CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ៖ ភាពយន្ត ពី Angelina Jolie មានសារៈប្រយោជន៍ ស្តីពី សម័យវាលពិឃាត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាត់ទុកថា ការផលិតខ្សែភាពយន្ត ឯកសារស្តីពីប្រវត្តិជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលរផបចំដោយ តារាភាពយន្ត Hollywood លោកស្រី Angelina Jolie គឺ ពិតជាមានសារៈប្រយោជន៍ ដល់ការយល់ដឹងបន្ថែម អំពីជីវិតតស៊ូរស់នៅពិតក្នុងរបបវាយពិឃាត កាប់សម្លាប់ ដែលបានធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ស្លាប់។

តាមរយៈគេហទំព័រ Facebook Page សម្តេចតេជោបានសរសេរថា «ការចូលរួមផលិតខ្សែភាពយន្ត ឯកសារស្តីពីប្រវត្តិជីវិត ក្នុងប្រល័យពូជសាសន៍របប ប៉ុលពត (១៩៧៥-១៩៧៩) ដែលកំពុងរៀបចំដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ ដល់ការយល់ដឹងបន្ថែម អំពីជីវិតតស៊ូរស់នៅពិតក្នុងរបបវាលពិឃាត។ ដោយសារសង្រ្គាម និងការកាប់សម្លាប់ ការបង្ខំធ្វើការលើសកម្លាំង ការបង្អត់អាហារ នៅក្រោមការដឹកនាំរបស់ ប៉ុល ពត ទើបធ្វើអោយពលរដ្ឋខ្មែរជាច្រើនលាននាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធម័ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ»

សម្តេចបានបញ្ជាក់ទៀតថា «យុវជនខ្មែរដែលកើតមិនទាន់មួយចំនួន គឺមិនប្រាកដជាមិនជឿថា ខ្មែរយើងមានរបបបែបនេះ កើតមាននៅលើទឹកដីកម្ពុជា។ អ្វីដែលកើតឡើងនៅពេលនោះ គឺយើងមិនអោយកើតឡើង ជាបន្តទៀតនៅលើទឹកដីកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀត»

សម្តេចបានសរសេរទៀតថា «ប្រទេសជាតិយើងនៅពេលនេះ គឺកំពុងបោះជំហានឆ្ពោះ ទៅមុខក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ដែលជាទីសង្ឃឹមរបស់កម្ពុជាទាំងមូល។ យើងរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើនលូតលាស់ខ្ពស់ត្រដែត ទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសដល់បរទេសមកកំសាន្ត មកប្រកបអាជីវកម្ម និងមកផលិតខ្សែភាពយន្ត នៅក្នុងប្រទេសយើង ដូចជាតារាហូលីវូដនេះជាដើម»

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh