ភ្នំពេញៈ តារាសម្តែងសម្បុរ ស្រអែមស្រស់ កញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានបង្ហើបឲ្យដឹង ថា សន្ទុះការងារ មួយរយៈនេះ មានភាពរីកចម្រើនច្រើន គួរឲ្យកត់សម្គាល់ បន្ទាប់ពីនាងត្រឡប់ មក ចាប់ផ្តើមការងារជាថ្មី ខណៈរបួសបេះដូង ដែលបានសម្ងំឈឺចាប់អស់រយៈពេលត្រឹម២ខែ ត្រូវបាន សាបរលាបបន្តិចម្ដងៗ ។
ថ្លែងប្រាប់ LookingTODAY កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ តារាស្រីមានចរិត រួសរាយ រាក់ទាក់ បង្ហាញស្នាមញញឹមស្រស់មាន មន្តស្នេហ៍ កញ្ញា អាម៉ុច បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ សន្ទុះកេរ្តិ៍ឈ្មោះ និងការងាររបស់នាង មានភាពរីកចម្រើន កាន់ឡើងខ្លាំង ដោយនាង ត្រូវចេញ ថតស្ពត ថតឈុតខារ៉ាអូខេ ស្ទើររាល់ថ្ងៃ។ ប៉ុន្តែទន្ទឹមនឹង ភាពជោគជ័យនោះ នាងកំពុងតែ ក្រសោប បាន ឱកាសជាបន្តបន្ទាប់ ក្រោយពីទៅសម្ងំខូចចិត្ត អស់រយៈពេល ជិត២ខែមកនេះ ។
តាមរយៈការបង្ហើប ពីការខូចចិត្តនេះ ត្រូវបានម្ចាស់សាម៉ីខ្លួនប្រាប់ ដោយសំឡេង មិនសប្បាយ ចិត្តថា “ ខ្ញុំក៏ចង់ទម្លាយពីភាពឈឺចាប់ ជាដើមចមធ្វើឲ្យ ខ្ញុំត្រូវឃ្លាតពីសិល្បៈ ប្រាប់ LookingTODAY ជាយូរមកហើយដែរ។ ការពិតទៅ ខ្ញុំខូចចិត្ត ដោយសារតែរឿងស្នេហា ព្រោះគូដណ្តឹង ជាជនជាតិ ជប៉ុនរបស់ខ្ញុំ គាត់បានចែកឋានបាត់ហើយ ដោយសារតែជំងឺខ្យល់គ ខណៈដែលពិធីរៀបមង្គលការ កាន់តែកៀកចូលមកដល់។ ដោយសារតែមានរឿងបែបនេះ ទើបធ្វើឲ្យខ្ញុំឈឺចាប់ មិនអាចទ្រាំបាន ក៏បង្ខំចិត្ត រស់នៅដាច់ពីសិល្បៈមួយរយៈ ” ។
តារាសម្តែង អាម៉ុច បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ទស្សនិកជន និងអ្នកសិល្បៈប្រាកដ ជាមាន ចម្ងល់ហើយថា មូលហេតុអីបានជានាងពោលពាក្យ ហៅប្រុសស្នេហ៍ថាគូដណ្តឹងៗ ពេញៗមាត់? តាមពិតទៅពួកនាង បានរៀបចំពិធីភ្ជាប់ពាក្យស្ងាត់ៗ ជាមួយគ្នារួចហើយ គ្រាន់តែនាងមិនចង់ឲ្យ អ្នកមានព័ត៌មានលេចឮតែប៉ុណ្ណោះ រង់ចាំដល់ថ្ងៃមង្គលការ ទើបទម្លាយ ។
តែទោះជាយ៉ាងណា កញ្ញា អាម៉ុច បានប្រាប់ឲ្យដឹងថា “ ពេលនេះ ខ្ញុំអាចធ្វើចិត្តបានហើយ បើទោះ ជាថ្មីៗនេះ ខ្ញុំទើបតែជួបរឿងមិនល្អ តែខ្ញុំនៅមានកំលាំងចិត្ត ដោយសារតែការងារ មានភាពរីក ចម្រើន និងក្រុមការងារ ផ្តល់កំលាំងចិត្ត ឲ្យខ្ញុំ ទើបធ្វើឲ្យខ្ញុំ បានក្លាយជាមនុស្សរឹងមាំ ដូចដើម ។ ខ្ញុំក៏ចង់ពោលពាក្យ សុំទោសទៅដល់ក្រុមការងារផងដែរ កន្លងមកខ្ញុំធ្វើទង្វើមិនល្អដាក់ពួកគាត់ ព្រោះថាកន្លងមក អ្វីដែលខ្ញុំធ្លាប់ គិតស្រមៃថា អាចក្លាយជាមនុស្សស្រី ដែលមានសំណាង អាច រៀបការ ជាមួយបុរសល្អស្រឡាញ់យកចិត្តទុកដាក់ មើលថែយើងគ្រប់ពេលវេលានោះ ត្រូវឃ្លាត ឆ្ងាយភ្លាមៗ ប្រៀបដូចជាអំបិលត្រូវទឹក ត្រឹមតែមួយ ប៉ប្រិចភ្នែក។ ទើបខ្ញុំមិនអាចទទួលយកបាន មិនខ្វល់ពីអ្នកដទៃ ធ្វើឲ្យប៉ះពាល់អារម្មណ៍ មិត្តរួមការងារ បែបនេះតែម្តង ” ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល