CamNews

តារា 

ខ្ញុង សារភាពមាន​អ្នកទិញផ្ទះឲ្យ តែមិនបង្ហើបពីតម្លៃ ខ្លាចគេថាអួត

ភ្នំពេញៈ នេះមិនមែនជារឿងចម្លែកទេ ដែលព័ត៌មានលេចឮថា អ្នកសិល្បៈមានគេចាំជួយ ទំនុក បម្រុង ពីក្រោយខ្នង ឲ្យរស់នៅ ក្នុងជីវភាពហ៊ឺហារ ស៊ីវិល័យ សម្បូរសប្បាយ ពោលស្ទើរតែក្លាយ ទៅជាព័ត៌មានធម្មតាទៅហើយ សម្រាប់អ្នកសិល្បៈគ្រប់រូប។ នៅពេលថ្មីៗនេះ ព័ត៌មានលេច ឮថ្មី មួយទៀតថា តារាកំប្លែងមេម៉ាយចាយរាងកូនមួយ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ក៏មានអ្នក សម្បូរលុយ ចំណាយទិញផ្ទះល្វែងល្អប្រណិតមួយ តម្លៃ រាប់ម៉ឺនដុល្លារឲ្យនាង ទុកជាកាដូសាង គ្រួសារផងដែរ ។

កន្លងមក តារាកំប្លែងនាង ខ្ញុង ធ្លាប់បានត្អូញត្អែរ ពីការលំបាកវេទនារបស់នាង ដែលរស់នៅជួល ផ្ទះគេ និងមានក្តីស្រមៃចង់មានផ្ទះ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនសម្រាប់នាង រស់នៅជាមួយកូន។ ប៉ុន្តែក្តីស្រមៃនោះ នាងមិនទាន់ដឹងថា អាចក្លាយជាការពិតនៅពេលណាទេ ព្រោះថាពេលនេះ ចំណូលបានមកពីសិល្បៈ ត្រូវបែងចែកការចំណាយ ទាំងស្រុងក្នុងមួយខែៗ ស្ទើរគ្មានសល់ ដូច ពាក្យ ចាស់ពោលថា “ទូកធំក្តោងធំ” ។ ប៉ុន្តែពេលនេះស្ងាត់ៗ ស្រាប់តែតារាស្រីរូបនេះ សម្រេចចិត្ត រើឥវ៉ាន់ ទៅរស់នៅលើផ្ទះល្វែងមួយកន្លែងនៅម្តុំបុរីពិភពថ្មី ក្បែរផ្ទះដៃគូសម្តែង នាយ ពាក់មី ដែល ធ្វើឲ្យទស្សនិកជនមាន ចម្ងល់កាន់តែខ្លាំង ។

ជួបជាមួយ LookingTODAY ដោយផ្ទាល់ អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងថា ផ្ទះល្វែងដែលនាង រើ ទៅរស់នៅនោះមិនមែនជាផ្ទះជួលគេ ដូចមុនទេ វាគឺជាផ្ទះថ្មី ដែលទើបតែទិញ ហើយលុយទិញ ផ្ទះនេះ នាងគ្មានសមត្ថភាពក្នុងការទិញទេ គឺមានគេទិញឲ្យនាង ។ អ្នកដែលទិញផ្ទះ ឲ្យនាងនោះ គេជាអ្នកមានលុយធ្លាប់ បានជួយនាងជាច្រើន ចាប់តាំងពីនាងចូលសិល្បៈ រហូតមកដល់ពេល នេះ គាត់ជាបងស្រីធម៌ របស់នាង។

តារាកំប្លែងសម្ដីហូរដូចទឹក រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ផ្ទះនេះបងស្រីធម៌របស់ខ្ញុំ គឺម្ចាស់ ហាងសម្អាងការ សុខគាប៊ូតា ទើបតែទិញឲ្យ។ ខ្ញុំនៅមិនទាន់មានគម្រោងថា រៀបចំកម្មវិធីឡើង ផ្ទះនេះ នៅពេលណាទេ គឺរង់ចាំបងស្រីគាត់ត្រឡប់មកពីអូស្ត្រាលីសិន បានរៀបចំពិធី ព្រោះខ្ញុំចង់ រង់ចាំគាត់ ឲ្យគាត់ចូលរួមកម្មវិធីក្នុងថ្ងៃនោះ ។ ដូច្នេះខ្ញុំនៅមិនទាន់ច្បាស់ ពីគម្រោងធ្វើពិធីឡើង គេហដ្ឋានថ្មីនេះទេ ។ ម្យ៉ាងសម្រាប់រឿងតម្លៃផ្ទះថា ទិញអស់ប៉ុន្មានម៉ឺនដុល្លារនោះ ខ្ញុំមិនចង់ និយាយទេ ព្រោះបើនិយាយគេថា ខ្ញុំអួត...”។

អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងសប្បាយចិត្ត ដែលពេលនេះ មានផ្ទះរស់នៅជា កម្មសិទ្ធិខ្លួនឯង ទោះជាពេលទិញដាក់ឈ្មោះបងស្រីធម៌ក៏ដោយ ។ អ្វីដែលនាងមានរាល់ថ្ងៃនេះ ក៏ដោយសារតែមានការជួយជ្រោមជ្រែង ពីបងស្រីធម៌ គឺម្ចាស់ហាងសម្អាងការ សុខគាប៊ូតា នេះ តែម្តង។ កាលពីមុនយើងធ្លាប់តែ ជួលផ្ទះគេរស់នៅ តែពេលនេះ បែរជាមានផ្ទះខ្លួនឯង នាង សប្បាយចិត្ត ដល់ថ្នាក់ឡើងទម្ងន់ ១០គីឡូរទៅហើយ ។ បើទោះជាពេលនេះ នាងមានគ្រប់យ៉ាង នៅជិតខ្លួនហើយក៏ដោយ សម្រាប់រឿងគូស្រករ នៅមិនទាន់ចាប់ផ្តើមគិតទេ ព្រោះថាកំពុង សប្បាយចិត្ត ចំពោះអ្វីដែលនាងមាន មិនចង់បានអ្វីលើសនេះ ជាពិសេស គឺរស់នៅជាកូនជាទី ស្រឡាញ់ គ្រប់គ្រាន់ពេកហើយសម្រាប់ជីវិត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khnhong entertainment khmer super star ខ្ញុង