កាលពីថ្ងៃសុក្រ ឧត្ដមស្នងការអង្គការសហប្រជាជាតិដើម្បីសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet បានស្នើឱ្យអាជ្ញាធរអន្ដរជាតិ ទុករឿងសិទ្ធិមនុស្សជារឿងចម្បង ខណៈដែលប្រយុទ្ធប្រឆាំងនឹងវីរុសខូវីដ១៩ ។ ខណៈដែលវីរុសនេះ កំពុងតែរាលដាល អ្នកស្រី Bachelet ទាញចំណាប់អារម្មណ៍អាជ្ញាធរអន្ដរជាតិថា ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុសនេះ អាចជះឥទ្ធិពលដល់ជីវិតរបស់ប្រជាជន គ្មានប្រជាជនម្នាក់ណា ដែលរស់រានមិនពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចនោះទេ ចង់មិនចង់ ប្រជាជនទាំងអស់អាចនឹងរងផលប៉ះពាល់ដោយវិធានការ ដែលត្រូវបានប្រើដើម្បីទប់ស្កាត់វីរុស” ។
អ្នកស្រី Bachelet ដែលជាអតីតវេជ្ជបណ្ឌិត បរិយាយលម្អិតអំពីកត្ដាតុល្យភាពរវាងការឆ្លើយតបទាំងបង្ខំចំពោះវីរុស COVID-19 និងកិច្ចការពារប្រជាជន ដែលភាគច្រើនងាយរងគ្រោះទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសុខភាព នៅក្នុងសង្គម។ ក្នុងចំណោមផលរំខានដល់ផ្នែកសិទ្ធិមនុស្ស វីរុសនេះនឹងធ្វើឱ្យប្រជាជនបាត់បង់ចំណូលដោយសារតែផ្ដាច់ខ្លួនចេញពីតំបន់ដែលវីរុសរាតត្បាត ឬមើលថែកូនដែលផ្អាករៀន ដោយសារតែសាលាមួយចំនួនបិទទ្វារ ។ សម្រាប់កត្ដាខាតបង់ផ្នែកសេដ្ឋកិច្ចដូចជា បាត់បង់ប្រាក់ចំណូល ឬបាត់បង់មុខរបរនេះ អាចមានឥទ្ធិពលអវិជ្ជមានយ៉ាងក្រៃលែង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist