CamNews

តន្រ្តី 

"សីលារីខដ" អាចធ្វើជាគំរូ កុំឲ្យផលិតកម្ម​ក្នុង​ស្រុក ចម្លង​បទ​ពី​បរទេស​បាន​ទេ ?

ភ្នំពេញ៖ កន្លងមក ធ្លាប់មានផលិតកម្មមួយចំនួន រងការរិះគន់ ពីប្រទេសជិតខាង ថា លួចបទចម្រៀង និងទំនុកភ្លេង ពីគេទាំង ស្រុង មកច្រៀង ធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅ ប្រទេសជាច្រើន ធ្វើការ រិះគន់ ជាបន្តបន្ទាប់ យ៉ាងចាស់ដៃ ទៅលើតារាចម្រៀង និងផលិតកម្មធំៗមួយចំនួននោះ ថាគិតតែចម្លង ពីគេ គ្មានគំនិតអ្វីថ្មី។

កាលពីទស្សវត្សរ៍ ទី៦០ និង៧០ សិល្បៈចម្រៀងខ្មែរ មានឈ្មោះបោះសំឡេងល្បីរន្ទឺ ធ្វើឲ្យមជ្ឈដ្ឋានជន ជាតិខ្មែរ ទាំងក្នុងប្រទេស ជាពិសេសឯនាយសមុទ្រ បង្ហាញការគាំទ្រយ៉ាងពេញចិត្ត ពេញថ្លើម និង សរសើរមិនដាច់ពីមាត់ ចំពោះអត្ថន័យ និងបទចម្រៀង មានន័យ ជ្រាលជ្រៅដក់ជាប់ក្នុង ក្រអៅបេះដូង អ្នកស្ដាប់ រហូតមកដល់សព្វថ្ងៃ។ រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម រ៉ុក ក៏បានជះពន្លឺឲ្យសិល្បៈ ចម្រៀងជាតិខ្មែរ ងើបឡើងវិញ ទោះបីជាផលិតកម្ម រ៉ុក ជាផលិតកម្មធំ និងត្រូវបានគេសម្លឹង ឃើញថា មានដើមទុនច្រើនក៏ដោយ តែការរកស៊ីលើ វិស័យចម្រៀងនេះ ពិតជាត្រូវការខ្លាំងណាស់ នូវអតិថិជន និងការគាំទ្រគ្រប់ទិសទី ។ ការគាំទ្រនោះ គ្មានអ្វីក្រៅពីអ្នកឧបត្ថម្ភ និងការទិញឌីស អូរីជីណល ដែល ផលិត និង ចែកចាយផ្ទាល់ ដោយផលិតកម្ម។ ដោយសារតែបែបនេះ បានជាធ្វើឲ្យផលិតកម្មមួយនេះ ប្រែក្លាយជាដេកដួលស្តូកស្តឹងទៅវិញ កាលពីរយៈពេលពី បីឆ្នាំកន្លងមកនេះ ក៏ព្រោះតែចំណូល មិន គាប់ប្រសើរ សមស្របទៅតាមការផលិត ដែលសម្រិតសម្រាំងបំផុត ទម្រាំចេញបានមួយអាល់ប៊ុមៗ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យខាងផលិតកម្មក្នុងស្រុក មានការបាក់ទឹកចិត្ត និងស្ទើរតែលែងមានទុន ក្នុងការបន្ត ដោយសារតែការមិនឲ្យតម្លៃគ្រប់គ្រាន់ ពីសំណាក់ជាតិសាសន៍ដូចគ្នា ព្រោះតែពួកគាត់ ជាវតែ CD, VCD និង DVD ថតចម្លង។ អ្នកគាំទ្រនៅស្រុកខ្មែរស្ទើរទាំងស្រុងទៅហើយ គឺបានតែនិយាយថាគាំទ្រ តែបើនិយាយពីទិញឌីសចម្រៀង គឺមិនដែលសោះ ។ បើទិញវិញ គឺភាគច្រើនបំផុតទិញឌីសថតចម្លង ខុសច្បាប់ បើទោះជាឌីសស្រ៊ីន ត្រូវខាងផលិតកម្មផ្ទាល់ បញ្ចុះមកនៅត្រឹម ៥០០០ រៀល ក៏ដោយ (តម្លៃដើម ៣ដុល្លារ)ក៏នៅតែ គ្មានទីផ្សារដដែល ។

