ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ មានឈ្មោះបោះសំឡេងគួរសម លោក សាយ រតនៈ ថ្មីៗនេះត្រូវបានទស្សនិកជន ធ្វើការរិះគន់បន្តកន្ទុយគ្នាថា ចាប់តាំងពីលោកចាប់ផ្តើម មានប្រជាប្រិយភាពកាន់តែខ្លាំងនោះ សម្រាប់ចរិកឫកពារ លោកដែលធ្លាប់តែមានការរួសរាយរាក់ទាក់ ជាមួយមហាជននោះ ក៏កាន់តែប្លែកដោយមួយរយៈពេលចុងក្រោយនេះ លោកហាក់បង្ហាញពីចរិកឆ្មើងឆ្មៃវាយឫក និង ព្រងើយកន្តើយដាក់អ្នកគាំទ្រថែមទៀតផង ។
បន្ទាប់ពីមានមតិរិះគន់បែបនេះ លោក សាយ រតនៈ ក៏បានចេញមុខប្រតិកម្ម និងច្រានចោលភ្លាមៗទៅលើព័ត៌មានថា លោកជាតារាតម្កើង ខ្លួនខ្ពស់ហួសពពកនោះ ដោយលោកបកស្រាយថា លោកមិនដែលវាយឫកឬក៏ភ្លេចអ្នកគាំទ្រទេ ។
នៅក្នុងជំនួបជាមួយ Looking TODAY នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារាសម្តែង និងជាពិធីករប្រុសសំឡេងពិរោះ លោក សាយ រតនៈ បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលនេះ លោកមានការមមាញឹក ជាមួយការងារច្រើន មិនសូវមានពេលទំនេរទេ ហើយសម្រាប់ពេលនេះលោក ក៏ទើបតែថតបញ្ចប់រឿងថ្មីមួយទៀត មានចំណងជើងថា “អស់ទាស់ហ្មងទីតា” ដែលលោកសម្តែងជាតួឯក ឲ្យខាងផលិតកម្ម Rock ដែល ត្រៀមដាក់បញ្ចំាងនៅក្នុង រោងកុនឆាប់ៗនេះ ហើយសម្រាប់មតិដែលរិះគន់ លោកទំនងជាមកពីលោក មានការរវល់ជាមួយការងារច្រើន មិនសូវមានពេលទំនេរ សម្រាប់អ្នកគាំទ្រហើយទើប បានជាគេគិតថាលោកវាយឫកបែបនេះ ។
ពិធីករប្រចាំកម្មវិធី “រាត្រីកម្សាន្ត” រូបនេះ បានប្រាប់ឲ្យដឹងថា “ខ្ញុំសុំច្រានចោលទាំងស្រុង ចំពោះការរិះគន់ដោយចោទថាខ្ញុំ ជាតារាវាយឫកខ្ពស់សម្រាប់ខ្ញុំ បើទោះជាក្លាយជាតារាល្បី ឫក៏ជាមនុស្សធម្មតាក៏ដោយ គឺខ្ញុំនៅតែរក្សាចរិកដដែល គ្មានអ្វីប្រែប្រួលនោះទេ តាំងពីតូចដល់ធំខ្ញុំមាន ចរិកបែបណាគឺខ្ញុំនៅតែរក្សាបែបនោះ ម្យ៉ាងខ្ញុំក៏មិនចេះឆ្មើងឆ្មៃអ្វីដែរ”។
លោក សាយ រតនៈ បានប្រាប់បន្ថែមថា ទម្រាំតែលោកបានក្លាយខ្លួន ជាតារាលេចធ្លោ មានឈ្មោះបោះសំឡេងដូចសព្វថ្ងៃនេះ គឺមកពីមានការគាំទ្រពី ទស្សនិកជនទាំងអស់ ហេតុដូច្នេះវា គ្មានហេតុផលណាដែល លោកត្រូវវាយឫកដាក់ អ្នកដែលគាំទ្រលោកនាំ តែបាត់ប្រជាប្រិយភាព ធ្លាក់កូដនោះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល