បន្ទាយមានជ័យ ៖ ស្ត្រីវ័យហុកសិបប្លាយម្នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យ ទាំងយប់ បន្ទាប់ពីរងរបួសដោយក្រុមក្មេងស្ទាវបើករថយន្ត ប្រដេញគ្នា ហើយវេ
ចង្កូតទៅបុកផ្ទះរបស់គាត់ បណ្តាលឲ្យបាក់សង្កត់ ខណៈកំពុងដេកលក់ កាលពីវេលាម៉ោង១០
យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ទល់មុខសណ្ឋាគាសន្តិភាព
ក្នុងភូមិសែសិន សង្កាត់អូរអំបិល ខេត្ត បន្ទាយមានជ័យ ។
លោក ឈឿម សុផុន ប្រធានការិយាល័យ នគរបាលចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្ត
បន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣នេះថាម្ចាស់រថយន្តបង្កហេតុមាន
ឈ្មោះ ហុង ដាវុធ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
មុនកើតហេតុបានខ្ចីរថយន្តមិត្តភ័ក្តិឈ្មោះ ចិត្រ កូនថៅកែ ផ្ទះសំណាក់ម្កុដពេជ្រជិះដើលេង។
រីឯជនរងគ្រោះមានឈ្មោះ ឆូយ ឡាង ភេទ ស្រី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាកហាយព្រីដ
ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខកណ្តាល 2A 8386 ជិះគ្នា ២នាក់ ក្នុងទិសដៅពីជើងទៅត្បូង
ក្នុងល្បឿនលឿនដូចហោះ ហាក់ទើបចេញពីកន្លែងផឹកស៊ី មកដល់ចំណុចផ្លូវកោងបត់ចង្កូត
មិនទាន់ក៏បានទៅបុកផ្ទះស្ត្រីរងគ្រោះ បណ្តាលឲ្យបាក់សង្កត់ ខណៈដែលគាត់កំពុងដេកបែក
ក្បាលហូរឈាមសន្លប់បាត់មាត់ឈឹង ត្រូវ សាច់ញាតិបញ្ជូន ទៅសង្គ្រោះទាំងយប់ ។ ដោយ
ឡែកឈ្មោះ ហុង ដាវុធ និងរថយន្តត្រូវនគរបាលចាប់យក ទៅវាស់ជាតិអាល់កុល និងសួរនាំ
ចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល