កណ្តាលៈ ក្មេងស្រីដែលមានអាយុ៥ឆ្នាំម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ខណៈក្មេងស្រីរងគ្រោះ បានចេញពីបន្ទប់ទឹក ហើយបានតោងលេងជាមួយនឹងបណ្តុំខ្សែភ្លើងដោយមានភ្ជាប់ចរន្តអគ្គិសនី ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ ខុម ស្រីកា ភេទស្រី អាយុ៥ឆ្នាំ មានឪពុកឈ្មោះញ៉ាម. ខុម អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ម្ដាយឈ្មោះ មិន សុម៉ាលី អាយុ៣១ ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៥ និង៣០ នាទី ស្តី្រជាម្ដាយក្មេងស្រីរងគ្រោះ កំពុងកាប់ដើមពោត អោយគោស៊ី។ ចំណែកក្មេងស្រីរងគ្រោះ បានចូលងូតទឹកក្នុងបន្ទប់ទឹក រួចចេញក្រៅបន្ទប់ទឹក ក៏បានតោងកាន់ខ្សែភ្លើងអគ្គិសនី មានភ្ជាប់ព្រី បណ្ដាលអោយឆក់ ពេលនោះម្ដាយ-ឪពុកក្មេងស្រីរងគ្រោះ ឃើញទាន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្រុកស្អាង ប៉ន្តែក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ ត្រូវបាន ក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល