទីក្រុងបាងកក ដែលប្រព្រឹត្ដធ្វើឡើង តាំងពីខែកក្កដាឆ្នាំមុន បាននិងកំពុងបន្ដដោយមានមនុស្សប្រមូលផ្ដុំគ្នារាប់រយនាក់ ដើម្បីប្រកាសបដិសេធចំពោះការប្រើច្បាប់  lèse-majesté ប្រឆាំងនឹងក្រុមបញ្ចេញមតិ។

 អ្នកដឹកនាំក្រុមយុវជនដ៏លេចធ្លោម្នាក់ឈ្មោះ  Parit “Penguin” Chiwarak បានអះអាងថា “សេចក្ដី​ពិត មិនអាចត្រូវបានបំបិតចោលឡើយ” ហើយក្រោយមកទៀត បានប្រកាសកុប្បកម្មបង្អត់អាហារ រហូតដល់គាត់និងមិត្ដភក្ដិរបស់គាត់ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ។ យោងតាម មេធាវីការពារក្ដី លោក  Krisadang Nutcharat សំណុំរឿងនេះ ត្រូវបានលើកពេលជំនុំជម្រះរហូតថ្ងៃទី ២៩ ខែមីនា ។ រយៈពេលជំនុំជម្រះ  មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ ប៉ុន្ដែនឹងត្រូវបានកំណត់ ក្រោយពីអយ្យការ(ដើមបណ្ដឹង) និងចុងចោទ សម្រេចអំពីចំនួនសាក្សី ដែលត្រូវកោះហៅ ពីភាគីទាំងពីរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist