ភ្នំពេញ៖ បន្ទាប់ពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបកស្រាយថា មួលហេតុដែលទាហាន វៀតណាម បាញ់ថ្នាំពុលលើដំណាំប្រជាពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ ដោយតែពួកគាត់បានដាំដំណាំ ចូលក្នុងទឹកដីវៀតណាមនោះ បានធ្វើឲ្យសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចេញប្រតិកម្មជាខ្លាំង ដោយបានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដកតំណែងលោកហោ ណាំហុងចេញ។
ការចេញមកស្រាយបំភ្លឺ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដោយសារលោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិក និងនិស្សិតមួយក្រុម ទៅពិនិត្យដំណាំពលរដ្ឋខ្មែរ ដោយសារវៀតណាមបាញ់ថ្នាំលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីបញ្ហាទាំងនេះ។
ក្នុងសេចក្តីថ្លែងការណ៍ របស់សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ បានចោទប្រកាន់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាបានប្រព្រឹត្តខុសច្បាប់រដ្ឋធម្មនុញ្ញ និងអសមត្ថភាព។
លោក ហោ ណាំហុង បានបញ្ជាក់នៅ ក្នុងលិខិតឆ្លើយតបទៅកាន់អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិថា ដោយសារប្រជាពលរដ្ឋកម្ពុជា បានកាន់កាប់ជាក់ស្តែង ចំនួន១០០ហិកតា ចូលដីវៀតណាម គណៈកម្មាធិការ ព្រំដែនក៏បានឯកភាពជាមួយភាគីវៀតណាម កែសម្រួល ខ្សែព្រំដែនចន្លោះ បង្គោល៩៤និង៩៥ ទៅតាមខ្សែព្រំដែន ដែលប្រជាជនខ្មែរបានកាន់កាប់ជាក់ស្តែង ស្របតាម អនុស្សារណៈយោគយល់ (MOU)។ តែឆ្នាំ២០១៥ ពលរដ្ឋកម្ពុជាបានដាំដំណាំ ចូលដីវៀតណាមចំនួន១៦,៦ហិកតា ថែមទៀត ដែលនាំឲ្យវៀតណាម មានប្រតិកម្ម បាញ់ថ្នាំបំពុល លើដំណាំកសិករខ្មែរ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំការបកស្រាយ ពីករណីនេះបានទេ នៅព្រឹកថ្ងៃ៦ ខែឧសភា៕