CamNews

ព័ត៌មានជាតិ 

នៅពេលឃើញ ផ្ទះមួយលើកគ្រឹះ កាន់តែខ្ពស់ គឺធ្វើឲ្យម្ចាស់ផ្ទះជាប់នោះ មានការព្រួយបារម្ភ កាន់តែខ្លាំង

ភ្នំពេញ៖ នៅក្រុងបាវិត ពិសេសទីតាំងមានផ្ទះថ្មច្រើន នៅពេលផ្ទះណាមួយលើកគ្រឹះកាន់តែខ្ពស់ គឺបានធ្វើឲ្យម្ចាស់ផ្ទះនៅជាប់ ឬក្បែរៗនោះ មានការព្រួយបារម្ភកាន់តែខ្លាំង ដោយសារខ្លាចលេចទឹក។

បញ្ហាលុបចោល ប្រព័ន្ធលូទឹកស្អុយមួយចំនួន ដែលមានពីសង្គមចាស់ ហើយប្រព័ន្ធលូដែលនៅ សេសសល់សព្វថ្ងៃមិនត្រូវបានស្ដារ ឬពង្រីកឲ្យកាន់តែធំតាម កំណើនមនុស្ស បានធ្វើឲ្យស្ទះទឹក ពិសេសនៅ    រដូវភ្លៀង នាំឲ្យលេចផ្ទះប្រជាពលរដ្ឋ ព្រមទាំងមានក្លិនមិនល្អ។ បញ្ហានេះ បានបង្ខំចិត្តឲ្យម្ចាស់ផ្ទះត្រូវយកលុយ ដែលក្រុមគ្រួសាររបស់ខ្លួនខិតខំរកស៊ី មកចំណាយលើការ លើកគ្រឹះផ្ទះឲ្យកាន់តែខ្ពស់ ដើម្បីកុំឲ្យលេចទឹក ដែលនាំឲ្យម្ចាស់ផ្ទះនៅជាប់គ្នា ឬនៅជិតផ្ទះលើកគ្រឹះនោះ ព្រួយបារម្ភកាន់តែខ្លាំង ដោយដឹងយ៉ាងច្បាស់ថា ពួកគេពិតជារស់នៅក្នុងភក់ជ្រាំជាមិនខាន ពិសេសនៅរដូវវស្សា។

ជាក់ស្តែងថ្មីៗនេះ មានផ្ទះថ្មមួយល្វែងបានលើកគ្រឹះកាន់តែខ្ពស់ ដែលម្ចាស់ផ្ទះបានលុយមកពីការសន្សំ ពីការលក់កាហ្វេបន្តិចបន្តួច ជាច្រើនឆ្នាំមកហើយនោះ បានធ្វើឲ្យម្ចាស់ផ្ទះជាប់គ្នានោះសំដែងការព្រួយបារម្ភថា «ផ្ទះខ្ញុំ កាលពីធ្វើមុនដំបូងមិនទាន់លេចទឹកទេ តែក្រោយមកដោយសារ គេលុបលូខាងក្រោយធ្វើផ្ទះអស់ ធ្វើឲ្យផ្ទះរបស់ខ្ញុំ និងអ្នកនៅជួរនេះលេចទឹក។ អញ្ចឹងខ្ញុំខំលើកគ្រឹះផ្ទះរបស់ខ្ញុំ ឲ្យខ្ពស់កុំឲ្យលេចទឹក ធ្វើឲ្យផ្ទះក្មួយខ្ញុំជាប់គ្នានេះ លេចទឹក, តែឥលូវដល់ក្មួយខ្ញុំគេ លើកគ្រឹះខ្ពស់ជាងខ្ញុំទៅទៀត អីចឹង ពិតជាផ្ទះរបស់ខ្ញុំ ត្រូវលេចទឹកម្តងវិញជាមិនខាន»។

ការលើកឡើងមួយករណីខាងលើនេះ គ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះនៅក្រុងបាវិត ខេត្តស្វាយរៀង គឺមានស្ទើរគ្រប់ទីតាំង ឬតំបន់ ដែលមានផ្ទះថ្មច្រើនជាប់ៗគ្នា។ បញ្ហាផ្ទះលេចទឹកនេះ ប្រជាពលរដ្ឋនៅក្រុងបាវិត ពិសេសនៅសង្កាត់ដែល ជួបបញ្ហានេះ សំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូច ថ្នាក់ក្រុង ខេត្ត និងថ្នាក់ជាតិ ជួយដោះស្រាយផង បើមិនដោះស្រាយទេ គឺប្រជាពលរដ្ឋខិតខំរកស៊ី តែដើម្បីលើកគ្រឹះផ្ទះប្រឡងប្រណាំងគ្នា កុំឲ្យលេចទឹកតែប៉ុណ្ណោះ។ ចំពោះអ្នកប្រឡងប្រណាំងមិនឈ្នះគេ ពិតជារស់នៅក្នុងភក់ជ្រាំ ឬបង្ខំចិត្តលក់ផ្ទះជាមិនខានឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh