ភ្នំពេញ៖ ជារឿងដ៏គួរឲ្យក្ដៅស្លឹកត្រចៀកសម្រាប់ តារាបង្ហាញម៉ូដ ប្រចាំក្រុម Cambodia Super Model និងជាតារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា អ៊ុន អាលីហ្សា ព្រោះតែបណ្ដាញសារព័ត៌មាន មួយចំនួនធំ បានវាយប្រហានាងព្រមៗគ្នា ជាមួយនឹងចំណងស្នេហារបស់នាង ថា កំពុងតែរងនៅភាពប្រេះឆា ទទួលរងការមិនពេញចិត្តពីសំណាក់ក្រុមគ្រួសារខាងប្រុស។ ចំណែកឯ អ៊ុន អាលីហ្សា វិញ ត្រូវពិបាកចិត្តស្អិតទ្រូង រហូតធ្លាក់ខ្លួនឈឺទៀតផង ។
មិត្តភក្តិសំណប់ចិត្តរបស់ អ៊ុន អាលីហ្សា ដែលគេស្គាល់ជាក្រុមកាងាររបស់ Cambodia Super Model នឹងជាបុគ្គលិកម្នាក់របស់ ចន ច័ន្ទសាឡន បានចេញមុខមកប្រតិកម្មជំនួសនាង ហាក់បង្ហាញថា រូបគេមិនទាន់យល់ទៅលើវិជ្ជាជីវៈអ្នកសារព័ត៌មានទាល់តែសោះ ។ ចំណែក អ៊ុន អាលីហ្សា វិញ ជាសាមីខ្លួនហាក់មិនសូវក្ដៅក្រហាយ ឬបញ្ចេញប្រតិកម្ម ណាមួយគួរឲ្យកត់សម្គាល់ឡើយ ពោលនាងគ្រាន់តែថ្លែងសារ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ជម្រាបដល់អ្នកគាំទ្រទាំងអស់ថា ព័ត៌មាននេះមិនពិតទេ ព្រោះនាងនឹងគូស្នេហ៍ គឺកំពុងតែផ្អែមល្ហែមប្រៀបបាននឹងទឹកឃ្មុំខែចែត្រ គ្មានអ្នកណាមកបំបែកបំបាក់ ស្នេហានាងបានឡើយ ។
អ៊ុន អាលីហ្សា បានសំណូមពរទៅកាន់សា្ថប័នព័ត៌មាននានា ថា សុំឲ្យមានការសម្ភាសន៍ ពីស្វាមីខ្លួនត្រឹមត្រូវសិន ចាំយកចុះផ្សាយ ក៏មិនយឺតពេលដែរ ។ អ្វីដែលសំខាន់ អាចប៉ះពាល់ទៅដល់ ចំណងស្នេហ៍នាងមែនទែន ប្រសិនបើព័ត៌មានចុះ ដដែលៗបែបនេះ ។ សម្រាប់ អ៊ុន អាលីហ្សា ត្រូវបានគេស្គាល់ថា នាងចូលសិល្បៈ មិនក្រោមដប់ឆ្នាំទេ អ្វីដែលសំខាន់ ពេលនាងចូលសិល្បៈដំបូង រូបសម្រស់នាង មិនស្រស់ផូរផង់ដូចពេលនេះទេ ។ តែអ្វីដែលនាំឲ្យ នាងល្បីគឺ ចំណងស្នេហ៍នាង និងលោក សេន រ៉ានុត តារាចម្រៀងល្បីឈ្មោះបង្គួរក្នុងពីភពសិល្បៈ ។
នាង អ៊ុន អាលីហ្សា វិញ នៅតែល្បីល្បាញ ក្នុងពីភពសិល្បៈដដែល អ្វីដែលសំខាន់ ក្នុងចំណងស្នេហា ធ្វើឲ្យនាងមានព័ត៌មានជានិច្ច ហើយកាន់តែអស្ចារ្យ គឺគូស្នេហ៍ ដែលតែងតែហួងហែងណាស់ គ្រាន់តែព័ត៌មានប៉ះពាល់នាង គឺតម្រូវឲ្យមានការចុះផ្សាយកែតម្រូវភ្លាមៗ បង្ហាញថាក្ដីស្រឡាញ់នាង និងគូស្នេហ៍ គឺខ្លាំងមិនធម្មតាមែន ៕