ភ្នំពេញ៖ ចំណងស្នេហ៍ធ្លាប់លាក់បាំង អស់រយៈជាច្រើនឆ្នាំ របស់អតីតតារាសម្ដែង និងជាពិធីការិនី ស្រីតូច ចំណាន ជាមួយនឹងមហាសេដ្ឋីដ៏ ល្បីល្បាញខាងជំនួញ រកស៊ីគ្រប់ប្រភេទ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានប្រភពព័ត៌មាន ច្បាស់ការណ៍មួយធ្លាយចេញ ពីមន្ត្រីរាជរដ្ឋាភិបាល ដែលជាអ្នកជិតស្និទ្ធ នឹងអ្នកឧកញ៉ា ទម្លាយឲ្យដឹងថា នឹងត្រូវចូលរោងការក្រាបផ្ទឹមសំពះ តាមប្រពៃណីខ្មែរនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ខាងមុននេះ ដោយពិធីមង្គលការ ត្រូវគេរំពឹងថា នឹងមានមន្រ្តីរដ្ឋាភិបាលថ្នាក់កំពូលៗ ចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ ខណៈដែលចំណងស្នេហ៍នេះ ក៏ទទួលបានការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាលផងដែរ។
បើយោងតាមប្រភពពីមន្រ្តីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និងជាអ្នករាប់អានជិតស្និទ្ធ ជាមួយនឹងអ្នកឧកញ៉ា គិត ម៉េង បានថ្លែងបង្ហើបឲ្យដឹងថា រឿងនេះ បានបែកធ្លាយជាច្រើនថ្ងៃមកហើយ ដោយលោកបាន ឮគេពិភាក្សាគ្នាយ៉ាងច្បាស់ ពីពិធីមង្គលការរបស់លោកឧកញ៉ា និងអ្នកនាង ស្រីតូច ចំណាន ពីសំណាក់មន្រ្តីធំមួយចំនួន ជាពិសេសក្នុងស្ថានីយទូរទស្សន៍ CTN ក៏ត្រូវបានគេនាំគ្នា និយាយព្រោងព្រាតដែរ ។ ប្រភពនោះបានបន្ថែមថា" គ្រួសារបែបអភិជន ជាមួយអតីតជាអ្នកសិល្បៈនេះ មានចំណងស្នេហ៍ ជាមួយគ្នាយូរហើយ ព្រមទាំងមាន កូនប្រុសស្រីដល់ទៅ៤នាក់ហើយ ល្មមអាចដល់ពេលគិតគូ អ្វីមួយដើម្បីមកបញ្ជាក់ពីក្ដីស្នេហ៍ ដ៏គួឲ្យកោតសរសើរនេះហើយ ព្រោះការពិតនៅតែជាការពិត នឹងមានមនុស្សច្រើន នាក់ណាស់ចាំជួយអបអរគាត់"។
នៅពេលលេចធ្លាយដំណឹងនេះ ទាំងមជ្ឈដ្ឋានអ្នកសិល្បៈ ក៏ដូចជាអ្នកជំនួញធំៗ និងមន្រ្តីធំជាច្រើនក្នុងប្រទេស បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងមិននឹកស្មានថា កំលាំងចិត្តស្មោះ ភាពអត់ធ្មត់សង្កត់ចិត្ត របស់អ្នកនាង ស្រីតូច ចំណាន អាចយកឈ្នះ ចិត្តលោកឧកញ៉ា រហូតឈានដល់ដំណាក់កាល អាពាហ៍ពិពាហ៍មួយដ៏ពិ តប្រាកដបានកើតឡើង ខណៈដែលគេដឹងហើយថា លោកឧកញ៉ា ជាបុរសសម្បូរស្នេហ៍ ហើយមានមនុស្សស្រីច្រើន តែងប្រាថ្នាចង់បាន រូបគាត់ ជាគូទៅថ្ងៃអនាគត៕