ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ មានបណ្តាផលិតកម្មជាច្រើន មានការរអ៊ូរទាំតៗគ្នាមិនដាច់ ព្រោះតែការផ្លាស់ប្តូរលេខទូរស័ព្ទ របស់អ្នកសិល្បៈ ច្រើនលើកច្រើនសារ ពិបាកក្នុងការទាក់ទងនៅក្នុង ចំណោមតារាទាំងអស់នោះ ក៏មាន វត្តមានតារាស្រី កញ្ញា ឌុច លីដា ក៏ជាប់ឈ្មោះជាតារាដែលពូកែ ផ្លាស់ប្តូរលេខទូរស័ព្ទផងដែរ ។
នៅក្នុងនោះនាពេលកន្លងមក ក៏ធ្លាប់មានអ្នកសិល្បៈមួយចំនួន ចេញមុខបកស្រាយទាក់ទង ការផ្លាស់ប្តូរលេខទូរស័ព្ទរបស់ខ្លួនផងដែរ ដោយពួកគេម្នាក់ៗចេញ មុខអះអាងថា ការផ្លាស់ប្តូរលេខនោះគឺមកពីមានកន្លង់ តាមចែចង់និងណាត់ពួកនាងញុំាបាយ ទៅដើរលេងច្រើនពេក ទើបធ្វើឲ្យពួកគេត្រូវបង្ខំចិត្ត ផ្លាស់ប្តូរលេខទូរស័ព្ទ ញឹកញាប់បែបនេះ ។
ដោយឡែកតារាស្រីចម្រុះស្រួច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា ក៏ជាតារាស្រីដែលជាប់ឈ្មោះថា ជាតារាស្រីប្តូរលេខទូរស័ព្ទច្រើនរូបនេះ ក៏បានប្រាប់ Looking TODAY ដោយទទួលស្គាល់ថានេះជាការពិត នាងមិនបដិសេធទេ នាងពិតជាឧស្សាហ៍ផ្លាស់ប្តូរលេខទូរស័ព្ទច្រើនមែន ហើយសម្រាប់ហេតុផល នាងក៏មិនខុសពីអ្នកសិល្បៈដទៃទេ គឺមានពេលខ្លះនាងមានអារម្មណ៍ធុញទ្រាន់ការទូរស័ព្ទមក សុំស្នេហ៍និងរំខាននាងមិនឈប់។
តារាស្រីរាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ទន្ទឹមនឹងការខ្លាចមិនចង់ ទទួលទូរស័ព្ទរំខានច្រើនលើកច្រើនសារនោះដែរ ខ្ញុំក៏មានការខ្លាចរអាទូរស័ព្ទ របស់អ្នកកាសែតដូចគ្នា ពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្លាចសំណួររបស់ពួកគាត់ (អ្នកកាសែត) ទៀតផង ទើបខ្ញុំត្រូវដូរលេខទូរស័ព្ទបែបនេះ” ។
ជាមួយគ្នានោះ កញ្ញា ឌុច លីដា ក៏បានប្រាប់ឲ្យដឹងទាក់ទង ការងារសិល្បៈរបស់នាង នាពេលបច្ចុប្បន្ននេះថា នាងមានការមមាញឹក ជាមួយការងារសិល្បៈច្រើន មិនសូវមានពេលទំនេរទេ ជាក់ស្តែងនាងទើបតែថតបញ្ចប់រឿងថ្មី ដែលមានចំណងជើងថា “ស្បែកគង់” ដោយនាងសម្តែងជាតួឯកហើយ ក៏មានថតស្ពតពាណិជ្ជកម្មថ្មី និងការងារជាច្រើនទៀត មិនសូវមានពេលទំនេរប៉ុន្មានទេ៕
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល