CamNews

ព័ត៌មានជាតិ 

កម្មការិនី ២នាក់ ត្រូវអគ្គិភ័យ ឆាបឆេះគ្មានសល់ ខណៈបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ គ្រោះអគ្គិភ័យ ដ៏សន្ធោសន្ធៅកណ្តាលអាធ្រាត្រ បានឆាបឆេះផ្ទះ និងឆេះផ្តាច់ជីវិតកម្មការិនីរោងចក្រ តាំង សាំង ២នាក់ សល់តែគ្រោងឆ្អឹង ខណៈបុរសម្នាក់ ជាកូនម្ចាស់ផ្ទះជួលបានរងរបួសធ្ងន់ ពេលព្យាយាមចូល ជួយសង្រ្គោះកម្មការិនី ។

គ្រោះកាចអគ្គិភ័យ ក្នុងរាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានកើត ឡើង នៅវេលាម៉ោងប្រមាណ ១២ និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះ ជួលមួយកន្លែង ដែលសង់ពីឈើលើថ្មក្រោម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានបញ្ជាក់ថា កម្មការិនី ដែលត្រូវអគ្គិភ័យឆាបឆេះគ្មានសល់គ្រោងឆ្អឹងនោះ មានឈ្មោះ ធារី អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងម្នាក់ទៀតឈ្មោះ ពៅ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ទាំង២នាក់ ជាមិត្តភក្តិស្នាក់នៅផ្ទះជួលខាងលើជាមួយគ្នា បច្ចុប្បន្នបម្រើការងារនៅរោងចក្រ តាក់ សាំង។ រីឯ បុរសរងគ្រោះ ពេលព្យាយាមចូលជួយនារីរងគ្រោះ ជាកូនម្ចាស់ផ្ទះមានឈ្មោះ បញ្ញា អាយុ ២៧ឆ្នាំ ។

អ្នកស្រី សេរី បុត្រ ជាម្ចាស់ផ្ទះជួល ត្រូវអគ្គិភ័យឆាបឆេះខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលមានហេតុ នារីរង គ្រោះទាំង២នាក់ បានចេញទៅដើរលេង ព្រះរាជពិធីបុណ្យអុំទូក ហើយបានត្រឡប់មកផ្ទះវិញនៅម៉ោងប្រមាណ៩ និង០០នាទីយប់ថ្ងៃទី៦ ហើយក៏បានសម្រាកលង់លក់ដោយមិនមានរឿងអ្វីកើតឡើងឡើយ។ ប៉ុន្តែអ្វីជាការកត់ សម្គាល់នោះ នៅក្នុងកាបូបនារីរងគ្រោះម្នាក់ មានដបសុំាងមួយដប តែមិនដឹងជានារីរងគ្រោះយកមកធ្វើអ្វីនោះ ទេ ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងសន្ធោសន្ធៅចេញពីបន្ទប់ ដែលនារីរង ស្នាក់នៅតែម្តង ដោយមិនដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ។

ស្រ្តីជាម្ចាស់ផ្ទះ បានរៀបរាប់បន្តថា ក្រោយឃើញហេតុការណ៍ដូច្នេះ រូបគាត់ និងកូនប្រុស ក៏ស្រវាស្ទុះចេញពីក្នុង ផ្ទះហើយស្រែកឆោឡោឲ្យគេឯងជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។

បើតាមការគូសបញ្ជាក់ របស់ស្រ្តីម្ចាស់ផ្ទះ នៅក្រោយកើតហេតុភ្លាមៗ ដោយមិនឃើញនារីរងគ្រោះទាំង២នាក់ ចេញមកក្រៅ កូនប្រុសម្ចាស់ផ្ទះ ឈ្មោះ បញ្ញា នោះ បានស្ទុះចូលទៅខាងក្នុងផ្ទះវិញ ទាំងអណ្តាតភ្លើងកំពុងឆាប ឆេះ ដើម្បីសង្គ្រោះនារីទាំង ២នាក់ខាងលើ រហូតដល់ភ្លើងឆាបឆេះខ្លួនរបួសធ្ងន់។ ចំណែកនារីរងគ្រោះទាំង២នាក់ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្លួនប្រាណស្ទើរទាំងស្រុង នៅសល់គ្រោងឆ្អឹង និងបំណែកនៃដងខ្លួន បន្តិចបន្តួច។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ការឆាបឆេះខាងលើ អាចបណ្តាលមកពីការ ផ្ទុះ កំប៉ុងហ្គាស ព្រោះក្រោយកើតហេតុភ្លាមៗ គេឃើញមានបំណែក នៃកំប៉ុងហ្គាសជាច្រើន។

ក្រោយជួបគ្រោះអគ្គិភ័យបែបនេះ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព (ង៧០) ចំនួន ៥គ្រឿង បានទៅដល់ កន្លែង កើតហេតុភ្លាមៗ ប៉ុន្តែសមត្ថកិច្ចប្រើក្នុងការបាញ់ពន្លត់អណ្តាតភ្លើងអស់តែមួយគ្រឿងប៉ុណ្ណោះ។ ចំណែកទំហំ នៃការខូចខាត ពោលផ្ទះត្រូវឆាបឆេះអស់ជាង៨០ភាគរយ បូករួមជាមួយទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនធំទៀត។

សមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹងឲ្យខ្ពស់អំពីមូលហេតុ ក៏ដូចជាកត្តាផ្សេងៗ ដែលអាចបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះឡើង និង សូមឲ្យស្វែងយល់ឲ្យបានខ្ពស់អំពីវិធីទប់ស្កាត់ និងបង្ការ គ្រោះមហន្តរាយអគ្គិភ័យផ្សេងៗ ដែលតែងតែបង្កឲ្យខាតបង់ពេលវេលា ខូចខាតនូវទ្រព្យសម្បត្តិ និងតែងតែបង្កឲ្យមានមនុស្សរងរបួស និងស្លាប់ដូចទៅនឹងករណីអគ្គិភ័យផ្សេងៗ ដែលធ្លាប់កើតមាន នៅក្នុងរាជធានីភ្នំពេញ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh