ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការ ជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកប្រតិបត្តិការធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ដ៏សកម្ម២នាក់ នៅក្នុងទឹកដី ខណ្ឌចំការមន រួចហើយនាំ ទៅឃាត់ខ្លួន ជនសង្ស័យ ម្នាក់ទៀត នៅទឹកដីខណ្ឌទួលគោក ។
ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានរឹបអូស រថយន្ត មួយគ្រឿង ម៉ូតូមួយគ្រឿង និងថ្នាំញៀន ប្រមាណ៦ជី (១ជី តម្លៃប្រហែល៣០០ដុល្លារ) ផងដែរ។
លោកវរសេនីយ៍ទោ ប៊ន សំអាត នាយការិយាល័យ ប្រឆាំងការជួញដូរ គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់ ខាងលើនេះ ដែលត្រូវកម្លាំង សមត្ថកិច្ច របស់លោកចាប់ខ្លួននេះ គឺជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្ម ជាពិសេសនោះ ពួកគេបានប្រើប្រាស់ រថយន្ត ចែកចាយតាមខេត្ត និងក្នុងរាជធានីភ្នំពេញ គឺប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ច្រើនជាងគេ ។
លោក ប៊ន សំអាត បានបញ្ជាក់ថា ក្រោយពីមានបទបញ្ជាពី សំណាក់ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការសម្របសម្រួល តាមផ្លូវច្បាប់ ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះ លោកបានដឹកនាំកម្លាំង នគរបាល ជំនាញ ធ្វើការស្រាវជ្រាវ ទើបឈានទៅដល់ ការចាប់ខ្លួន សង្ស័យទាំងនេះ។
បើតាមលោក ប៊ន សំអាត ជនសង្ស័យទី១ឈ្មោះ សាន សិត អាយុ៣៦ឆ្នាំ រស់នៅ ខេត្តកំពង់ធំ ដែលត្រូវចាប់ខ្លួន នៅខណ្ឌចំការមន ដោយរឹបអូសរថយន្ត មួយគ្រឿង ម៉ាកឆ្លាម ពាក់ស្លាកលេខ កណ្តាល 2A-2515 ។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងសមត្ថកិច្ច បានឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ឃុំ សុធា អាយុ៣១ នៅម្តុំរង្វង់ មូលទួលគោក កាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយរឹបអូសម៉ូតូធន់ធំ មួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងការជួញដូរ គ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល