ភ្នំពេញ៖ ក្រោយប្រកួតឈ្នះពិន្ទុលើកីឡាករ ជើងខ្លាំងឡាវ Rachhan Sor Phanit កាលពីថ្ងៃទី០៩ ខែវិច្ឆិកាម្សិល មិញរួចមក អនាគតបងថ្លៃម្ចាស់មេដាយមាស កីឡាអាស៊ីវីរៈនារី ស៊ន សៀវម៉ី គឺអ្នកលេងក្បាច់គុនបុរាណខ្មែរ វ៉ន វីវ៉ា នៅសល់ពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះនឹងដឹកដៃកញ្ញា ស៊ន ដាវីន ចូលរោងការហើយ ។
ទន្ទឹមជាមួយគ្នានេះលោកស្រី សួន ចន្ទី ក៏បានត្រៀមជំរុញលើកទឹកចិត្តឲ្យអនាគតកូនប្រសារ វ៉ន វីវ៉ា ជ្រើសរើសអាជីពថ្មី ដើម្បីរកប្រាក់បន្ថែមមកផ្គត់ផ្គង់គ្រួសារ ក្រោយរៀបចំការផងដែរ ។
គួរបញ្ជាក់ថា ការចាប់ដៃគ្នាបង្កើតជាគ្រួសារក្នុងពេលដ៏ខ្លីខាង មុខរវាងកីឡាករជើងខ្លាំង វ៉ន វីវ៉ា និងកញ្ញា ស៊ន ដាវីន គឺជាប្រធានបទដ៏គួរឲ្យចាប់ អារម្មណ៍មួយសម្រាប់អ្នកនិយមគាំទ្រ និងស្នេហាវិស័យកីឡា ។ ពិធីភ្ជាប់ពាក្យរវាងកីឡាករ-កីឡាការិនីឆ្នើមទាំង២រូបបានធ្វើឲ្យមហាជនមានការភ្ញាក់ ផ្អើលតាំងពីថ្ងៃទី១២ ខែតុលាម្ល៉េះ ហើយពួកគេនឹងចូលរោង ការនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះនៅមជ្ឈមណ្ឌលម៉ូឌែន៥ (អគារC) ។
ប៉ុន្ដែដោយសារការគិតគូរវែងឆ្ងាយអំពីអាពាហ៍ពិពាហ៍រវាង អតីតម្ចាស់ខ្សែក្រវាត់ ISK និងម្ចាស់មេដាយប្រាក់ SEA Games នោះលោកស្រី សួន ចន្ទី ធ្លាប់ថ្លែងប្រាប់អ្នក សារព័ត៌មានឲ្យដឹងថា បច្ចុប្បន្នអាជីពប្រដាល់ វ៉ន វីវ៉ា នៅមិនទាន់ មានលំនឹងនោះទេ ព្រោះប្រដាល់បានត្រឹមតែល្អមើល ប៉ុន្ដែមិនសល់លុយកាក់អីប៉ុន្មានទេ ។ ដូច្នេះបើមិនចាប់យក អាជីពថ្មីនេះ ពួកគេ (វីវ៉ា-ដាវីន) ច្បាស់ជាជួបការខ្វះខាតនៅថ្ងៃមុខជាមិនខាន ។
លោកស្រីបានបន្ដថា ពេលនេះក្រុមគ្រួសារលោកស្រី និង វ៉ន វីវ៉ា បានពិភាគ្សាគ្នារួចហើយ ដើម្បីឲ្យអនាគតកូនប្រសារ ខ្លួនជ្រើសរើសយកអាជីពថ្មីមួយទៀត ប៉ុន្ដែលោកស្រីមិនបង្ខិតបង្ខំឲ្យ វីវ៉ា ធ្វើតាមឬជ្រើសរើសយកការងារអ្វីនោះឡើយ ដោយលោកចង់ឲ្យកីឡាករប្រដាល់រូបនេះជាអ្នកសម្រេចចិត្ដដោយខ្លួនឯង ។
ម្ដាយបង្កើតរបស់របស់ម្ចាស់មេដាយមាសកីឡា Asian Games លើកទី១៧នៅសាធារណរដ្ឋកូរ៉េខាងលើបានបញ្ជាក់ ទៀតថា បំណងនៃការជំរុញឲ្យ វ៉ន វីវ៉ា ជ្រើសរើសការងារថ្មី គឺដោយលោកស្រីចង់ឲ្យគេមានជំនាញ-ឯកទេសផ្ទាល់ខ្លួន និងអាចរកប្រាក់កំរ៉ៃបន្ថែមបានកាន់ច្រើន ជាពិសេសគឺប្រការថ្ងៃណាមួយដែល វ៉ន វីវ៉ា ឡើងប្រដាល់លើ សង្វៀនលែង កើតតែម្ដង ។ ប៉ុន្ដែពេលនេះលោកស្រី សួន ចន្ទី នៅមិនទាន់ដឹងថា វ៉ន វីវ៉ា នឹងចាប់យកការងារអ្វីនោះទេដោយគ្រាន់ តែលោកស្រីដឹងថា វ៉ន វីវ៉ា មិនបោះបង់អាជីពជា អ្នកប្រដាល់ឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល