ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង កញ្ញា មាស សម្ផស្ស បានរៀបចំពិធីភ្ជាប់ពាក្យស្ងាត់ៗ ជាមួយ គូដណ្តឹង ដែលជាអាណិកជនខ្មែរ-អាមេរិករួច កាលពី អំឡុងចុង ខែមិថុនារួចមក នាងបាន បង្ហើបឲ្យដឹងថា ក្រោយពីភ្ជាប់ពាក្យរួច នាងមានគម្រោងដឹកដៃគូស្នេហ៍ ចូលរោងការនៅដើម ឆ្នាំ២០១៥ ខាងមុខនេះ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ កាលពីពេលកន្លងទៅនេះ តារាស្រីសាច់សរម៉ដ្ឋ រលោង ធ្លាប់មានកេរ្តិ៍ឈ្មោះល្បី ក្នុងវិថីសិល្បៈ កញ្ញា មាស សម្ផស្ស បានប្រាប់ឲ្យដឹងថា នាងបានរៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរជាមួយគូដណ្តឹង កាល ពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ ហើយការរៀបចំពិធីភ្ជាប់ពាក្យនេះ គឺនាងមិនបានធ្វើធំដុំទេ គ្រាន់តែរៀបចំធម្មតាៗ ជួបជុំចាស់ទុំទាំងសងខាង តែប៉ុណ្ណោះ ។
តារាស្រីរូបស្រស់សាច់សររូបនេះ បានប្រាប់ឲ្យដឹងថា “ខ្ញុំរៀបចំពិធីស្ងាត់ៗ ព្រោះមិនចង់រំខាន ភ្ញៀវច្រើនដង គឺរង់ចាំថ្ងៃរៀបមង្គលការ ប៉ុន្តែខ្ញុំនៅ មិនទាន់ច្បាស់ថា រៀបចំពិធីនៅទីណា និង ត្រៀមអញ្ជើញភ្ញៀវប៉ុន្មានតុទេ ព្រោះថាពេលវេលាក៏នៅយូរហើយ ខ្ញុំនិងគ្រួសារក៏មិនទាន់ ដេញវេលា ច្បាស់ គឺគម្រោង ត្រៀមរៀបការនៅ ឆ្នាំក្រោយនេះ ” ។
ជាមួយគ្នានោះ កញ្ញា សម្ផស្ស ក៏បានបង្ហើបឲ្យដឹង ពីចំណុចសំខាន់របស់គូដណ្តឹង ដែលអាច ឆក់ទាញបេះដូង នាងឲ្យព្រមរៀបការជាមួយនោះគឺ ដោយសារតែ “គូដណ្តឹងរបស់ខ្ញុំគាត់ មាន ចំណុចល្អច្រើន ណាស់ សម្រាប់ខ្ញុំ មុនឈានដល់ចំណុចនេះ ខ្ញុំបានចំណាយពេលមើលចិត្ត ថ្លើមគ្នាយូរ មកហើយគាត់ (គូដណ្តឹង) គាត់ជាមនុស្សល្អ ចេះស្រលាញ់គ្រួសារខ្ញុំហើយពេល ដែលខ្ញុំស្គាល់គាត់ ខ្ញុំគិតថាគាត់ជាគូស្នេហ៍ពិត ដែលអាចឲ្យខ្ញុំ រួមរស់ជាមួយពេញ មួយជីវិត” ។
បើទោះបីជាយ៉ាងណាតារារូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងថ្ងៃរៀបការរបស់នាង គឺនាង ចង់រៀបចំឡើងក្នុងបំណង តម្រូវដល់ភ្ញៀវ ទាំងសងខាង ហើយសម្រាប់ភ្ញៀវនៅអាមេរិក គឺយើងត្រូវតែ លៃពេលឲ្យច្បាស់ ព្រោះថាពួកគាត់ពិបាកមិនសូវ ស្រួលដូចយើងទេដូច្នេះវេលា រៀបការនាងត្រូវតែ តម្រូវឲ្យមានភ្ញៀវចូលរួម បានទាំងសង មិនអាចចោលខាងណាបានឡើយ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល