CamNews

តារា 

ទេព សម្ផស្ស បើកកកាយពី ជីវិតតស៊ូ ទាំងទឹកភ្នែក មុននឹងក្លាយជាតារាល្បី (Video Inside)

ភ្នំពេញៈ ក្នុងចំណោមតារាសម្តែង រលកក្រោយ ដែលទើបតែរះ លើវិថីសិល្បៈ យើងអាចនិយាយបានថា កញ្ញា ទេព សម្ផស្ស គឺជា សិល្បការិនីមួយរូប មានភាពឡូយឆាយ រស់នៅក្នុងខុនដូរថ្លៃៗ យ៉ាងស៊ីវិល័យ បើទោះជានាងទើបតែ ចូលប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ។ តែទាក់ទងទៅនឹងជីវិតឯកជន របស់នាង ទស្សនិកជន មិនទាន់ដឹងច្បាស់ទេ ថា ក្នុងជីវិតរបស់នាង មានបញ្ហា រស់នៅក្នុងជីវភាពក្រលំបាក កម្រិត ណាទេ ទម្រាំតែនាងមាន ដូចសព្វថ្ងៃនេះ ។

តារាស្រីរាងតូចច្រឡឹង វង់ភ័ក្រមូលក្លំដូចខែពេញបូរមី កញ្ញា ទេព សម្ផស្ស ត្រូវបានទស្សនិកជន និងអ្នក សិល្បៈ រួមអាជីពចាត់ទុកថា ជាតារាស្រី ដែលបណ្តុះភាពឡូយឆាយ បានលឿនបំផុត ព្រោះថា ក្នុងរយៈ ពេលត្រឹមតែ ៣ឆ្នាំ ប៉ុណ្ណោះនាងបានផ្លាស់ប្តូរពីជីវភាព ពីក្រខ្សត់លំបាកវេទនា មកជារស់នៅក្នុងជីវភាព ហ៊ឺហារ ស៊ីវិល័យ លើខុនដូរ និងជិះរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។ តែធាតុពិតនៅពីក្រោយខ្នង យើងមិនទាន់ដឹងទេថា តារាស្រីរូបនេះ មានការតស៊ូ ជំនះភាពលំបាក ដល់កម្រិតណាឡើយ ។

តារាស្រី និងជាតួឯកក្នុងរឿង “ជីវិតនាងរក្សា” កញ្ញា ទេព សម្ផស្ស ចេញមុខរៀបរាប់ ពីទុក្ខសោក ដែល នាងធ្លាប់ជួប នា ពេលកន្លងមកនៅក្នុងកម្មវិធី “CTN ប៉ុស្តិ៍លេខ២១ ” របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កាលពីពេលថ្មីៗកន្លង ទៅនេះថា ជីវិតរបស់នាង កាលពីកុមារភាព គឺរស់នៅក្នុងជីវភាព ក្រលំបាកវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ម្តាយក៏មានជំងឺ ហើយនាងត្រូវរកស៊ីចិញ្ចឹមម្តាយ និងប្អូនៗ ។

ធ្វើការគ្រប់យ៉ាងត្រូវស៊ីឈ្នួលច្រូកស្រូវឲ្យគេ ដើរបេះត្រកួនលក់ ធ្វើជាកម្មកររោងចក្រ និងធ្វើជាអ្នករត់ ជាដើម។ តារា ស្រីរូបនេះបានប្រាប់ឲ្យដឹង លាយឡំនឹងទឹកមុខ ស្រងូតស្រងាត់ថា “ខ្ញុំមិនបានសិក្សាដល់ ថ្នាក់ខ្ពស់នោះទេ គឺខ្ញុំរៀន បានត្រឹម តែថ្នាក់ទី៦ ប៉ុណ្ណោះ ។ កាលពីខ្ញុំនៅកុមារភាព ខ្ញុំមិនសូវបាន ទៅ រៀនសូត្រដូចគេទេ គឺភាគច្រើន ខ្ញុំត្រូវដើរ រកលុយ ដើម្បីជួយ ម្តាយខ្ញុំ និងម្តាយខំប្រឹងធ្វើការគ្រប់យ៉ាង ដើម្បីរកលុយទិញអង្ករ ទិញម្ហូប ដើម្បីផ្គត់ផ្គង់ជីវភាព ។ ណាមួយម្តាយ ខ្ញុំគាត់មានជំងឺប្រចាំកាយ ឈឺ ធ្លាក់ឈាមមិនសូវ មានកំលាំងនោះទេ។ ដូច្នេះការងារធ្ងន់ៗ ខ្ញុំមិនសូវ ចង់ឲ្យម្តាយធ្វើទេ ព្រោះថា អាណិតគាត់មិនចង់ឲ្យគាត់ ពិបាក... ” ។

កញ្ញា ទេព សម្ផស្ស បានប្រាប់លាយឡំ នឹងអារម្មណ៍ក្តុកក្តួលទឹកភ្នែករលីងរលោង ថា “ ទោះជាខ្ញុំត្រូវ រស់នៅក្នុង ជីវភាពលំបាកក៏ដោយ តែខ្ញុំក៏មិនត្អូញត្អែរដែរ។ តែអ្វីដែលធ្វើឲ្យខ្ញុំជួបទុក្ខសោក គឺ ម្តាយខ្ញុំ ធា្លក់ខ្លួនឈឺធ្លាក់ឈាម ជាប្រចាំហើយក្នុងគ្រួសារអត់មានលុយ សម្រាប់ព្យាបាលទេ។ ដូច្នេះម្តាយខ្ញុំ គាត់សុខចិត្តរស់នៅទាំងឈឺ មិនហ៊ាន ប្រាប់កូន រហូតដល់ឈឺទ្រាំមិនបាន គាត់ក៏សម្រេចខ្ចី លុយពី អង្គការ (ធនាគារ) យកទៅជួបគ្រួពេទ្យ។

ពេលនោះខ្ញុំទៅជាមួយគាត់ ហើយម្តាយរបស់ខ្ញុំខំអង្វរគ្រូពេទ្យ ឲ្យជួយព្យាបាល។ ពេលនោះអ្នកគ្រូពេទ្យ បានសម្រេច ជួយកាយឈាម មិនល្អនោះចេញ ហើយក្រោយពីកាយឈាមចេញ ម្តាយខ្ញុំមានភាព ស្លេកស្លាំង គ្មានកំលាំងទេ គ្រូពេទ្យត្រូវឲ្យគាត់ សម្រាកនៅពេទ្យ ។ ពេលនោះខ្ញុំមិនដឹងថា ត្រូវធ្វើម៉េចទេ បានត្រឹមតែអង្គុយយំម្នាក់ឯង”។

ដូច្នេះទស្សនិកជនចង់ដឹងថា ការរៀបរាប់ពីដំណើរជីវិតរបស់ កញ្ញា ទេព សម្ផស្ស មានការតស៊ូ ដល់ កម្រិតណានោះ សូមទស្សនា ឃ្លីបវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Tep Samphois Entertainment Khmer Super Star Actress ទេព សម្ផស្ស