និស្សិតបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំពេញ លោក វុត្ថា បានប្រាប់ LookingTODAY ថា “ខ្ញុំចូលចិត្តមើលវីដេអូ និង ស្តាប់ចម្រៀងខ្មែរ និងបរទេស តាម Youtube ខ្ញុំទទួលស្គាល់ថា បទខ្មែរយើងពីរោះច្រើនណាស់ ទាស់តែមួយមុខ គឺភាគច្រើនចម្លង ពីគេហ្នឹងហ្មង! កាលពីមុនចម្លងតាមថៃ ចិន តៃវ៉ាន់ អាម៉េរិក រហូតដល់ខ្វះចម្រៀងចម្លងខ្លាំងពេក ក៏ចម្លងចម្រៀងទាំងដុលពីវៀតណាម ដែលពីមុនវិស័យ ចម្រៀងប្រទេសនេះ មិនអាចប្រៀបនឹង ខ្មែរយើងបានផង ” ។

និស្សិតរូបនេះ បានប្រាប់បញ្ជាក់ទៀតថា “ មិត្តភក្តិរួមការងារខ្ញុំ គ្រួសារខ្ញុំ ចូលចិត្តជជែករឿង ចម្លងបទ ចម្រៀងពីគេហ្នឹងណាស់ ជាពិសេសពេល ចូលមើល Youtube ឃើញគេជេរបទខ្មែរយើង ព្រោងព្រាត ថាអត់ចេះបង្កើតខ្លួនឯង ចេះតែចាំចម្លងពីគេអត់ច្បាប់ទេអី បានឲ្យ ចម្លងបទគេចឹង? ទាំងនេះសុទ្ធតែ ជារឿង ដែលខ្ញុំមើលហើយ ឈឺចាប់ណាស់។ ខ្ញុំធ្លាប់រីករាយ និងមានមោទនភាពម្តងកាល ពីសម័យ មានផលិតកម្មរ៉ុក ហើយចម្រៀងកាលនោះពីរោះៗ មិនចាញ់បរទេសនោះទេ។ តែក្រោយមកក៏បាត់ ទៅវិញ ! ទើបតែពេលនេះខ្ញុំឮថា មានផលិតកម្ម សីលារីខដ (Seila Record) អះអាងថា នឹងមិនចម្លងគេ ខ្ញុំសូមគាំទ្រពេញទំហឹង ហើយសូម ផលិតកម្មផ្សេងៗ យកគំរូតាម ហើយខ្ញុំសូមឲ្យក្រសួងអនុវត្តន៍ច្បាប់ ឲ្យបានតឹងរ៉ឹង លើការថតចម្លងខុសច្បាប់ ” ។

គេនៅចាំបានថា បើទោះជាផលិតក្មរ៉ុក បានរលាយបាត់ពីវិស័យសិល្បៈ ក៏ដោយតែផលិតកម្ម មួយនេះ បានបន្សល់ទុកនូវ កវីនិពន្ធឆ្នើមមួយរូប គឺ លោក សួន ពិសិដ្ឋ ដែលបច្ចុប្បន្នលោក កំពុងតែបម្រើ ការងារ ផលិតកម្ម រស្មីហង្សមាស ដោយលោកបាននិពន្ធ បទចម្រៀងជាច្រើន បទឲ្យកំពូលតារា ចម្រៀង ព្រាប សុវត្ថិ បកស្រាយ ដោយបានទទួលការចាប់អារម្មណ៍ និង កោតសរសើរមិនដាច់ពីមាត់ ព្រោះវាជាស្នាដៃកូនខ្មែរ ពិតមិនចម្លងពីណាមកឡើយ ។ មតិជាច្រើនតាមបណ្តាញសង្គមនានា បាន ទទួលស្វាគមន៍នូវ ជំហានថ្មីនេះ និងសូមឲ្យផលិតករ ទាំងអស់ចាប់ផ្តើមពិចារណា លើកស្ទួយមុខមាត់ ជាតិឡើងវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: seila record entertainment music production សិលារីខដ