CamNews

ព័ត៌មានជាតិ 

បែកធ្លាយ លោកគ្រូ-អ្នកគ្រូ សាលាព្រះស៊ីសុវត្ថិ រិះគន់ គណៈគ្រប់គ្រងសាលា

ភ្នំពេញ៖ វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានលោកគ្រូ-អ្នកគ្រូភាគច្រើន នៅសាលាមួយនេះ រិះគន់គណៈគ្រប់គ្រងសាលាយ៉ាងចាស់ដៃទៅវិញ ពាក់ព័ន្ធនឹងបញ្ហាភាពជាអ្នកដឹកនាំ បក្សពួកនិយម ពុករលួយ និងបញ្ហាជាច្រើនទៀត។

ដោយនិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ អ្នកគ្រូបង្រៀនម្នាក់នៃវិទ្យាល័យមួយនេះ បានរៀបរាប់ថា ចាប់តំាងពីឡើង តែនាយកគ្រប់គ្រងសាលា ចាប់តំាងពីឆ្នាំ២០០៧មក គណៈគ្រប់គ្រងសាលាតែងតែមានបញ្ហាមិនដាច់ រហូតដល់លោកគូ្រ អ្នកគ្រូភាគច្រើន បាននាំគ្នាផ្តិតមេដៃប្តឹងទៅក្រសួងអប់រំ យុវជន និងកីឡា ចំនួន ០២ដងរួចមកហើយ ដើម្បីឲ្យរដ្ឋមន្រ្តី លោក ហង់ ជួនណារ៉ុន ចាត់វិធានការដោយបើកវេទិកាសាធារណៈ ក្រោមវត្តមានលោកផ្ទាល់ និងឈានទៅដល់ការបោះឆ្នោត ដកនាយកគ្រប់គ្រងចេញថែមទៀតផង។

នៅក្នុងពាក្យបណ្តឹងមួយ របស់លោកគ្រូ-អ្នកគ្រូទាំងនោះ ទទួលបាននៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា ការបោះឆ្នោតទំលាក់នេះ គឺជាការសម្តែងឆន្ទៈរបស់លោកគ្រូ អ្នកគ្រូ ប្រសិនបើមានការគំាទ្រលើសពី ៥០ភាគរយលើគណៈ គ្រប់គ្រងសាលា គឺសូមឲ្យបន្តទៀតចុះ ប៉ុន្តែបើសិនជាក្រោមនេះ សូមឲ្យដកចេញ និងជ្រើសរើសគណៈគ្រប់គ្រងសាលាថ្មីវិញ។

នៅក្នុងពាក្យបណ្តឹងនោះ គឺបានរៀបរាប់ជាច្រើនអំពីបញ្ហាអសកម្ម ក្នុងសាលារួមមាន ការគ្រប់គ្រងធូររលុង អនាធិបតេយ្យ បក្សពួកនិយម គ្រួសារនិយម សំឡុត គំរាមកំហែង ពុករលួយ ប្រើប្រាស់ថវិកាគ្មានតម្លាភាព គណនេយ្យភាព រួមទំាងបញ្ហាជាច្រើនទៀត។

បញ្ហាជាច្រើននោះ មានទំាងការយកលុយពីសិស្សចាប់ពី ២០ដុល្លារ ទៅដល់ជាង ១០០ដុល្លារ ជាថ្នូរនឹងការប្តូរថ្នាក់រៀន យកលុយពីសិស្សជាថ្នូរនឹងពិន្ទុ និងបានរៀនក្នុងថ្នាក់ល្អ បើទោះបីជាត្រូវដាក់សិស្សរហូតដល់ទៅជាង ៧០នាក់ ក្នុងមួយថ្នាក់ ក៏ដោយ ស្របពេលដែលជាមធ្យមមួយថ្នាក់ត្រូវមានសិស្សត្រឹមតែ ៤៥នាក់ក៏ដោយ។

ដោយឡែកចំពោះលោកគ្រូ អ្នកគ្រូណាម្នាក់ ដែលហ៊ានតវ៉ាប្រឆំាងនឹងការដឹកនាំ គណៈគ្រប់គ្រងសាលាមួយនេះ ឲ្យបង្រៀនត្រឹមតែ ០២ថ្នាក់ប៉ុណ្ណោះ នឹងមានសិស្សរៀនត្រឹមតែជាង ៣០នាក់ ហើយសិស្សមករៀនទៀងទាត់ប្រហែល ២០នាក់នោះទេ និងជាសិស្សមិនសូវមានជីវភាពធូរធាឡើយ។

នៅក្នុងពាក្យបណ្តឹងទំាងពីរលើកនោះ លោកគ្រូ អ្នកគ្រូដែលសម្តែងការមិនពេញចិត្តជាង ៧០ភាគរយ បានស្នើឲ្យរដ្ឋមន្រ្តីលោក ហង់ ជួនណារ៉ុន ចាត់វិធានការដោយបើកវេទិកាសាធារណៈ ក្រោមវត្តមានលោកផ្ទាល់ និងឈានទៅដល់ការបោះឆ្នោត ដកនាយកគ្រប់គ្រងចេញថែមទៀតផង។ ផ្តល់ភាពយុត្តិធម៌ដល់លោកគ្រូ អ្នកគ្រូលើការរៀបចំ កាលវិភាគសម្រាប់ឆ្នាំសិក្សាថ្មី។ ជាងនេះទៅទៀត ប្រសិនបើគ្មានដំណោះស្រាយនោះទេ សាស្រ្តាចារ្យនៃវិទ្យាល័យព្រះស៊ីសុវត្ថិមួយនេះ នឹងសុំធ្វើកូដកម្ម មិនចូលបង្រៀន និងហែញាត្តិនៅដាក់នៅក្រសួងអប់រំ ដើម្បីរកដំណោះស្រាយមិនខាន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh