ភ្នំពេញ៖ យុវជនម្នាក់ដែលមានស្នាមរបួសពេញខ្លួន បានធ្វើការអះអាងថា មានមនុស្សចំនួន ៦នាក់ស្លៀកពាក់ ឯកសណ្ឋាននគរបាលខ្លាហោះប្រដាប់ដោយអាវុធ ដំបងឆក់ បានស្ទាក់ឃាត់រូបគេ ខណ:កំពុងជិះម៉ូតូមួយគ្រឿងនៅម្ដុំអង់តែនទួលគោក ជាមួយប្អូនប្រុសដោយចោទថា រូបគេជាចោរឆក់ រួចហើយនាំយកទៅកន្លែងស្ងាត់ នៅក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវវាយសម្លុតដោះយកខ្សែដៃ ខ្សែក និងទូរស័ព្ទដៃ រួចបង្ខំឲ្យប្អូនប្រុសយកម៉ូតូទៅបញ្ចាំយកលុយមកឲ្យពួកគេទៀតផង ។
ហេតុការណ៍ខាងលើនេះត្រូវបានគេអះអាងថា កើតឡើងកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះនៅម្ដុំខាងជើងអង់តែនទួលគោក ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមការអះអាងពីជនរងគ្រោះ ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ម៉ូតូមួយគ្រឿង ត្រូវក្រុមជនសង្ស័យជាសមត្ថកិច្ចគាបស៊ី នាំឲ្យយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវ ខ្សែដៃទម្ងន់ ១តំឡឹង ចិញ្ចៀនទម្ងន់ ៥ជី ទូរស័ព្ទចំនួន ២គ្រឿង ។ មិនតែប៉ុណ្ណោះជនរងគ្រោះត្រូវជនសង្ស័យ ជាសមត្ថកិច្ចវាយអោយរងរបួសយ៉ាងដំណំ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់វែកមុខជនសង្ស័យឃើញនៅឡើយទេ ។
ក្នុងនោះគេនៅមិនទាន់ដឹងថា ជនសង្ស័យដែលវាយប្លន់ជនរងគ្រោះខាងលើ ជាជនខិលខូចបន្លំធ្វើជាសមត្ថកិច្ច ឬក៏ជាសមត្ថកិច្ចពិតប្រាកដយ៉ាងណានោះទេ។ តែបើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអះអាងថា ក្រុមវាយប្លន់ខាងលើពិតជាសមត្ថកិច្ច ហើយក្រុមខាងលើនេះក៏ឧស្សាហ៍គាបសុីរបៀបនេះញឹកញាប់មកហើយ ។ ដូច្នេះគេសង្ឃឹមថា លោកស្នងការនឹងស្រាវជ្រាវរកមុខឲ្យឃើញជាមិនខាន ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
ខាងក្រោមនេះវីដេអូរៀបរាប់របស់ជនរងគ្រោះនៅកន្លែងកើតហេតុ ៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល