ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model កញ្ញា សោម ស្រីនាថ បានបង្ហើបឲ្យ ដឹងថា ក្នុងអំឡុងចូលប្រឡូកសិល្បៈនេះ នាងនៅមិនទាន់ ត្រូវបានខាងផលិតកម្ម ក៏ដូចជាអ្នកដឹកនាំរឿងសម្លឹងឃើញ និងតម្កើងឲ្យគ្រងតំណែង ជាតួឯកនៅឡើយទេ បើទោះជានាងធ្លាប់ មានឱកាសបានថតរឿងចំនួន ៣ជាប់ៗគ្នា ហើយក៏ដោយ ។
ថ្លែងបានប្រាប់ LookingTODAY ឲ្យដឹង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះ តារាស្រីសម្បុរស្រអែម ច្រមុះស្រួច កញ្ញា សោម ស្រីនាថ បានប្រាប់ឲ្យដឹងថា អស់រយៈពេលជិត២ឆ្នាំហើយ ដែលនាងបានបោះជំហាន ចូលសិល្បៈ ហើយកន្លងមក នាងក៏ធ្លាប់មានឱកាស បានចេញដើរម៉ូដ ថតស្ពត និងថត រឿងគួរសមដែរ។ តែអ្វីដែលធ្វើឲ្យនាង ហាក់ មានអារម្មណ៍ថា ខកចិត្តនោះ គឺសន្ទុះកេរ្តិ៍ឈ្មោះ មិនសូវលេចធ្លោដូចជាតារាដទៃ ដែលចូលប្រឡូកស្របាលគ្នា នឹងនាងសោះ ។
កញ្ញា ស្រីនាថ បានប្រាប់ឲ្យដឹងថា "ក្នុងអំឡុងពេលជិត២ឆ្នាំ ដែលខ្ញុំប្រឡូកសិល្បៈនេះ ខ្ញុំធ្លាប់មានឱកាស បានសម្តែង រឿង៣ ឲ្យខាងស្ថានីយទូរទស្សន៍ ដោយកាលពីថ្មីៗនេះ ខ្ញុំទើបតែ ថតបញ្ចប់រឿង “ទិព្វសូដាច័ន្ទ” ឲ្យទូរទស្សន៍បាយ័ន ។អ្វីដែលធ្វើឲ្យខ្ញុំ មានអារម្មណ៍ថា អន់ចិត្តនោះ គឺមិនដែលបានគ្រងតំណែង តួឯកសោះ ទាំងដែលមានតារាស្រករ ក្រោយខ្លះ គេមានឱកាស បានគ្រងតំណែងមួយនេះទៅហើយក្តី"។
ទាក់ទងទៅនឹង ការងារសិល្បៈនេះ ត្រូវបានតារារាងតូច ចង្កេះអង្ក្រង សោម ស្រីនាថ ប្រាប់ឲ្យដឹងថា សម្រាប់នាងបើទោះជា ការងារសិល្បៈ ហាក់មិនទាន់មានកេរ្តិ៍ឈ្មោះខ្លាំងក្លា ក៏ដោយ តែនាងមិនរាថយទេ។ ផ្ទុយទៅវិញ នាងនឹងខំពង្រឹង សមត្ថភាពខ្លួនឯង ឲ្យល្អជាងនេះ និងហាត់ច្រៀង ដើម្បីចាប់អាជីព ជាតារាចម្រៀង បន្ថែមទៀត។ សោម ស្រីនាថ សង្ឃឹមថា ថ្ងៃណាមួយ អាចនឹងក្លាយជាតារា ទទួលបានជោគជ័យ និងជាទីចាប់អារម្មណ៍របស់អ្នក ដឹកនាំរឿង ក៏ដូចជា ផលិតកម្មផ្សេងៗ ធ្វើជាមនុស្ស គេមិនឲ្យអស់សង្ឃឹមទេ ។
បើទោះជាពេលនេះ តារាស្រីវ័យក្មេង សោម ស្រីនាថ ក្លាយខ្លួនជាតារាបង្ហាញម៉ូដ ក្នុងក្រុមបង្ហាញម៉ូដល្បី ក៏ដោយតែនាងនៅមិនទាន់ មានឱកាស បានចេញទៅដើរម៉ូដ នៅក្រៅប្រទេសដូចជា តារាបង្ហាញម៉ូដល្បីឈ្មោះក្នុងក្រុម នេះនៅឡើយទេ ៕