ភ្នំពេញ ៖ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានក្លាយជាម្ចាស់ជ័យលាភី ពានរង្វាន់ ទីតាំងបុរាណវិទ្យា ដែលមានអ្នកស្រឡាញ់ច្រើនបំផុត សម្រាប់ឆ្នាំ២០១៤ ដែលរៀបចំឡើង ដោយវិទ្យាស្ថានបុរាណវិទ្យា អាម៉េរិក ក្រោយទម្លាក់ប្រាសាទបុរាណ Caracol របស់ប្រទេសបេលីស ដែលជាគូប្រកួត នៅវគ្គចុងក្រោយ តាមរយៈការបោះឆ្នោត លើប្រព័ន្ធអនឡាញ ។
យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងទេសចរណ៍ ដែលមជ្ឈមណ្ឌលកំសាន្ត Looking TODAY ទទួលបាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ការទទួលពានរង្វាន់ កម្រិតពិភពលោកនេះ គឺជាមោទនភាពថ្មីមួយទៀត របស់កម្ពុជា និងសបញ្ជាក់ឲ្យឃើញ កាន់តែច្បាស់ អំពីកិច្ចប្រឹងប្រែង របស់កម្ពុជា ក្នុងការថែរក្សា និងអភិរក្សតំបន់បុរាណ វិទ្យាប្រវត្តិសាស្រ្តអង្គរវត្ត ឲ្យគង់វង្សស្ថិតស្ថេរយូរអង្វែង សម្រាប់ប្រជាជនជំនាន់ក្រោយ ។
ប្រភពខាងលើបន្តថា ពានរង្វាន់នេះ ត្រូវបានបង្កើតឡើង ដើម្បីអបអរសាទរ ទិវាបុរាណ វិទ្យាអន្តរជាតិ ដែលតែងតែប្រារព្ធឡើង នៅថ្ងៃសៅរ៍ សប្តាហ៍ទី០៣ តែតុលា ជារៀងរាល់ឆ្នាំ ។
ពាន់រង្វាន់នេះ មានការចូលរួមប្រកួតប្រជែង ពីទីតាំងបុរាណវិទ្យាល្បីៗចំនួន៣២នៅជុំវិញពិភពលោក ក្នុងនោះ អ្នករៀបចំកម្មវិធី ប្រើប្រាស់រយៈពេល១ខែ មុនទិវាបុរាណវិទ្យាអន្តរជាតិ ដើម្បីចម្រាញ់យកអ្នកឈ្នះ ។ ជារៀងរាល់ថ្ងៃអ្នកចូលរួម អាចបោះឆ្នោតឲ្យ តំបន់បុរាណវិទ្យា ដែលគេពេញចិត្ត ហើយតំបន់បុរាណវិទ្យា ដែលទទួលបានការគាំទ្រ ច្រើននឹងបន្តទៅ ប្រកួតប្រជែង ក្នុងវគ្គជម្រុះបន្ត បន្ទាប់រហូត ដល់វគ្គជ័យលាភីផ្តាច់ព្រ័ត្រ ។
សម្រាប់ឆ្នាំ២០១៤នេះ ការប្រកួតប្រជែង បានចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ក្នុងនោះប្រាសាទ អង្គរវត្ត ដែលជារាជធានីខ្មែរ ចន្លោះសតវត្សរ៍ទី ៩-១៥ និងជានិមិត្តរូបសិល្បៈ និងស្ថាបត្យកម្ម ដ៏មហាអស្ចារ្យ បានយកឈ្នះទីក្រុងបុរាណ Chaco Canyon របស់អាម៉េរិក នៅជុំដំបូង យកឈ្នះទីក្រុងបុរាណ Machu Picchu របស់ប៉េរូ នៅជុំទី២ កាលពីថ្ងៃទី២៩ ខែកញ្ញា យកឈ្នះទីក្រុងបុរាណ Cahokia របស់អាម៉េរិកនៅជុំទី៤ កាលពីថ្ងៃទី១៥តុលា និងបន្តយកឈ្នះទីក្រុងបុរាណ Caracol របស់បេលីស នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែតុលា ដើម្បីក្លាយជាម្ចាស់ ពានរង្វាន់ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំបន់អង្គរវត្ត បានជាប់ចំណាត់លេខ២ ជាតំបន់ដែល អ្នកប្រើប្រាស់ ចូលទស្សនាតាម Google Street View បន្ទាប់ពីលេខ១ធ្លាក់ទៅលើទីក្រុង ប៉ារីសប្រទេសបារាំង ។
លោក Michael Nelson តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ លើកឡើងថា បច្ចុប្បន្ននេះ ក្រោយពីការ រៀបចំធ្វើផែនទី និងការថត កន្លែងសំខាន់ៗ ដាក់ នៅក្នុងប្រព័ន្ធ Google បង្ហាញឱ្យឃើញថា តំបន់ដែលមានប្រជាប្រិយភាព ខ្លាំងជាងគេទី១ គឺទីក្រុង ប៉ារីស, ទី២តំបន់ អង្គរវត្ដ និងទី៣ មហាជ្រលង នៅសហរដ្ឋអាម៉េរិក ដែលកាលពីមុនកន្លែង នេះបាន ទទួលការគាំទ្រទី២ នៅក្នុង Google ។
លោកបន្ដថា «ឥឡូវនេះ តំបន់អង្គរវត្ដ របស់ប្រទេសកម្ពុជា បានក្លាយទៅជាកន្លែង ដែលមាន ប្រជាប្រិយ ភាពខ្លាំងជាងគេ ក្នុងចំណោមអ្នក ប្រើប្រាស់ផែនទី Google Street View នៅទូទាំងពិភពលោក»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល