ភ្នំពេញៈ ក្រោយពីគេហទំព័រ ដ៏មានប្រជាប្រិយភាព LookingTODAY បានចុះផ្សាយអត្ថបទ មានចំណងជើងថា "គង់ វង្សយ៉ាទី ប៉ែង ជីជី ចេញពី CTN " កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅថ្មីៗនេះ ស្រាប់តែមានប្រភព ពីអ្នកជិតដិតខ្លួន កញ្ញា ជីជី បានចេញមុខបដិសេធ ចំពោះព័ត៌មាននេះថា នាងមិនត្រូវបានខាងស្ថានីយទូរទស្សន៍ CTN បណ្តាញចេញ ដោយសារបុគ្គលណាម្នាក់ ជាដើមហេតុ ឬជាអ្នកជ្រៀតជ្រែងតំណែង នាងនោះទេ ។
បន្ទាប់ពីបាត់វត្តមាន ពិធីការិនីរូបស្រស់ឆើតឆាយ កញ្ញា ជីជី ពីកម្មវិធី "រាត្រីកម្សាន្ត" រយៈពេល២សប្តាហ៍ ជាប់ៗគ្នា បានធ្វើឲ្យ មានដំណឹង លេចឮល្ហិចល្ហៀងថា កញ្ញា ជីជី មានការអាក់អន់ស្រពន់ចិត្ត មើលមុខគ្នាមិនចំ ជាមួយស្រីស្អាត អ្នកចំណូលថ្មី នាង គង់ វង្សយ៉ាទី ដោយសារតែការជ្រែក ចូលកាន់តំណែង ជាពិធីការិនីក្នុងកម្មវិធី "រាត្រីកំសាន្ត"។ ក្នុងរយៈពេល២សប្តាហ៍នេះ គេ ឃើញតែពិធីការិនី ចំណូលថ្មី មិនសូវសម្បូវោហាស័ព្ទ កញ្ញា គង់ វង្សយ៉ាទី កាន់ក្បាលមេក្រូ និយាយឆ្លើយឆ្លងផ្តោះផ្តង ជាមួយ លោក សាយ រតនៈ តែពីរនាក់ ខុសប្លែកពីពេលមុនៗ ដែលគេធ្លាប់បានឃើញ នាង ជីជី ជាពិធីការិនី ជាមួយគ្នា៣នាក់។
ចំពោះការបាត់មុខ ពិធីការិនីវ័យក្មេង កញ្ញា ជីជី ពីកម្មវិធី "រាត្រីកំសាន្ត" នេះ ត្រូវបានប្រភព ពីមិត្តភក្តិជិតដិត របស់នាង គឺ លោក សាយ រតនៈ បកស្រាយប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថា សម្រាប់ការលេចព័ត៌មាន ដែលបណ្តាញសារព័ត៌មាន ក្នុងស្រុក ចុះផ្សាយថា នាងត្រូវបានខាងស្ថានីយ ទូរទស្សន៍ ផ្អាកការងារ ដោយសារតែមាន ទំនាស់ផ្ទៃក្នុងនោះ មិនមែនជាការពិត ទេ ។ "មូលហេតុដែល ជីជី បាត់វត្តមាន ពីកញ្ចក់ទូរទស្សន៍ ដោយសារតែនាង មានការរវល់ ជាមួយគ្រួសារ ខ្ញុំគិតថា គ្មានទាក់ទងអី នឹងការដេញចេញទេ។ ម្យ៉ាង ជីជី ក៏មិនបានធ្វើខុស ដល់ថ្នាក់ ត្រូវគេបញ្ឈប់ ពីការងារ ដូចការលើកឡើងដែរ" ។ លោក រតនៈ បញ្ជាក់បន្ថែម ។
ពិធីករដៃគូ របស់ កញ្ញា ជីជី បានប្រាប់ឲ្យដឹងទៀតថា "តាមពិតទៅមុននឹង បាត់វត្តមាន របស់ ជីជី គឺនាងបានដាក់ពាក្យ សុំច្បាប់ចំនួន២សប្តាហ៍ ព្រោះតែរវល់ជាមួយគ្រួសារ ហើយនៅថ្ងៃសៅរ៍សប្តាហ៍នេះ នាងនឹងវិលត្រឡប់ មកបម្រើការងារ ជាធម្មតាវិញ ហើយ ។ ជាការពិត ក្នុងអំឡុងពេល បាត់វត្តមាននោះ ខ្ញុំក៏បានប្រកាសប្រាប់ដែរថា រយៈពេល២សប្តាហ៍នេះ ជីជី មិនបានមកធ្វើកម្មវិធីទេ ប្រាប់ដល់មហាជនឲ្យបានដឹងដែរ ព្រោះនាងមានភារៈកិច្ចផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំសង្ឃឹមថា ទស្សនិកជន នឹងលែងយល់ច្រឡំទៀតហើយ" ៕