CamNews

ព័ត៌មានជាតិ 

មជ្ឈដ្ឋានទូទៅ កំពុងរង់ ចាំមើលមុខ ឃាតកបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ នៅ កណ្ដាលក្រុង(មានវីដេអូ)

-សមត្ថកិច្ចកំពុងពន្លឿន ការស្រាវជ្រាវ តាមចាប់ជនដៃដល់

-ជនដែលស្លៀកពាក់ ស្រដៀងឃាតក ជា នគរបាលអន្ដរាគមន៍ ខណ្ឌចំការមន

ភ្នំពេញ ៖ អំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ និងជាថៅកែហាងលក់ពេជ្រនៅម្ដុំផ្សារទំនើបសូរិយា ពីសំណាក់ឃាតកដ៏ជំនាញ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមានការចាប់ អារម្មណ៍និងភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេស ជាពិសេស នៅលើបណាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ពីព្រោះថា អ្វីដែលនាំរឿងនេះ បែកធ្លាយកាន់តែខ្លាំង និងលើកឡើងគ្រប់ៗ គ្នានោះ ព្រោះតែវីដេអូស្ដីពីសកម្មភាពបាញ់ សម្លាប់លោកឧកញ៉ា ត្រូវបានបែកធ្លាយជា សាធារណៈ ។

អំពើឃាតកម្មកណ្ដាលក្រុងភ្នំពេញ កាល ពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅជិតហាងលក់ផ្លែឈើស្រីមុំ ក្បែរស្ដាតអូរ ឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ មន បានធ្វើឱ្យមានការចាប់អារម្មណ៍និងការ ទន្ទឹងរង់ចាំមើលគ្រប់ៗគ្នាពីមជ្ឈដ្ឋានទូទៅ ចំពោះប្រតិបត្ដិការស្រាវជ្រាវរបស់សមត្ថកិច្ច ទាំងនគរបាលនិងអាវុធហត្ថ ថាតើចាប់បាន ឃាតកនិងមេខ្លោងនៅពីក្រោយពេលណា ពី ព្រោះរូបវីដេអូ ដែលបង្ហាញអំពីសកម្មភាព ធ្វើឃាតសម្លាប់អ្នកមានទ្រព្យរូបនេះ ត្រូវ បានលាតត្រដាងយ៉ាងច្បាស់នោះ ។

វីដេអូ ស្ដីអំពីសកម្មភាពបាញ់សម្លាប់ លោកឧកញ៉ាអ៊ឹង ម៉េងជឺ ប្រមាណ១០គ្រាប់ ពេលដែលលោកចុះពីលើរថយន្ដលុច្សស៊ីស ៥៧០ បានបន្ដិច ដែលមានរយៈពេល២២ វិនាទី ត្រូវបានគេបង្ហោះនិងចែករំលែកតៗ គ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក តាំងពីពេលកើតហេតុ រហូតមកដល់ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែល រឿងនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចាត់ទុកថា ជាអំពើឃាតកម្មធំមួយសម្រាប់ ចុងឆ្នាំ២០១៤ ។

នៅតាមហាងកាហ្វេ នៅកន្លែងលក់បាយ ឬនៅតាមទីប្រជុំជននិងកន្លែងធ្វើការនានា ប្រធានបទនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានលើកយកមកនិយាយក្នុង ទស្សនៈនិងមតិផ្សេងៗគ្នា ហើយអ្វីដែលពួក គេផ្ដោតសំខាន់នោះ ដោយចោទជាសំណួរ ទៅលើជនរងគ្រោះថា ហេតុអ្វីមិនរត់គេច ខ្លួន ពេលឃាតកបាញ់ចំពីក្រោយនិងខ្លះទៀត ថា ហេតុអ្វីមិនរត់ទៅបុកនិងអោបឃាតក រួចស្រែកឱ្យគេជួយ រីឯមតិខ្លះទៀត បាន បង្ហាញការងឿងឆ្ងល់ ហេតុអ្វីនៅកន្លែងកើត ហេតុពុំមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅ ក្បែរនោះជួយអន្ដរាគមន៍ ទុកឱ្យជនសង្ស័យ ទាំងពីរនាក់ ធ្វើសកម្មភាពរួចហើយឡើងជិះ ម៉ូតូគេចខ្លួន ដោយសុវត្ថិភាពជាទីបំផុត។

តាមរយៈសកម្មភាពបាញ់ប្រហារក្នុងវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព បំពាក់នៅ ក្បែរកន្លែងកើតហេតុ រយៈពេល២២វិនាទី បានបង្ហាញថា ជនសង្ស័យមានគ្នាពីរនាក់ជិះ ម៉ូតូម៉ាកសេ១២៥ ស៊េរីទំនើបមួយគ្រឿង តាមពីក្រោយរថយន្ដ របស់លោកឧកញ៉ា ដែលបើកដោយម្នាក់ឯង ។ នៅពេលដែល ជនរងគ្រោះចុះពីរថយន្ដ គោលបំណងចូល ទៅទិញផ្លែឈើនៅទីនោះ ស្រាប់តែជនសង្ស័យ ម្នាក់ ពាក់មួកកន្ដឹប អាវដៃវែង ខោជើងវែង ស្បែកជើងឃ្លុប បាញ់ពីក្រោយនិងបន្ដបាញ់អស់ជាច្រើនគ្រាប់ រួចរត់ឡើងជិះម៉ូតូ ដែលបក្ខពួកម្នាក់ទៀត កំពុងរង់ចាំនៅលើផ្លូវធំ ។ ក្រោយកើតហេតុភ្លាមៗ និងក្រោយពេលដែលជនសង្ស័យទាំងពីរនាក់ បើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះដេកស្លាប់ផ្កាប់មុខនៅខាងមុខរថយន្ដ ដោយឈាមដាបពេញខ្លួន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទីនោះ ហើយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលនិងអាវុធហត្ថបានចុះទៅភ្លាមៗជួយអន្ដរាគមន៍និងបន្ដវិធានការជំនាញស៊ើបអង្កេតរបស់ខ្លួន ។

ចំពោះអំពើឃាតកម្មនេះ ក៏មានព័ត៌មាន និងការលើកឡើងថា ឃាតក ក្រោយកើត ហេតុបានមកពីនិត្យមើលនៅកន្លែងកើតហេតុ ពីព្រោះបុរសនៅក្នុងរូបភាពនោះ ស្លៀក សំលៀកបំពាក់ដូចជនដៃដល់ ដែលបាញ់ ប្រហារបង្ហាញនៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាង ដូច្នេះ ។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើង ខាងលើនេះ ត្រូវបានមន្ដ្រីជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញធ្វើការបដិសេធ ហើយប្រាប់ ថា បុរសរូបនោះ ជាមន្ដ្រីនគរបាលផ្នែកអន្ដរា គមន៍នៅខណ្ឌចំការមន ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា “ករណីដែល គេមើលតាមហ្វេសប៊ុក គឺជាមនុស្សច្រឡំទេ ជាមន្ដ្រីនគរបាលរបស់យើងផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះសុខ ម៉ូនីត្រា ទី១ ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នាទាំង មាឌ ប៉ុន្ដែបែរជានាំគ្នាយល់ច្រឡំទៅវិញ ”។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាងស្គម មិនដុះក្បាលពោះ ដូចរូបដែលបានឃើញនោះឡើយ។

ចំពោះប្រតិបត្ដិការស៊ើបអង្កេតតាមចាប់ ជនដៃដល់និងមេខ្លោងនៅពីក្រោយខ្នងនៃអំពើ ឃាតកម្មដ៏សាហាវកណ្ដាលទីក្រុងភ្នំពេញ ស្នងការរងនគរបាលរូបនេះ មិនទាន់អាចធ្វើ ការអត្ថាធិប្បាយឱ្យវែងឆ្ងាយនោះឡើយ ពី ព្រោះវាជាការជំនាញ ។

លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ យ៉ាងខ្លីថា “ការងារនេះ យើងបាននឹងកំពុង ប្រស៊ីគ្នាតាមរយៈការបង្កើតគណៈកម្មការ អង្កេតរវាងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ជាមួយនគរបាលជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការពន្លឿនការស្រាវ ជ្រាវ ពាក់ព័ន្ធនិងជំនាញយើងមិនអាចនិយាយ បានទេ” ។

ដូចគ្នានេះដែរ មន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូប ដែលចូលរួមប្រតិ បត្ដិការស៊ើបអង្កេតនិងស្រាវជ្រាវអំពើឃាតកម្មខាងលើនេះ ក៏មិនអាចធ្វើការអត្ថាធិប្បាយ ឱ្យបានវែងឆ្ងាយនោះទេ ព្រោះស្ថិតក្នុងដំណើរតាមដាននៅឡើយ ។

មន្ដ្រីនគរបាលរូបនេះ ដែលសូមមិនបញ្ចេញ ឈ្មោះបានបង្ហាញការលំបាកលើការស្រាវជ្រាវតាមចាប់ឃាតក បន្ទាប់ពីវីដេអូបង្ហាញពី សកម្មភាពបាញ់ប្រហារលើជន រងគ្រោះនោះ ត្រូវបានបែកធ្លាយជាសាធារណៈ ។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ទៀត ថា ការលំបាកនោះគឺទី១ ជនដៃដល់បាននឹង កំពុងបន្ដរត់គេចខ្លួន ព្រោះតែសមត្ថកិច្ចមាន វីដេអូ នៅក្នុងដៃនិងទី២ ឃាតកអាចនឹង ត្រូវគេបំបិតមាត់ ព្រោះបែកធ្លាយពីសកម្ម ភាពធ្វើឃាត ។ ចំពោះអំពើឃាតកម្មលើ ឧកញ៉ាអ៊ឹង ម៉េងជឺ វ័យជាង៤០ឆ្នាំ និងជា អ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភមួយរូបខាង លើនេះ ត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជារឿងគំនុំសុទ្ធសាធ ប៉ុន្ដែមិនដឹងថា ផ្ដើម ចេញពីរឿងអ្វីនោះទេ គឺកំពុងធ្វើការសួរនាំ និងស្រាវជ្រាវ ។

មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានចាត់ ទុកថា សកម្មភាពនេះ មិនត្រឹមតែជាអំពើ ឃាតកម្មនោះ តែអាចជាអំពើភេវរកម្មពី ព្រោះជាសកម្មភាពមួយបន្លាចអ្នករកស៊ីធំៗ និងអ្នកវិនិយោគិននៅក្នុងប្រទេសកម្ពុជា។

បុរសម្នាក់ ដែលមានជាម្ចាស់អាខោន ហ្វេសប៊ុក ឈ្មោះ Polo Leab ត្រូវជាប្អូន ប្រុសរបស់ជនរងគ្រោះ ក៏បានបង្ហោះរូបថត ៤សន្លឹកនៃការធ្វើកោសលវិច័យរបស់សមត្ថ កិច្ចជំនាញ ដោយមានស្នាមគ្រាប់បាញ់ចំលើ ដើមទ្រូង៤គ្រាប់ធ្លាយទៅខ្នង និងលើដើម ដៃផ្សេងទៀត ដែលសមត្ថកិច្ចអះអាងថា ក្នុងចំណោមការបាញ់ប្រមាណ១០គ្រាប់ជន រងគ្រោះ ត្រូវ៦គ្រាប់ ។

ប្អូនប្រុសជនរងគ្រោះរូបនេះ បានចាត់ទុក ថា ជនដែលបាញ់សម្លាប់បងប្រុសរបស់ខ្លួន គឺជាឃាតកដែលមានជំនាញបំផុត ។

បច្ចុប្បន្នសពលោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះរបស់លោកជិតស្ពានឧកញ៉ា ម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលមជ្ឈដ្ឋានទូទៅកំពុងរង់ចាំមើលយ៉ាងអន្ទះសារពីការចាប់បានឃាតកដែលបាញ់សម្លាប់ជនរងគ្រោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

- អាន ៖ វីដេអូ និង​រូប​ភាពអំពី​ករណី​បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh