CamNews

ភាពយន្ត 

ឆាយ ស្រីពេជ្រ លេចមុខ ក្នុងខ្សែភាពយន្តថ្មីក្រោយ រយាលពីមុខជំនួញជាមួយ គូស្នេហ៍

ភ្នំពេញៈ  តារាសម្តែងធ្លាប់ ល្បីឈ្មោះល្បី គួរសម ស្រីស្រស់សាច់សខ្ចី ដូចបណ្ដូលចេក ឆាយ
ស្រីពេជ្រ ដែលបានបាត់មុខពី លំហរសិល្បៈ អស់រយៈពេល ជាងពីរឆ្នាំរួចមក ស្រាប់តែថ្មីនេះ
នាងបានរំលេចខ្លួន វិលមកចាប់អាជីព សិល្បៈសារជាថ្មី ម្ដងទៀត និងលេចមុខថតរឿងថ្មី ដែល
មាន ចំណងជើងថា "ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍" របស់ផលិតកម្ម មហាហង្ស ដែលទើបតែរៀបចំ
ពិធីក្រុងពាលី កាលពីម្សិលមិញនេះ ។

ជួបដោយផ្ទាល់ជាមួយ LookingTODAY នៅក្នុងពិធីក្រុងពាលី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ
២០១៣ នេះ ស្រីស្រស់សម្រស់ ឆើតឆាយ កញ្ញា ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា មូល
ហេតុដែល នាងបាត់វត្តមាន ពីវិស័យសិល្បៈ អស់មួយរយៈពេលធំនោះ ដោយសារតែនាង
មានការមមាញឹក ជាមួយការងារខាងក្រៅ ច្រើនទើប មិនសូវមានពេល គ្រប់មកចាប់អាជីព
សិល្បៈច្រើន ដូច្នេះហើយបានជា នាងត្រូវដកឃ្លា ពីការងារមួយ រយៈពេលធំ។ ប៉ុន្តែពេលនេះ
នាងមានពេល ទំនេរគ្រប់គ្រាន់ អាចមកចាប់អាជីព សិល្បៈវិញបានហើយ ។

ស្រីស្រស់សាច់សខ្ចី សម្ដីស្រទន់ ដែលបានបាត់មុខពី សង្វៀនសិល្បៈ កញ្ញា ឆាយ ស្រីពេជ្រ
បានប្រាប់ឲ្យដឹង បន្ថែមទៀតថា" ពីមុនខ្ញុំជាប់ធ្វើការ នៅក្នុងក្រុមហ៊ុន ឯកជន មួយជាក្រុមហ៊ុន
របស់បង (គូស្នេហ៍) តែពេលនេះ ដោយសារ គូស្នេហ៍បណ្តូលចិត្ត របស់ខ្ញុំ បានចេញទៅ ក្រៅ
ប្រទេស ទើបធ្វើឲ្យខ្ញុំ មានពេលទំនេរ ចូលមកចាប់ អាជីពចាស់វិញ ។ ក៏ស្រាប់ពេល ខាងក្រុម
ហ៊ុន មហាហង្ស ត្រូវការតួថតរឿងថ្មី ទើបខ្ញុំចូលរួមសម្តែងតែម្តងទៅ...! " ។

ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា មិនតែប៉ុណ្ណោះ នៅក្នុងរឿងថ្មីនេះ នាងក៏រំពឹងថា ចង់ក្លាយ
ជាតារា សម្តែងស្រីមួយរូប ដែលមានភាពលេចធ្លោរ ដូចពេលមុន។ នាងបម្ថែមថា " តាមរយៈ
រឿងថ្មីនេះ ជាក្តីសង្ឃឹមរបស់ខ្ញុំ អាចធ្វើឲ្យខ្ញុំទទួលបាន ប្រជាប្រិយភាព កាន់តែខ្លាំងជាងមុន
ដោយសារតែរឿងនេះ មានចេញទៅថតក្រៅ ប្រទេសទៀតផង។ ម្យ៉ាង តួសម្តែង ក្នុងរឿងនេះ
មានសុទ្ធតែ តារាសម្តែងជើង ចាស់ល្បីឈ្មោះច្រើន ពួកគាត់ក៏ជួយជម្រុញ លើកទឹកចិត្តខ្ញុំ ឲ្យ
ចូលរួមសម្តែងផង ។ ដូច្នេះទើបខ្ញុំសម្រេចចិត្ត ចូលរួមថតរឿងនេះ..!" ។

តារាស្រីរាងតូចច្រឡឹង ឆាយ ស្រីពេជ្រ ក៏បានព្រលយប្រាប់ បែបលាក់ក្បាល លាក់កន្ទុយ ជុំវិញ
រឿងស្នេហារបស់នាងថា "តាមពិតទៅខ្ញុំ មានម្ចាស់បេះដូង រួចទៅហើយ ដោយខ្ញុំបានទាក់ទង
មើលចិត្ត ថ្លើមគ្នាជិត ៥ឆ្នាំមកហើយ គ្រាន់តែខ្ញុំមិនចង់បើកចំហរ និងគ្មានគម្រោង រៀបការនៅ
ឡើយទេ ព្រោះម្ចាស់ស្នេហ៍គាត់ មានភារកិច្ចច្រើន ត្រូវបំពេញ ហើយក៏ឧស្សាហ៍ ចេញចូលក្រៅ
ប្រទេសដែរ.."។

ជាការពិត ទស្សនិកជន ដែលធ្លាប់គាំទ្រ និងធ្លាប់ស្គាល់តារា សម្ដែងសាច់សសម្រស់ ទាក់ទាញ
កញ្ញា ឆាយ ស្រីពេជ្រ បានធ្វើការសន្និដ្ឋានថា ប្រសិនបើនាង ដាក់ចិត្តដាក់កាយ ចូលប្រឡូកក្នុង
អាជីព សម្ដែងលើកនេះម្តងទៀត កេរ្តិ៍ឈ្មោះរបស់នាង នឹងហក់ស្ទុះឡើង យ៉ាងឆាប់រហ័ស អាច
ប្រជែងយកប្រជាប្រិយភាព បានយ៉ាងងាយស្រួល ព្រោះនាងមានបទពិសោធន៍ និងភាពប៉ិនប្រសព្វ
ក្នុងការសម្ដែងរួចជាស្រេច ។

ទម្រង់មុខរបស់នាង ក៏អាចបត់បែនតាមសាច់រឿង បានគ្រប់ពេលវេលា ហើយកាលពីពេលកន្លងទៅ
នាងក៏ធ្លាប់ថតរឿង ឲ្យផលិតកម្ម មហាហង្ស មួយដែលមាន ចំណងជើងថា "ហង្សអន្ទាក់ស្នេហ៍" និង
ថ្មីៗនេះ រឿង "ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍" គឺជារឿងថ្មីទី២ ដែលនាងបានថតឲ្យ ផលិតកម្មមួយនេះ៕


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖  


Tags: khmer star star singer freshie cambodia entertainment chhay sreypich tv5