CamNews

កីឡាជាតិ 

ក្រុម​​បាល់​ទាត់ Cambodia All Stars ប៉ះ​ក្រុម​ភ្ញៀវ​ម៉ូរ៉ុក ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​១៨

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ Cambodia All Stars នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយទល់នឹងក្រុមភ្ញៀវម៉ូរ៉ុក (Morocco) នៅល្ងាចថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិរបស់ Cambodia All Stars របស់កម្ពុជា ក្នុងឆ្នាំ២០១៦ នេះ ដែលទើប ទទួលបានជ័យជំនះ២ប្រកួតជាប់ៗគ្នា ទៅលើក្រុមជើងខ្លាំងលេងក្នុងលីគកំពូលថៃ Maungthong United និង Buriram United នៅស្តាតអូឡាំពិកដូចគ្នា។

ក្នុងជំនួបលើកទី១ ទល់នឹងក្រុមមកពីទ្វីបអាហ្រ្វិក ម៉ូរ៉ុក នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចតែងតាំងលោក ទេព ឡុងរចនា ជាគ្រូបង្វឹកបង្គោល ជំនួសកៅអីលោក ប្រាក់ សុវណ្ណារ៉ា ដែលកំពុងដឹកនាំក្រុមបឹងកេត តំណាងប្រទេសកម្ពុជាចូលរួមប្រកួតពានរង្វាន់ BTV Cup 2016 នៅប្រទេសវៀតណាមពេលថ្មីៗនេះដែលបានឈាន ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

សូមបញ្ជាក់ផងដែរថា ក្រុម Cambodia All Stars គឺជាកីឡាករចម្រុះជាតិសាសន៍ដែលត្រូវបានជ្រើសរើសចេញពីក្លឹប បាល់ទាត់អាជីពនានាក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងកីឡាករកម្ពុជាផងដែរ ដើម្បីបង្រ្គប់បាន១ក្រុម ២៣នាក់ ប្រកួតមិត្តភាពនានា ដែលត្រូវបានកំណត់ដោយសហព័ន្ធ FFC៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង