CamNews

ព័ត៌មានជាតិ 

នគរបាល ចាប់ខ្លួនកូនប្រុស រមិលគុណ វាយធ្វើបាបម្តាយ គ្មានថ្ងៃលោះ និងគំរាម សម្លាប់ចោល

កំពង់ចាម : កូនប្រុសរមិលគុណ ដែលតែងតែសងគុណ ម្តាយ ដោយការវាយតប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ គ្មានសល់ រហូតគំរាមសម្លាប់ ម្តាយចោលទៀតនោះ ត្រូវបានកម្លាំងមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចុះទៅឃាត់ខ្លួន ដើម្បីមានវិធានការណ៍ តាមផ្លូវច្បាប់ ។

ការឃាត់ខ្លួនកូនរមិលគុណ ចុះនរកប្រែត១៩ជាន់ របស់សមត្ថកិច្ចខាងលើនេះ បានធ្វើឡើង បន្ទាប់ពីស្ត្រីជាម្តាយ កែងស៊ូទ្រាំតទៅទៀតបាន រហូតដាច់ចិត្ត ដាក់ពាក្យបណ្តឹង អោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ ។

អធិការនគរបាលស្រុកជើង ព្រៃ ហេង វុទ្ឋី បានអោយដឹងថា ក្រោយពីកូនវាយធ្វើបាប និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិ នៅក្នុងផ្ទះគ្មានថ្ងៃលោះ ទើបស្ត្រីជាម្តាយ អ៉ឹម សុនរី អាយុ ៦១ឆ្នាំ រស់នៅភូមិ ប្រធាតុ ឃុំស្រមុរ បានដាច់ចិត្តមកដាក់ពាក្យ បណ្តឹងនៅកន្លែងសមត្ថកិច្ចរបស់លោក ។

លោក ហេង វុទ្ឋី បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយរួចមក នគរបាលរបស់លោក ដោយ មានបទបញ្ជាផ្ទាល់ ពីស្នងការនគរបាលខេត្ត បានចុះទៅឃាត់ខ្លួនជនបង្ក រូបនេះ ឈ្មោះ ម៉ិច មាឃ អាយុ ៤២ឆ្នាំ កាលពីវេលា ម៉ោង ៨និង៣០នាទី់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤។

បើតាមអធិការនគរបាល ស្រុកជើងព្រៃ ជនបង្កដែល វាយធ្វើបាបម្តាយខាងលើនេះ បានបំផ្លិចបំផ្លាញ ទ្រព្យ សម្បត្តិ និងចង់សម្លាប់ ម្តាយ ។ បច្ចុប្បន្នជនបង្ករូបនេះ ដែលព្រះប្រោសមិនរួច ត្រូវបានឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន ស្រុកជើងព្រៃ ដើម្បីបញ្ជូនទៅតុលារការ ចាត់ការតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលដឹងពីទង្វើវាយធ្វើបាប ម្តាយពីសំណាក់ជនបង្ករូបនេះ សូមអំពាវនាវអោយ សមត្ថកិច្ច និងមន្ត្រីតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងជាទីបំផុត ពីព្រោះស្ត្រីជាម្តាយ ដែលខំបង្កើត ខំចិញ្ចឹមបីបាច់ តាំងពីបាតជើងក្រហម បែរជាទទួលគុណ ដោយករវាយតប់ ជារៀងរាល់ថ្ងៃទៅវិញ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh