ភ្នំពេញ ៖ បេក្ខនារី ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី "ផ្កាយរះក្នុងសួន" ដែលរៀបចំឡើង ដោយស្ថានីយ ទូរទស្សន៍ អប្សរា កញ្ញា ហ៊ិន លីនដា ត្រូវបានប្រភព ព័ត៌មាន ចចាមអារ៉ាម ធ្លាយចេញនៅព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៤នេះថា នាងត្រូវរងការបាញ់ ប្រហារ ពីសំណាក់ខ្មាន់កាំភ្លើង លាក់មុខនៅម្តុំផ្សារកណ្តាល ។
ហេតុការណ៍លេចឮ ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលនេះ គឺកំពុងត្រូវបានសួរដេញដោលគ្នា នៅតាមទីប្រជុំជន ផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសបងប្អូន តាមបណ្តារោងចក្រ ខណៈដែលសមត្ថកិច្ច ក្នុងរាជ ធានីភ្នំពេញ បានអះអាងថា ពុំមានហេតុការណ៍បាញ់ប្រហារ លើតារាចម្រៀងស្រអែម ស្រស់រូបនេះ កើត ឡើងឡើយ ។
កញ្ញា ហ៊ិន លីនដា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងថ្មីថ្មោង ទើបតែប្រឡងជាប់លេខ១ ក្នុងកម្មវិធី "ផ្កាយរះក្នុងសួន" ដោយមានលោក ហ្វៃ សំអាង ជាអ្នករៀបចំ ប្រចាំក្នុងឆ្នាំ២០១៣ និងមានសម្រស់ស្រស់ ស្អាត មានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង និងជាកម្មវិធីមួយទទួល បានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ទស្សនិកជន ទូទៅ ៕