ភ្នំពេញ ៖ អតីតកីឡាប្រដាល់ សេរីដ៏ល្បីឈ្មោះ មួយរូប នៅក្នុងប្រទេសកម្ពុជា គឺកីឡាករ ឡោ សំណាង និងក្រុមគ្រួសារ របស់ខ្លួន សុំទទូចអង្វរក ដល់រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន ផ្ដល់ភាពយុត្ដិធម៌ និងផ្ដល់ដំណោះស្រាយ តាមរយៈ ការជួយអន្ដរាគមន៍ ផ្ដល់មកវិញនូវសម្ភារៈ ទ្រព្យសម្បត្ដិ ក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដែលពួកគេ ខំកសាងតាំងពីឆ្នាំ២០០១ មកនោះ មកវិញ ក្រោយពីលោករដ្ឋមន្ដ្រីបាន បញ្ចប់កិច្ចសន្យា អាជីវកម្មផ្ញើកង់ និងម៉ូតូកាល ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។
ការអំពាវនាវ របស់អតីតកីឡាប្រដាល់សេរី លោក ឡោ សំណាង និងអ្នកស្រីចាំង គឹមហួ ជាម្ដាយ ខាងលើនេះ ក្រោយពីសម្ភារៈ និងទ្រព្យសម្បត្ដិ ដែលត្រូវកសាងអស់ជាច្រើន ក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងអំឡុង នៃការធ្វើអាជីវកម្ម ផ្ញើកង់ ម៉ូតូចាប់តាំងពី ឆ្នាំ២០០១មកនោះ ត្រូវបានលោករដ្ឋមន្ដ្រី សម្រេចឱ្យរក្សាទុក ក្រោយបិទអាជីវកម្ម ហើយអស់ រយៈពេលជាង៤ខែមកនេះ មិនទាន់មានដំណោះស្រាយ នៅឡើយនោះ ។ ជាមួយគ្នានេះ ក្រុមគ្រួសារលោក ឡោ សំណាង ក៏សុំឱ្យលោករដ្ឋមន្ដ្រី ជួយអន្ដរាគមន៍ ទៅថ្នាក់ដឹកនាំវិទ្យាល័យ ផ្ដល់ប្រាក់កក់ ចំនួន១១០០ដុល្លារ ត្រឡប់មកវិញផង ក្រោយ ពីបានប្រគល់ទៅ គណៈកម្មការសាលា ក្នុងគោលបំណង បន្ដអាជីវកម្មរយៈពេល៥ឆ្នាំ ប៉ុន្ដែ ត្រូវបានអាក់ខានទៅវិញ ក្រោយពីបង់ជូន កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនោះ ។
សម្រាប់ចំណាត់ការដ៏ទាន់ហន់ និងមិនបានហៅភាគីពាក់ព័ន្ធ ទៅសួរនាំក៏ដូចជា ការពិនិត្យ មើលពីដំណើររឿង ឱ្យបានល្អិតល្អន់របស់ លោករដ្ឋមន្ដ្រីនោះ ត្រូវបានអតីតកីឡាប្រ ដាល់សេរីរូបនេះ លើកឡើងថា «ក្រសួងមិន មានចំណាត់ការឱ្យយើងនោះឡើយ និងបិទ អាជីវកម្មរបស់យើង ទាំងអយុត្ដិធម៌ ដោយផ្ដើមចេញពីរឿងផ្សេង ដែលជាជម្លោះបុគ្គល និងបុគ្គល» ។ លោក ឡោ សំណាង បានបញ្ជាក់ទៀតថា នៅពេលដែលមាន របាយការណ៍ពីខាង សាលាដាក់ជូនភ្លាមៗ លោករដ្ឋមន្ដ្រីមិនមាន ចំណាត់ការ និងពិនិត្យមើល ឱ្យបានល្អិតល្អន់ នោះឡើយ ពោលត្រឹមតែធ្វើ ការសម្រេច ដោយគ្មានការសួរនាំនោះទេ ហើយថែមទាំង ប្រាប់មកវិញយ៉ាងខ្លីថា «រឿងនឹងអត់ថយ ក្រោយឡើយ» ។ អ្នកស្រី ចាំង គឹមហួ បានលើកឡើងថា សមិទ្ធផលជាច្រើន ដែលក្រុមគ្រួសាររបស់ អ្នកស្រីខំកសាងឡើង នៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដូចជា ការសង់ជម្រកឱ្យ សិស្ស កន្លែងអង្គុយលេង របងគ្រាក់ ក៏ដូចជា ប្រព័ន្ធលូ ជាដើមនោះ ឥឡូវមិនបានវិលត្រឡប់ មកវិញសោះនោះឡើយ ក្រោយពីខិតខំតាំង ពីឆ្នាំ២០០១មកម្ល៉េះ ។ សម្រាប់លុយកក់ ដែលត្រូវបង់ជូនសាលា ១១០០ដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ ត្រូវបានអ្នកស្រីចាំង គឹមហួ ប្រាប់ថា «សុខចិត្ដយកលុយទាំងនេះ ទៅបរិច្ចាគ ឱ្យកាកបាទក្រហម និងចែកអ្នកសុំទាន វិញប្រសើរ ជាង មិនសុខចិត្ដយកទៅឱ្យ មនុស្ស គ្មានចេះដឹងនោះឡើយ» ។ បើតាមលោក ឡោ សំណាង មូលហេតុធំ ដែលរដ្ឋមន្ដ្រី ក្រសួង អប់រំ សម្រេចបិទអាជីវ កម្មផ្ញើកង់ ម៉ូតូ របស់លោក ដោយសំអាងថា យកតម្លៃផ្ញើកង់ម៉ូតូ លើសពីសៀវភៅបន្ទុក ៣០០ទៅ៥០០រៀល ប៉ុន្ដែសម្រាប់ ម្ចាស់ អាជីវកម្មថ្មី ដែលសាលា បានប្រគល់ជូន តាមរយៈការដេញគម្រោងស្ងាត់ៗ កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅនេះ ក៏មានសេចក្ដីរាយការណ៍ថា យកតម្លៃពី ៣០០ទៅ៥០០ រៀលផងដែរ ខណៈដែលតម្លៃ ក្នុងសៀវភៅបន្ទុកមានត្រឹម២០០ទៅ ៣០០ រៀល ។ ឆ្លើយតបទៅនឹងការអំពាវនាវ សុំអន្ដរាគមន៍ ពីសំណាក់រដ្ឋមន្ដ្រី ក្រសួងអប់រំ លើសម្ភារៈ និងទ្រព្យសម្បត្ដិ របស់អតីតកីឡាករ ប្រដាល់ សេរីរូបនេះ អ្នកនាំពាក្យ ក្រសួងអប់រំ លោក រស់ សាលីន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ បានឆ្លើយយ៉ាងខ្លីថា «ខ្ញុំមិនទាន់ ទទួលបានព័ត៌មាននេះ នៅឡើយទេ ចាំខ្ញុំពិនិត្យ មើលសិន» ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ រដ្ឋមន្ដ្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានសម្រេច បិទអាជីវកម្ម របស់អ្នកស្រីចាំង គឹមហួ និងលោក ឡោ សំណាង ដោយបានចោទថា «រំលោភយ៉ាង ធ្ងន់ធ្ងរ មកលើសេចក្ដីថ្លៃថ្នូរ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយប្រើពាក្យសំដីមិនសមរម្យ ជេរប្រមាថ បង្កហិង្សា លើគ្រូបង្រៀន ព្រមទាំង បានរំលោភកិច្ចសន្យា និងលក្ខន្ដិកៈ ដោយ យកកម្រៃលើស កំណត់» ។ ចំពោះការលើក ឡើងដោយយកហេតុផល ទីមួយពីសំណាក់ លោករដ្ឋមន្ដ្រីនោះ ត្រូវបានក្រុមគ្រួសារ អតីតកីឡាប្រដាល់សេរីរូបនេះ ចាត់ទុកថា ជារឿងពីរដាច់ដោយឡែក មិនជាប់ពាក់ព័ន្ធ គ្នានោះឡើយ ហើយម្ដាយរបស់ខ្លួន បានយល់ ព្រមសងសំណង ៣០០០ដុល្លារ នៅចំពោះ មុខអាវុធហត្ថ ជូនភាគីម្ខាងទៀតផង ។
យ៉ាងណាក៏ដោយ សម្រាប់ការធ្វើអាជីវ កម្មផ្ញើកង់ ម៉ូតូ នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលខ្លួនធ្លាប់បាន ធ្វើតាំងពីឆ្នាំ២០០១មក នោះ ក្រុមគ្រួសាររបស់លោក ឡោ សំណាង បានអះអាងថា លែងចង់ធ្វើទៀតហើយ ក្រោយជួបរឿងអយុត្ដិធម៌បែបនេះ ដោយ គ្មានដំណោះស្រាយទាល់តែសោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល