(ចិន)៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ជាសិស្សនៅឯសាលារៀនមួយ ក្នុងខេត្ត Hunan ប្រទេសចិន បានសម្រេចចិត្តលោត ពីលើអាគារនៃថ្នាក់រៀន ធ្វើអត្តឃាត បន្ទាប់ពីមានអារម្មណ៍ខូចចិត្ត ដោយសារតែរឿងផ្លាស់ប្តូរតុ ក្នុងថ្នាក់ប៉ុណ្ណោះ។
នៅថ្ងៃកើតហេតុ ក្មេងប្រុសរងគ្រោះ ឈ្មោះ Xiao Wu ត្រៀមខ្លួនរួចហើយ ដើម្បីរៀបចំជាម្ចាស់ពិធី ក្រោយបញ្ចប់ការសិក្សា នៅថ្នាក់បឋមដោយគេបានរៀបចំ គ្រប់តុអង្គុយក្នុងថ្នាក់រៀនខ្លួន ឲ្យនៅចំកណ្តាលបន្ទប់។ ក្រៅពីនេះ Wu ក៏បានឲ្យឪពុកម្តាយ ទិញសម្លៀកបំពាក់ថ្មីឲ្យគេ ហើយក៏បានទៅសាលា ដោយក្តីរីករាយ ប៉ុន្តែក្រោយមក ពេលដែលគ្រូប្រចាំថ្នាក់មក ដល់ ក៏ឃើញការរៀបចំថ្នាក់រៀនថ្មី មិនពេញចិត្តគាត់ឡើយ ចំណែកមិត្តរួមថ្នាក់ Wu ក៏សុំឲ្យរៀបចំដូចមុនដែរ។
ទីបំផុតអ្វីៗ ក៏ផ្លាស់ប្តូរមកដូចដើម ធ្វើឲ្យក្មេងប្រុសអង្គុយចុះរួចក៏ចាប់ផ្តើមយំ។ សិស្សស្រីៗដែលនៅក្បែរ Wu ក៏មក លួងគេ តែមិនបានធ្វើឲ្យក្មេងប្រុសរងគ្រោះ បាត់ខូចចិត្តទេ ប្រហែលជាពីរម៉ោងក្រោយ គេក៏ឡើងទៅជាន់ទី៤ រួចក៏លោតសម្លាប់ខ្លួនតែម្តង ពិតជាធ្វើឲ្យឪពុកម្តាយ និងមិត្តភក្តិតក់ស្លុតណាស់ ព្រោះកន្លងមក Wu ជាក្មេងប្រុសស្លូតបូត និងរួសរាយណាស់។
ចំពោះហេតុការណ៍នេះ ក៏មានការលើកឡើងថា នេះជាកំហុសគ្រូ ឬយ៉ាងណា ដែលនាំឲ្យសិស្សប្រុសរូបនេះ ដាច់ចិត្តធ្វើអត្តឃាត បន្ទាប់ពីការតាំងចិត្តរបស់គេ ប្រែជាបរាជ័យ ឬក៏វាអាចជាកំហុសឪពុកម្តាយ មួយផ្នែកដែរ ប៉ុន្តែយ៉ាងណា ក៏មិនមាននរណាទទួលខុសត្រូវ ចំពោះការបាត់បង់ជីវិត ក្មេងប្រុសរងគ្រោះនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង