CamNews

ព័ត៌មានជាតិ 

ម្ចាស់ដេកលក់ ឡើងលួចខ្សែក និងទ្រព្យសម្បត្តិ ត្រូវនគរបាល ឃាត់ខ្លួន បញ្ជូនទៅ តុលាការ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន  កាលពីវេលាម៉ោង ៤ទៀបភ្លឺ
ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ បន្ទាប់
ពីមាន ប្រជាពលរដ្ឋម្នាក់ប្តឹងថា ជននេះបានធ្វើសកម្មភាព  ឡើងលើផ្ទះ  របស់គាត់  លួចមាស
ប្រាក់ និងទ្រព្យសម្បិត្តផ្សេងៗ ពេលរាត្រី ខណៈពួកគាត់ កំពុងលង់លក់នឹងដំណេក។

លោកឃុត ចាន់ហេង នាយផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា
ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះពិន ខាត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ
ក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរមិន ពិត ប្រាកដ។ ក្រៅពីនេះ សមត្ថកិច្ចបានដកហូត
នូវវត្ថុតាងដូចជា៖ ខ្សែកមាសទម្ងន់  ៣ជីកន្លះ ទូរស័ព្ទដៃ ២គ្រឿង និង ប្រាក់ ចំនួន១៥០០បាត
ពីជនសង្ស័យ។

លោកសៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច
យើងធ្វើឡើង បន្ទាប់ពី មានពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះសួន វណ្ណី ភេទស្រីអាយុ៣១ឆ្នាំ ថាមាន
ករណី ចោរចូលលួច ទ្រព្យសម្បិត្តទាំងយប់ ខណៈនាង កំពុងដេកលើផ្ទះ ទើបកម្លាំងនគរបាល
របស់លោកចុះទៅអន្តរាគមន៍ ក៏ឈានដល់ការចាប់ខ្លួន ជនសង្ស័យបានសម្រេច តែ ម្តង។

បច្ចុប្បន្នទ្រព្យទាំងអស់ ដែលដកហូតបានពីចោរ នគរបាលបានប្រគល់ជូនទៅជនរងគ្រោះវិញ
អស់ហើយ។ ដោយឡែកចោរមុខស្រស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ
មានជ័យ ដើម្បីឲ្យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News