ភ្នំពេញ៖ មន្ទីរពេទ្យជោរៃ ដ៏ល្បីល្បាញ របស់ប្រទេសវៀតណាម បានមកបណ្តាក់ទុន និងបោះ
ទីតាំង យ៉ាងរឹងមាំនៅរាជធានីភ្នំពេញ ក្នុងទឹកដីខណ្ឌមានជ័យនោះ គ្រោងបើកដំណើរការជា
ផ្លូវការ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ខាងមុខ ហើយមុនពេលបើកសម្ពោធនេះ ក៏នឹងពិនិត្យ
ជំងឺឲ្យ ប្រជាជនកម្ពុជាសាកល្បង ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះដែរ។
លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ក្នុង
កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ថា បើគ្មានអ្វីកែប្រែទៀតទេនោះ មន្ទីរពេទ្យ ជោរៃ
គ្រោងនឹងបើក សម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ដើមឆ្នាំ២០១៣ខាងមុខនេះ ក្រោមវត្ត
មានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង មានការអញ្ជើញចូលរួម ពីលោក
នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកបានបញ្ជាក់ថា មុនពេលមកដល់ថ្ងៃសម្ពោធនោះ ក្រុមការងារដែលពាក់ព័ន្ធរួមមាន
សាលា រាជធានីភ្នំពេញ ក្រុមហ៊ុនសុខគង់ មន្ទីរពេទ្យជោរៃផ្ទាល់ និងផ្នែកបច្ចេកទេសទូទៅ
ត្រូវជំរុញ កិច្ចការងាររបស់ខ្លួន ឲ្យបានរួចរាល់ ដើម្បីធានាគុណប្រយោជន៍ ដោយទទួល
ខុសត្រូវខ្ពស់។ ក្នុង នោះក៏ត្រូវបំពាក់សម្ភារបរិក្ខារពេទ្យ និងមានក្រុមគ្រូពេទ្យ គ្រប់គ្រាន់ជា
មុនសិន ពិសេស គឺការត ចូលប្រព័ន្ធទឹក ភ្លើង ដែលធានាដល់ការផ្គត់ផ្គង់ និងប្រព័ន្ធបរិស្ថាន
ជុំវិញនោះទៀតផង។
លោក Nguyen Hoang នាយកមន្ទីរពេទ្យជោរៃ ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចការសាង
សង់សំណង់អគារ ព្រមទាំងការតភ្ជាប់ប្រព័ន្ធអគ្គិសនី ទឹក និងការរៀបចំបទដ្ឋានបរិស្ថាន ជុំវិញ
ត្រូវបានធ្វើឡើង តាមបែបបច្ចេកទេស បានយ៉ាងត្រឹមត្រូវ និងរួចរាល់ជាស្ថាពរហើយ។
លោក Nguyen Hoang បានលើកឡើងទៀតថា សុំពេលប្រមាណជា១០ថ្ងៃ ដើម្បីបំពាក់
ឧបករណ៍ បរិក្ខារពេទ្យយ៉ាង ទំនើបៗនិងជាបច្ចេកទេសចុងក្រោយ ដែលបាននាំចូលពី
បរទេស ហើយបច្ចុប្បន្ន នេះ បាននាំមកដល់កម្ពុជាហើយ ដែលរង់ចាំតែ ក្រុមបច្ចេកទេស
ដំឡើងតែប៉ុណ្ណោះ។
ចំណែកឯ ក្រុមវេជ្ជបណ្ឌិតវិញ នៅសប្តាហ៍ក្រោយ ខាងភាគីមន្ទីរពេទ្យ ជោរៃប្រទេសវៀតណាម
នឹងបញ្ជូនមកដល់ភ្នំពេញ ដើម្បីរៀបចំចាត់ចែងតាមបន្ទប់ពិនិត្យផ្សេងៗ ។
គួរបញ្ជាក់ថា ក្រៅពីកសាងមន្ទីរពេទ្យដ៏ទំនើប ដែលមិនធ្លាប់មាននៅកម្ពុជានោះ សាធារណរដ្ឋ
សង្គមនិយមវៀតណាម (ទីក្រុងហាណូយ) បានសម្រេចផ្តល់ថវិកា ចំនួន២លានដុល្លារ ដើម្បី
កសាង អគារសាលាបឋមសិក្សាដូនពេញ នៅរាជធានីភ្នំពេញមួយ បន្ថែមទៀតផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល