CamNews

កំសាន្ត 

ខេមរៈ សិរីមន្ត រកកន្លែង​ប្រគំតន្រ្តី​មិនឃើញ ត្រៀមសង់លុយកក់ ទៅក្រុមហ៊ុនវិញ

ភ្នំពេញៈ កំលោះសង្ហាសម្បូរសាច់ដុំធំៗ ទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែកមនុស្សស្រី គ្រប់ស្រទាប់ និងជាតារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ថ្មីៗនេះ មានព័ត៌មានលេចឮ លោកបានអវត្តមាន ក្នុងការចូលច្រៀងក្នុងខនសឺត ដែលរៀបចំឡើង ដោយក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ ។ ស្រាប់តែដល់ពេលវេលា ចាប់ផ្តើមខនសឺត តារាចម្រៀងលេចធ្លោ មានឈ្មោះល្បី លោក សេរីមន្ត បែរជាបាត់វត្តមាន មិនឃើញឡើង ឆាកបង្ហាញខ្លួននោះទេ ខណៈដែលតារារូបនេះ បានធ្វើដំណើរទៅដែរ តែរកកន្លែងមិនឃើញ។

កាលពីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត បានយល់ព្រមទទួលលុយកក់ ពីភាគីខាងក្រុមហ៊ុន ចំនួន ១៥០០ ដុល្លារ ដោយលោកបានសន្យាថា និងទៅច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ តាមផ្លូវដែលលោកធ្លាប់ជួបឧបទ្ទេវហេតុ កាលពីជាង១ឆ្នាំមុន តែដល់ពេលកំណត់ ដោយខាងក្រុមហ៊ុន បានប្រកាសក្តែងៗថា ការប្រគំតន្ត្រីនេះ នឹងមានវត្តមានតារាចម្រៀងល្បីឈ្មោះរូបនេះ ចូលរួមហើយក៏មានវត្តមាន អ្នកគាំទ្ររូបលោកជាច្រើន ទៅចូលរួមទន្ទឹង ចង់ឃើញរូបលោកខ្លាំងណាស់ ។

ប៉ុន្តែនៅទីបំផុត អ្វីដែលជាក្តីសង្ឃឹមបាន រលត់បាត់ទៅវិញ បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើដំណើរទៅមិនទាន់ដល់កន្លែងប្រគំតន្ត្រីផង ស្រាប់តែឲ្យអ្នកបើករថយន្ត ត្រឡប់ក្រោយវិញ ដោយអះអាងថា រកកន្លែងប្រគំតន្រ្តីមិនឃើញ និងជាដើមចមធ្វើឲ្យខាងក្រុមហ៊ុនខាតបង់ និងទទួលរងការរិះគន់ ពីអ្នកទស្សនាយ៉ាងខ្លាំង ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ LookingTODAYបានព្យាយាមទាក់ទងទៅ តារាចម្រៀង លោក ខេមរៈ សិរីមន្ត ដើម្បីសាកសួរពីបញ្ហាខាងលើនេះដែរ ប៉ុន្តែលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។ ដោយឡែកលេខទូរស័ព្ទរបស់ លោក ខេមរៈ ភារុណ ជាបងប្រុស ដែលធ្លាប់តែដើរតួជាអ្នកនាំពាក្យ ក៏មិនអាចទាក់ទងសុំការបកស្រាយបានដែរ ដោយសារតែមានមនុស្សស្រីម្នាក់ បានលើកទូរស័ព្ទហើយ និយាយយ៉ាងខ្លីថា “ លោក ភារុណ គាត់រវល់ណាស់ គ្មានពេលផ្តល់បទសម្ភាសន៍ទេ ហើយសម្រាប់ខ្ញុំក៏រវល់ដែរ សុំមិនបកស្រាយទាក់ទងរឿងនេះទេ ” ។

ទោះបីជាយ៉ាងណា ការទំនាក់ទំនងគ្នា មុនពេលឡើងឆាកតន្រ្តីនីមួយៗ គឺអាចត្រូវធ្វើឡើង ក្នុងរយៈពេលកន្លះខែមុន ឬក៏មួយខែមុន ក៏ថាបាន ព្រោះមហាជនគ្រប់រូប បានដឹងយ៉ាងច្បាស់ថា ខេមរៈ សិរីមន្ត ជាតារាចម្រៀងម្នាក់ ដែលរកចំណូលបានខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការច្រៀងតាមបណ្ដាខេត្តនានា ។ ដូច្នេះតារារូបនេះ អាចមានបទពិសោធច្រើនណាស់ ក្នុងកិច្ចការនេះ ហើយបើនិយាយថា លោករកន្លែងប្រគំតន្រ្តីមិនឃើញ ហាក់ដូចជាហេតុផលនេះ មិនសមទំនងទាល់តែសោះ ឬមួយ ខេមរៈ សិរីមន្ត ជាប់រវល់ក្នុងរឿងផ្សេង ហើយយកលេសថា រកកន្លែងមិនឃើញ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news