(ភ្នំពេញ)៖ អាជ្ញាធរអប្សរាបានអះអាងថា នៅឆ្នាំ២០១៥កន្លងទៅ ការលក់សន្លឹកប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ ២ភាគរយ តែក្រសួងទេសចរណ៍បែរជាអះអាងថា ចំនួនភ្ញៀវទេសចរចូលទៅកម្សាន្តនៅខេត្តសៀមរាបអង្គរ ថយចុះប្រមាណ ០.២៥ភាគរយទៅវិញ។ ស្ថិតិខុសគ្នា នៃចំនួនអ្នកទេសចរទៅកម្សាន្តនៅខេត្តសៀមរាបអង្គរនេះ ហាក់បាននឹងកំពុងនាំឲ្យក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា មានការថ្នាំងថ្នាក់ជាមួយគ្នា។
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៥ មានចំនួន ៥,០១១,៣១៦នាក់ ថយចុះ០.២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៤។ ក្នុងនោះភ្ញៀវបរទេសមាន ២,១២៤,៨៦៣នាក់ ថយចុះ ៩.៦១ភាគរយ ភ្ញៀវជាតិមានចំនួន ២,៨៨៦,៤៥៣នាក់ កើនឡើង ៨ភាគរយ បើធៀបឆ្នាំ២០១៤។ ដោយឡែកអាជ្ញាធរអប្សរាវិញ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០១៥ មានចំនួន ២,១០០,០១៨នាក់ កើនឡើងប្រមាណ ២ភាគរយ ធៀបឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ ២,០៥៩,៧០២នាក់ ប៉ុណ្ណោះ។
អាជ្ញាធរអប្សរា បានអះអាងថា ចំនួនភ្ញៀវទេសចរនៅតែមានកំណើនក្នុងតំបន់អង្គរ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន។ កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពក្នុងប្រទេស ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរគ្រប់រូប ក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយកិត្តិស័ព្ទរបស់អង្គរ ដែលត្រូវសាធារណមតិបោះឆ្នោតគាំទ្រឱ្យជាប់លេខមួយផ្ទួនៗគ្នាថា ជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតនៅក្នុងគេហៈទំព័រ ArchaeoMadness ក្នុងឆ្នាំ២០១៤ Trip Adviser និង Lonely Planet ក្នុងឆ្នាំ២០១៥ ក៏ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។
ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាងមួយលាននាក់ ស្របពេលសេវាកម្មស្នាក់នៅមានស្តង់ដាត្រឹមត្រូវ ហើយអាហារមានគុណភាពខ្ពស់ និងអនាម័យល្អ។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃការងារអភិរក្សរបស់អាជ្ញាធរជាតិអប្សរា និងការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដើម្បីធានាសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកម្សាន្ត និងស្វែងយល់ពីតំបន់អង្គរ ក៏ជាចំណែកយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការទស្សនានៅតំបន់អង្គរ។
អាជ្ញាធរអប្សរា បានអះអាងថា យោងតាមការដាក់ចេញវិធានការ និងកត្តាទាក់ទាញជាច្រើន ដែលបានរៀបរាប់ខាងលើនេះ គឺគ្មានហេតុផលដែលនាំឲ្យភ្ញៀវទេសចរ ចូលមកទស្សនាក្រុងសៀមរាបអង្គរ ធ្លាក់ចុះនោះឡើយ។ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាសន្តិសុខ និងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ លើកតម្លៃប្រាសាទ និងផ្តល់នូវបទពិសោធទស្សនាដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូបនោះ អាជ្ញាធរអប្សរា បានអះអាងថា ការងារជាច្រើន ត្រូវបានរៀបចំជាបន្តបន្ទាប់ ដូចជាការគ្រប់គ្រងលំហូរភ្ញៀវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាចាំបាច់សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវ ការរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ ការកែលម្អសោភ័ណភាពនៅតាមប្រាសាទ ការដាក់អនុវត្តក្រមប្រតិបត្តិអង្គរ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរនៅតាមប្រាសាទ និង កិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ដែលមិនអាចខ្វះបាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី