ភ្នំពេញៈ សម្រាប់ឆ្នាំថ្មីនេះ តារាសម្តែងសម្បុរ ស្រអែមស្រស់ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា សន្ទុះការងារ របស់នាង បានងើបឡើងវិញ ជាបណ្តើរៗហើយ ដោយពេលនេះ នាងទើប តែឆក់បានតំណែង ជាតួឯកស្រី សម្តែងជាតួនាងមច្ឆា ក្នុងរឿងថ្មីរបស់ ស្ថានីយទូរទស្សន៍បាយ័ន មានចំណងជើងថា "ត្រីមាស"។
ជួបជាមួយ LookingTODAY នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤នេះ តារាស្រីមានឈ្មោះល្បីគួរសម កញ្ញា ពៅ លីដា បានរៀបរាប់ទាំងសំឡេង សប្បាយរីករាយថា ក្នុងមួយរយៈមុន នាងទទួលស្គាល់ ការងារនាងមិនសូវមាន ការមមាញឹកប៉ុន្មានទេ ។ដោយឡែកពេលនេះ ការងាររបស់ នាងហាក់ចាប់ផ្តើម មានទឹកមាត់លេប ដោយសារតែ ការងារមាន ចាប់ផ្តើមរវល់ជាងមុន ។ “ដូច ពេលនេះអ៊ីចឹង ខ្ញុំកំពុងតែជាប់ដៃ សម្រុកថតរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍បាយ័ន ។ ខ្ញុំសម្តែងជាតួឯកក្នុង
រឿង "ត្រីមាស" ដោយខ្ញុំដើរតួជានាងមច្ឆា ។ សម្រាប់រឿងនេះ កំពុងតែត្រៀមដាក់បញ្ចាំង ក្នុងនៅសប្តាហ៍ក្រោយនេះហើយ ” ។ តារាសម្តែង និងជាពិធីការិនី ពៅ លីដា បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នេះជាលើកទី១ ហើយ សម្រាប់នាងដែលបានសម្តែងរឿងប្រភេទនេះ ។ នាងសង្ឃឹមថា នៅពេលរឿងនេះ ដាក់បញ្ចាំង អាចនឹងទទួលបាន ការគាំទ្រច្រើន ព្រោះថានេះជារឿងព្រេងនិទាន របស់យើង ដែលមានតាំងពីយូរណាស់ មកហើយ។ “
នៅក្នុងអត្ថន័យរឿងនេះ ខ្ញុំត្រូវសម្តែងជាតួទឹកភ្នែក កំសត់ ត្រូវគេធ្វើបាប ព្រោះថាខ្ញុំជាត្រីមាស ដូច្នេះឲ្យតែខ្ញុំ ស្រក់ទឹកភ្នែក គឺចេញមាស និងមានបង្កប់ អត្ថន័យល្អៗជាច្រើនទៀត ខ្ញុំរៀបរាប់មិនអស់ទេ មានតែរង់ចាំទស្សនាទាំងអស់គ្នា នៅសប្តាហ៍ក្រោយ ” ។
ពៅ លីដា បានប្រាប់ទៀតថា ក្រៅពីការថតរឿង នាងក៏មានការថតស្ពតពាណិជ្ជកម្ម ថតម៉ូដសម្លៀកបំពាក់ ថតខារ៉ាអូខេ និងការងារមួយចំនួន សម្រាប់ឱកាស បុណ្យចូលឆ្នាំខ្មែរនេះ ការងារនាង មានភាពរីកចម្រើនច្រើនជាងមុន អត់មានពេលសម្រាកទេ ព្រោះថា ត្រូវសម្រុកថតរឿង “ត្រីមាស” ឲ្យចប់នៅក្នុងអំឡុងពេល ប្រមាណ១០ថ្ងៃ ខាងមុខនេះ ៕