CamNews

ព័ត៌មានជាតិ 

កម្ពុជា កំពុងខិតខំ យ៉ាងខ្លំាង អនុវត្តលើ Blueprint នៃសសរស្តំទំាងបី ក្នុងសមាហរណកម្មអាស៊ាន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងឲ្យដឹងថា សម្រាប់សមាហរណកម្មអាស៊ាន ចុងឆ្នាំ២០១៥នេះ កម្ពុជាកំពុងខិតខំយ៉ាងខ្លំាង អភិវឌ្ឍន៍ទៅលើសសរស្តំ ទំាងបីរបស់អាស៊ាន ពោលគឺសសរស្តំខាងផ្នែកនយោបាយ សន្តិសុខ សសរស្តំខាងផ្នែកសេដ្ឋកិច្ច និងសសរស្តំខាងផ្នែកសង្គម និងវប្បធម៌។

ថ្លែងប្រាប់អ្នកព័ត៌មាន នាទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៧ ខែឧសភា នេះ រដ្ឋលេខាធិការក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ាន លោកស្រី សឿង រ័ត្នចាវី បានមានប្រសាសន៍ថា កម្ពុជា និងអាស៊ាន កំពុងតែខិតខំ អនុវត្តនូវអ្វីដែលគេហៅថា Blueprint ជាផែនទីលម្អិត នៃការកសាងសហគមន៍ ផ្នែកនយោបាយសន្តិសុខ សហគមន៍ ផ្នែកសេដ្ឋកិច្ច និងសហគមន៍ផ្នែកសង្គម និងវប្បធម៌។

លោកស្រីបានបញ្ជាក់ថា សហគមន៍នីមួយៗ គឺត្រូវតែដើរទំាងអស់គ្នា មិនមែនតែផ្នែកសេដ្ឋកិច្ចមួយទេ ដែលដើរខ្លាំងនោះ ត្រូវប្រឹងទំាងអស់គ្នា ប្រសិនបញ្ហានយោបាយ និងសន្តិសុខ អត់ស្ថិរភាព សេដ្ឋកិច្ចមិនអាចរីកចម្រើននោះទេ ហើយវាក៏ប៉ះពាល់ដល់សង្គម និងវប្បធម៌ដែរ ព្រោះថាសង្គម និងវប្បធម៌ មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ដូច្នេះអប់រំ ជាវិស័យគន្លឹះខ្លាំងណាស់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ឯផ្នែកទេសចរណ៍ បានរួមចំណែកខ្លាំងណាស់ ទេសចរណ៍កើន ជីវភាពប្រជាជនក៏កើនដែរ បង្កើតការងារ បង្កើតចំណូលថវិការដ្ឋច្រើនណាស់។

លោកស្រី សឿង រ័ត្នចាវី បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងអាស៊ាន សសរស្តំទាំងបី មានតម្លៃស្នើៗគ្នា សហគមន៍ផ្នែកសេដ្ឋកិច្ច ដើរលឿនមែនទែន នយោបាយ និងសន្តិសុខ ក៏ដើរទន្ទឹមគ្នានោះដែរ សង្គមនិងវប្បធម៌ ក៏ប្រឹងទៅជាមួយគ្នាដែរ ឯផ្នែកសង្គម និងវប្បធម៌ មានបញ្ហាមួយ ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងនោះ គឺបញ្ហាការពារ និងលើកកម្ពស់សិទ្ធិ របស់ពលកររបស់អាស៊ាន ដែលចេញទៅធ្វើការ នៅក្នុងតំបន់ និងនៅក្រៅតំបន់”។

ចំពោះបញ្ហាគម្លាត ផ្នែកសេដ្ឋកិច្ច របស់ប្រទេសនីមួយៗក្នុងអាស៊ាន លោកស្រី ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអាស៊ាន មានគម្លាតអភិវឌ្ឍន៍ កម្ពុជា មិនទាន់អាចប្រៀបធៀបខ្លួនជាមួយសិង្ហបុរី និងម៉ាឡេស៊ី បាននោះទេ ហើយប្រទេសទាំងនោះ ក៏ខិតខំជួយកម្ពុជាផងដែរ កម្ពុជាត្រូវ ខិតខំខ្លួនឯង ជួយខ្លួនឯង ខិតខំគ្រប់វិស័យ គេជួយកម្ពុជាផ្នែកពង្រឹងធនធានមនុស្ស ហើយកម្ពុជាក៏ត្រូវខិតខំពង្រឹងខ្លួនឯង ខិតខំបង្កើតសមត្ថភាពខ្លួនឯងលើគ្រប់វិស័យ ទំាងផ្នែករដ្ឋ ទំាងផ្នែកឯកជន ទំាងផ្នែកយុវជន គ្រប់ផ្នែក៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh