CamNews

កំសាន្ត 

ញ៉ែម សុគន្ធ ពេលជួប​គ្រោះថ្នាក់​ចរាចរណ៍ គេចចេញ​ពី​កន្លែង​កើតហេតុ

ភ្នំពេញៈ សម្រាប់ករណី គ្រោះថ្នាក់ចរាចរណ៍ របស់តារាសម្តែងចង្កាព្រែក លោក ញ៉ែម សុគន្ធ មិនមែនជាលើកទី១ទេ ទស្សនិកជន នៅចាំបានថា កាលពីអំឡុង ចុងខែសីហា ឆ្នាំ២០១៣កន្លងមក រូបលោកធ្លាប់បានបើករថយន្ត បុកគេម្តង រួចមកហើយ តែមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។ តែដោយឡែកកាលពីយប់ថ្ងៃទី១៧ ខែកក្កដានេះ លោក ញ៉ែម សុគន្ធ បានបើក រថយន្តរបស់ខ្លួនទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

នៅវេលាម៉ោង ប្រមាណជាង១១យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះ តារាប្រុស លោក ញ៉ែម សុគន្ធ បានបើករថយន្ត កូរ៉ូឡាទៅបុកម៉ូតូម៉ាកស្គូបពី ពណ៌សលាយក្រហម មានស្លាកលេខ 1BI-1549 យ៉ាងពេញទំហឹង នៅតាមបណ្តោយ ផ្លូវ២១៨ ក្បែរភោជនីយដ្ឋាន ទីក្រុងតារា នៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានឃើញម៉ូតូម៉ាក ស្គូបពីជិះគ្នា ៣នាក់ ត្រូវបានរថយន្តម៉ាក កូរូឡាពណ៌ស្លែ បើកបុកយ៉ាងពេញមួយទំហឹង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នក បើកម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះបញ្ចូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យឯកជន ហើយអ្នកជិះពីក្រោយពីរនាក់ទៀត រងរបួសស្រាល ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ភ្លាមៗនៅពេលដែលឃើញ មានហេតុការណ៍បែប ត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា ជាតារាសម្តែងរាង ខ្ពស់ស្រឡះ លោក ញ៉ែម សុគន្ធ បានបើកទ្វារគេចចេញពីរថយន្តភ្លាមៗ រួមជាមួយអ្នកដំណើរម្នាក់ទៀត ដោយរូបលោកមិនបាននៅ ដោះស្រាយផ្ទាល់ទេ ពោលគឺលោកបានគេចខ្លួនចេញ ពីកន្លែងកើតហេតុ មួយ សន្ទុះក្រោយមកទើបមានវត្តមាន បុរស២នាក់ផ្សេងទៀត ដែលជាតំណាងរបស់ លោក សុគន្ធ ចេញមុខមក ដោះស្រាយជំនួសវិញ ។

ពាក់ព័ន្ធនឹងករណី ខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅ ម្ចាស់សាម៉ីខ្លួន លោក ញ៉ែម សុគន្ធ បានទេ នៅថ្ងៃទី១៨ ខែកក្កដា នេះ ដោយសារតែលេខទូរស័ព្ទ ដែលលោកធ្លាប់ប្រើ ត្រូវបានបិទ។ បើទោះបីជាយ៉ាងណា ទស្សនិកជន កំពុងតែរង់ចាំមើល ពីចំណាត់ការ របស់សមត្ថកិច្ច លើរឿងមួយនេះបន្តទៀត ព្រោះថានេះជា លើកទី២ ហើយ ដែលលោក ញ៉ែម សុគន្ធ បានបង្កបង្ហាញគ្រោះថ្នាក់ ចរាចរណ៍បែបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news