CamNews

ព័ត៌មានជាតិ 

ករណីគូស្នេហ៍ វ័យក្មេង ចាក់សម្លាប់គ្នា នៅស្រុកកងមាស តួអង្គប្រុសថា ពួកគេ ទាំង២នាក់ សុខចិត្តស្លាប់

កំពង់ចាម ៖ ករណីគូស្នេហ៍ វ័យក្មេង ដែលចាក់សម្លាប់គ្នា នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាមនោះ ត្រូវបានមន្រ្តីនគរបាល អះអាងថា ពួកគេ ទាំង២នាក់ បានជ្រើសរើស ផ្លូវស្លាប់ ជាមួយគ្នា ក្រោយពីដឹងថា នារីជាសង្សា ត្រូវបាន ឪពុកម្តាយ សម្រេចភ្ជាប់ពាក្យ ជាមួយបុរសផ្សេង ។ នេះបើតាមការ សារភាព របស់ យុវជន ជាសង្សា ដែលកំពុង ជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត បានប្រាប់ សមត្ថកិច្ច យ៉ាងដូច្នេះ។

មន្រ្តីនគរបាល ស្រុកកងមាស បានឲ្យដឹងថា ក្រោយពីមាន ការណែនាំ របស់ស្នងការនគរបាល ខេត្តកំពង់ចាម ឲ្យធ្វើការតាមដាន ករណីមួយនេះ ដោយយកចិត្តទុកដាក់ ជាទីបំផុតនោះ មន្រ្តីនគរបាលជំនាញ បានចុះទៅដល់ មន្ទីរពេទ្យកាល់ម៉ែត បន្តសាកសួរ យុវជនរងគ្រោះ អំពីដំណើរឿង ។

 តាមរយះការ ជជីកសួរនាំ តាមជំនាញរបស់ខ្លួនមកនោះ មន្រ្តីនគរបាល បានបញ្ជាក់ថា យុវជន ទី រដ្ឋា មិនទាន់ប្រាប់ឲ្យ លំអិតនូវរឿងរ៉ាវទាំងអស់នោះឡើយ ពីព្រោះរូបគេ ស្ថិតក្រោមការ ជួយសង្គ្រោះបន្ទាន់ ដោយមិនអាចនិយាយបាន ប៉ុន្តែរូបគេ អាចធ្វើកាយវិការ និងចេះវាយអក្សរ តាមទូរស័ព្ទ ជាភាសាអង់គ្លេស ដែលអាចឲ្យ សមត្ថកិច្ច បានដឹងខ្លះៗ ។

បើតាមមន្រ្តីនគរបាល ដែលចុះទៅសួរនាំ ផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែតនោះ បានដងស្រង់សំដីរបស់យុវជន ទី រដ្ឋា យ៉ាងដូច្នេះថា «ខ្ញុំអាចមានជីវិតរស់នៅ បើលីនដា នៅជិតខ្ញុំ ពួកយើង និយាយទៀតថា ស៊ូស្លាប់ជាមួយគ្នា មិនព្រមឲ្យ នរណាមកជិតអូន ក្រៅពីខ្ញុំ គ្មាននរណាខុសទេ នាងក៏យល់ព្រមដែរ»។

យុវជនរងគ្រោះ បានបន្តទៀតថា «យើងខ្ញុំទាំង២នាក់ ព្រមស្លាប់ជាមួយគ្នានេះ បើម៉ែបំបែកខ្ញុំ គ្មានអ្នកទី៣ទេ ស្រីចាក់មួយ ខ្ញុំចាក់មួយ មិនដឹងថា នរណាចាក់មុនទេ ខ្ញុំភ្លេចហើយ កាំបិតនេះ ខ្ញុំយកមកចិតអីស៊ីទេ យកមកពីផ្ទះ ខ្ញុំចាក់៣ នាងចាក់២»។

យ៉ាងណាក៏ដោយ នេះជាការសារភាពមួយផ្នែក របស់ជនរងគ្រោះ តែសមត្ថកិច្ច ជំនាញ បាននិងកំពុងបន្តសួរនាំ និងតាមដានបន្តទៀត ខណៈស្ថានភាពជំងឺ របស់ជនរងគ្រោះ មិនទាន់ធូរស្រាលនៅឡើយទេ»។

សូមបញ្ជាក់ថា ករណីវិបត្ដិស្នេហ៍ក្រុមយុវវ័យថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ខណៈដែលពួកគេ ទាំងពីរនាក់ ជាសង្សារនឹង គ្នានេះ បានទៅរៀនគួរសម្រាប់ត្រៀមចូល រៀនថ្នាក់ទី១១ឆ្នាំនេះ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ស្រុកកងមាស ខេត្ដកំពង់ចាម បាននិយាយថា នារីរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ ឈ្មោះធី លីនដា អាយុ១៩ឆ្នាំ រស់នៅភូមិកោះតាង៉ោលទី៣ ឃុំសូគង ស្រុកកងមាស ខេត្ដកំពង់ចាម មានស្នាមចាក់ដោយ កាំបិតចុងស្រួច ចំគល់ ដោះខាងស្ដាំមួយកន្លែង ស្នាមចាក់លើក្បាល ពោះចំនួន៣កន្លែង ស្នាមចាក់លើខ្នងចំនួន៣ កន្លែង រីឯយុវជនជាសង្សារឈ្មោះទី រដ្ឋា អាយុ២០ឆ្នាំ រស់នៅភូមិបឹងសាងលិច ឃុំ សូគង ស្រុកកងមាស រងរបួសចំដៃខាងឆ្វេង ពីរកាំបិត និងក្រោមចុងដង្ហើមមួយកាំបិត ហើយបច្ចុប្បន្នយុវជនរូបនេះ កំពុងជួយ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង ពីរនាក់ បានចូលទៅក្នុងបន្ទប់ថ្នាក់រៀនមួយ ដែលគ្មានសិស្ស ស្រាប់តែមានករណីចាក់ ស្នាមរបួសទាំងសង ប៉ុន្ដែដោយសារស្ថាន ភាពរបួសធ្ងន់ធ្ងរជាងយុវជនជាសង្សារនោះ នារីជាសង្សារធី លីនដា បានស្លាប់តែម្ដងទៅ ដែលការធ្វើអត្ដឃាតខាងលើនេះ ត្រូវបាន សមត្ថកិច្ចសន្និដ្ឋានថា អាចផ្ដើមចេញពីវិបត្ដិ ស្នេហ៍របស់ពួកគេទាំងពីរនាក់ ។

ជុំវិញករណីខាងលើនេះ អធិការនគរបាល ស្រុកកងមាស លោកស សារិទ្ធ បានថ្លែងឱ្យ ដឹងថា បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញរបស់ លោក កំពុងបន្ដធ្វើការស្រាវជ្រាវតាមរយៈ ការទៅសួរនាំយុវជនរងគ្រោះ ដែលកំពុង ជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបូមឈាមកកចេញពីបេះដូង ។

លោកស សារិទ្ធ មិនទាន់ហ៊ានបញ្ជាក់ជា ផ្លូវការនៅឡើយទេ ប៉ុន្ដែតាមការសួរនាំជា ជំហានដំបូងនោះ នារីរងគ្រោះត្រូវឪពុកម្ដាយ របស់នាងតម្រូវឱ្យភ្ជាប់ពាក្យជាមួយបុរស ម្នាក់ផ្សេងទៀត ដូច្នេះហើយធ្វើឱ្យយុវជនជា សង្សារនោះ បែកគំនិត ហើយឈានទៅដល់ ការប្រព្រឹត្ដទង្វើបែបនេះ ពោលមានន័យថា បើនាងបានទៅគេ នោះពួកគេទាំងពីរនាក់ និងស្លាប់ទាំងអស់គ្នា ។

ប្រជាពលរដ្ឋ នៅក្នុងភូមិ កើតហេតុបាន និយាយថា នារីរងគ្រោះ ត្រូវចូលរោងភ្ជាប់ ពាក្យនៅថ្ងៃទី០៣ ខែតុលា ជាមួយអនាគត ប្ដីរបស់នាង ប៉ុន្ដែថ្ងៃភ្ជាប់ពាក្យប្រែក្លាយជា ថ្ងៃបុណ្យសពទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh