ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពូកែធ្វើឫកម៉្ញិកម៉្ញក់ គួរឲ្យក្នក់ក្នាញ់ របស់ផលិតកម្ម សាន់ដេ កញ្ញា យូរី មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា នាងហាក់មានភាពលេចធ្លោខ្លាំង ទាំងការបង្ហាញវត្តមាន នៅតាមកម្មវិធី ប្រគំតន្ត្រី របស់ស្ថានីយទូរទស្សន៍នានា ក៏ដូចការប្រគំតន្រ្តី នៅតាមបណ្តាខេត្តជិតឆ្ងាយ។ ខណៈបទចម្រៀងជាច្រើន ក្នុង CD, VCD និង DVD របស់ផលិតកម្ម កំពុងតែធ្វើចរាចរណ៍លក់ នៅលើទីផ្សារ និងកំពុងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីមិត្តយុវវ័យ សម័យថ្មី។
ស្របពេលជាមួយគ្នានេះ ក៏លេចធ្លាយដំណឹងមកថា ម្ចាស់ផលិតកម្ម សាន់ដេ ហាក់កំពុងគិតគូរខ្លាំង មកលើ យូរី ក្នុងបំណងជំរុញឲ្យនាងល្បីឈ្មោះលឿន និងលេចធ្លោជាងតារាចម្រៀងស្រីឯទៀត ដែលកំពុងតែជ្រកកោននៅក្នុងទ្រនំមួយនេះទៀតផង ។ ម្យ៉ាងទៀត ភាពល្បីល្បាញ អាចដណ្តើមបានកេរ្តិ៍ឈ្មោះ ពីទីផ្សារសិល្បៈ ដ៏សែនតូចចង្អៀតរបស់តារាចម្រៀងរលកថ្មី ក្នុងផលិតកម្ម សាន់ដេ កញ្ញា យូរី គឺព្រោះតែផលិតកម្មមួយនេះ បានបើកទ្វារ និងផ្តល់ឱកាស ឲ្យនាងស្ពាយបង្វេចចូលទៅជ្រកកោន នៅក្រោមម្លប់ ដ៏ត្រជាក់ត្រជុំ ពោរពេញដោយការ យកចិត្តទុកដាក់នេះ។
ផ្អែកតាមប្រភពខ្សឹបខ្សៀវគ្នា មួយចំនួនបានលើកឡើងថា បច្ចុប្បន្នមានតារារួមទ្រនំ នៅសាន់ដេ ខ្លះ កំពុងតែមានចិត្ត ច្រណែន កញ្ញា យូរី ព្រោះតែខាងម្ចាស់ផលិតកម្មផ្តល់សិទ្ធិ និងឱកាសការងារច្រើនលើយូរី ។ រីឯតារាចម្រៀងប្រុស-ស្រី ជើងថ្មី និងចាស់មួយចំនួនទៀត ហាក់កំពុងបាត់ស្រមោលឆ្ងាយពីទី ផ្សារល្បីឈ្មោះនៅ សាន់ដេ។
ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ តារាចម្រៀង ដែលកំពុងតែ ស្ថិតនៅក្នុងបេះដូងស្រទាប់យុវវ័យ នាង យូរី មិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការច្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បានកាន់តែងខ្លាំង។ ភាពលេចធ្លោ ពីមួយឆ្នាំទៅមួយ ឆ្នាំនេះហើយ បានធ្វើឲ្យតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ រូបនេះ កាន់តែកាក់កប ជាមួយអាជីពជាអ្នកសិល្បៈ ហើយក៏ជាឱកាសមួយដ៏ល្អ សម្រាប់ការកើបប្រាក់ក្នុងដៃផងដែរ។
ជាងនេះទៅទៀត ស្រីស្រស់ យូរី បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងជាតារាស្រីមួយដួង កំពុងតែឆក់បាននូវប្រជាប្រិយភាព និងការគាំទ្រដ៏ច្រើន ពីសំណាក់ទស្សនិកជន ស្រទាប់យុវវ័យតាម រយៈការបញ្ចេញក្បាច់រាំ ជាពិសេស តាមរយៈការឡើងច្រៀង នៅតាមបណ្តាស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធី ប្រគំតន្រ្តីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលអាចរកចំណូលបានខ្ពស់ មិនចាញ់តារាល្បីៗ ក្នុងស្រុកប៉ុន្មានឡើយ៕