ភ្នំពេញ៖ ការកើនឡើងដ៏ច្រើនសន្ធឹកសន្ធាប់នៃចំនួនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុង និងការហូរចូលនៃ ជនចំណាកស្រុកមក ពីទីជនបទ ព្រមទាំងភ្ញៀវទេសចរ បរទេសផងនោះ បាននិងកំពុងជំរុញឱ្យ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ នានាពិនិត្យមើលនូវការ ដាក់បញ្ចូលតំបន់ថ្មី មួយចំនួនទៀតទៅក្នុង ប្លង់គោលមេសម្រាប់ ការពង្រីករាជធានី នាពេលអនាគត។
លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីរក្សាអត្តសញ្ញាណទីក្រុងភ្នំពេញ ជាទីក្រុងចតុមុខ ការលើកកម្ពស់ តំបន់ប្រវត្តិសាស្ត្រ និងការកំណត់ តំបន់កសិកម្មជាយក្រុង សាលារាជធានីភ្នំពេញ បានឯកភាពលើសំណើរបស់ក្រសួងមហាផ្ទៃ និង ក្រសួងរៀបចំផែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការដាក់បញ្ចូលតំបន់អរិយក្សត្រ ទៅក្នុងប្លង់ គោល សម្រាប់រាជធានីភ្នំពេញ នាឆ្នាំ២០២០។
លោកអភិបាលរាជធានី បានឱ្យដឹងទៀត ថា ការឯកភាពនេះ ត្រូវបានធ្វើឡើងនៅចុងខែ កញ្ញា កន្លងទៅ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងប្លង់គោល ក្នុងការប្រើប្រាស់ដីនៅ រាជធានីភ្នំពេញ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពីមានការ ពិភាក្សាផ្លាស់ប្តូរយោបល់ រវាងមន្ត្រីមកពីគណៈ កម្មការរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្នាក់ជាតិ ជាមួយនឹងមន្ត្រីដែលមកពីស្ថាប័ន ពាក់ព័ន្ធ ចំនួនប្រមាណជា២០ផ្សេងទៀត។
លោកអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការដាក់បញ្ចូល តំបន់អរិយក្សត្រ ទៅក្នុងប្លង់មេរបស់ក្រុង គឺ ជាការបង្ហាញនូវប្លង់គោលខ្នាតធំមួយសម្រាប់រាជធានីភ្នំពេញ នាពេលអនាគត ឬអាចនិយាយ បានថា នៅពេលដ៏ខ្លីខាងមុខ ក្រសួងនឹងធ្វើផែន ការស្តីពីការប្រើប្រាស់ដីនៅតាមបណ្តាខណ្ឌ និង សង្កាត់បន្ថែមទៀត ដើម្បីឱ្យគម្រោង អាចអនុវត្ត បានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បាន គូសបញ្ជាក់ថា “ការកំណត់នូវប្លង់គោលនេះ គឺ សំខាន់បំផុត សម្រាប់ជួយរៀបចំ ហេដ្ឋារចនាសម្ព័ន្ធធំៗ និងកំណត់ចក្ខុវិស័យ អភិវឌ្ឍន៍ឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥។ យើងនឹងប្រជុំកែប្រែឡើងវិញ រាល់៥ឆ្នាំម្តង ជាមួយនឹងប្លង់នេះ ដើម្បីដោះស្រាយ បញ្ហាដែលជួបប្រទះ”។
ផ្អែកតាមគម្រោងដែលគេបានរំពឹងទុកតំបន់អរិយក្សត្រ នឹងត្រូវគេរៀបចំអភិវឌ្ឍជា តំបន់លំនៅឋាន តំបន់វប្បធម៌ប្រវត្តិសាស្ត្រ តំបន់ ពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងសម្រាប់ធ្វើ ទេសចរណ៍ផងដែរ ហើយតំបន់ (អិរយក្សត្រ) នេះ ជាផ្នែកមួយនៃរាជធានីភ្នំពេញ ពីព្រោះថា តំបន់នេះ ស្ថិតនៅជាប់នឹងដងទន្លេមេគង្គ ដែល ជាវាលទំនាបមួយសម្បូរ ទៅដោយទេសភាព ដ៏ល្អប្រណីតគួរឱ្យចង់គយគន់ និងរស់នៅរបស់ មនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ពណ៌សម្បុរ។
ក្រៅពីត្រៀមដាក់បញ្ចូលតំបន់អរិយក្សត្រ ទៅក្នុងប្លង់គោលទីក្រុង សម្រាប់ឆ្នាំ២០២០ នោះ ដែរ សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ក៏មាន គម្រោងសាងសង់ស្ពាន ចំនួន២បន្ថែមទៀតនា ពេលឆាប់ៗ ខាងមុខនេះ ដែលទីតាំងទី១ ស្ថិត នៅត្រង់កំពង់ចម្លងស្វាយជ្រំ និងទីតាំងទី២ ស្ថិត នៅភូមិក្តីតាកុយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។
គួររំព្ញកផងដែរថា កាលពីពេលថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យករាជធានី ភ្នំពេញ ធ្វើជាប៉ូលអភិវឌ្ឍស្នួលរបស់ប្រទេស ក្នុង នោះ មានការបម្រុងទុកនូវប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធមេចាំបាច់មួយចំនួន ក្នុងកម្រិតរបៀបជា ទីក្រុងធំ ប្រកបដោយគុណភាពអន្តរជាតិ ដែល មានលក្ខណៈភូមិសាស្ត្រធំទូលាយ មានទេសភាព ស្រស់ស្អាត និងមានការទាក់ទាញបំផុត៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល