CamNews

ព័ត៌មានជាតិ 

សៀវម៉ី មានសង្ឃឹមជាប់ ការប្រឡងបាក់ឌុប​ លើកទី២ ក្រោយដណ្ដើម បានមេដាយមាស កីឡាអាស៊ី

ភ្នំពេញ៖ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស ១គ្រឿងពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងជូនប្រទទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងគិតពិចារណាចំពោះការផ្ដល់ការដូឲ្យវីរៈនារីរបស់កម្ពុជានេះ ជាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) លើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែតុលាខាងមុខនេះផងដែរ ។

ថ្លែងប្រាប់អ្នកសាព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី០៤ តុលានេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណាលើសំណើឲ្យវីរៈនារី ស៊ន សៀវម៉ី ដែលទើបដណ្ដើមបានមេដាយមាសប្រវត្តិសាស្ដ្រ ក្នុងការប្រកួតកីឡាជើងឯកប្រចាំទ្វីបអាស៊ី ជាប់ការប្រឡងបាក់ឌុបលើកទី២ ដោយស្វ័យប្រវត្តិ ។

ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងដណ្ដើមមេដាយជូនប្រទេសជាតិកម្ពុជាទាំងមូល ដែលកីឡាការិនី ស៊ន សៀវម៉ី ធ្វើបានយ៉ាងល្អក្នុងការប្រកួតកីឡាអាស៊ីនេះ លោក ហង់ ជួនណារ៉ុន កំពុងសិក្សាអំពីជម្រើសផ្សេងៗជាច្រើន ដើម្បីផ្ដល់តម្លាភាពជូនដល់បេក្ខជនត្រៀមប្រឡងលើកទី២ទាំងអស់ មុននឹងសម្រេចឲ្យ សៀវម៉ី ជាប់បាក់ឌុបដោយស្វ័យប្រវត្តិនោះ ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិលើកទី១ ក្នុងសម័យកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ កាលពីខែសីហាកន្លងទៅនោះ កញ្ញា ស៊ន សៀវម៉ី បានធ្លាក់ម្ដងមកហើយ ប៉ុន្ដែសម្រាប់កម្មវិធីប្រឡងលើកទី២ ដែលគ្រោងនឹងរក្សាទ្រង់ទ្រាយប្រឡងដ៏តឹងតែងដដែលនោះ មិនដឹងថា សៀវម៉ី អាចទៅឬក៏អត់ទេ ព្រោះនាងមិនបានរៀនសូត្រត្រៀមខ្លួនដើម្បីប្រឡងឡើយ ដោយសាការជាប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន ២ គឺការប្រកួតកីឡាអូឡាំពិកជើងឯកយុវជន លើកទី២ នៅទីក្រុងណានជីង ប្រទេសចិន និងការប្រកួតកីឡាអាស៊ី លើកទី១៧ នៅកូរ៉េ ដែលទើបនឹងបញ្ចប់នេះ ។

សាមីខ្លួនផ្ទាល់កីឡាការិនី ស៊ន សៀវម៉ី ក៏ធ្លាប់បាននិយាយថា “ខ្ញុំព្យាយាមខិតខំហ្វឹកហាត់ប្រកួតដើម្បីជាតិ ប៉ុន្ដែខ្ញុំគ្មានពេលវេលាគ្រប់គ្រង ដើម្បីរៀនសូត្រត្រៀមប្រឡងនោះទេ ដូច្នេះធ្វើម្ដេចខ្ញុំប្រឡងជាប់ បើអត់ដែលបានរៀនផង ទោះឲ្យប្រឡង ១០លើកទៀតក៏មិនជាប់ដែរ” ។

ទោះបីដណ្ដើមបានមេដាយមាស ដែលជាមេដាយប្រវត្តិសាស្ដ្ររបស់កម្ពុជាក្នុងការប្រកួតកីឡាអាស៊ី  ខួបលើកទី ៦០ឆ្នាំក៏ពិតមែន ប៉ុន្ដែកីឡាការិនី ស៊ន សៀវម៉ី នៅមិនទាន់សប្បាយចិត្តនៅឡើយទេ ដោយសានាងត្រូវប្រឈមនឹងការប្រឡងបាក់ឌុប លើកទី២ ម្ដងទៀត ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ ប៉ុន្ដែវីរៈនារីទី១ ដែលរកបានមេដាយមាសនេះ ក៏ធ្លាប់បានអំពាវនាវដល់លោក ហង់ ជួនណារ៉ុន ឲ្យមានការបន្ធូរបន្ថយខ្លះផង សម្រាប់ការប្រឡងបាក់ឌុបរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលចំណាយពេលវេលាជាច្រើនមកហ្វឹកហាត់ប្រកួតប្រជែងដើម្បីជាតិនោះ ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីដឹងថា ស៊ន សៀវម៉ី ត្រូវចូលរួមប្រឡងបាក់ឌុប លើកទី២ តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ស្របពេលនាងដណ្ដើមបានមេដាយមាសកីឡាអាស៊ីផងនោះ មានមតិភាគច្រើន ធ្វើការសំណូមពរឲ្យលោក ហង់ ជួនណារ៉ុន មានវិធានការដ៏ល្អប្រសើរមួយសម្រាប់កីឡាការិនី ស៊ន សៀវម៉ី ។ មតិទាំងនោះបានលើកឡើងជាសំណើរថា «ក្រសួងអប់រំ គួរតែអនុញ្ញាតឲ្យកីឡាការិនី ស៊ន សៀវម៉ី ជាប់ដោយស្វ័យប្រវត្តិតែម្ដងទៅ ក្នុងការប្រឡងបាក់ឌុប លើកទី២នាពេលខាងមុខនេះ ព្រោះនាងមានស្នាដៃធំធេងណាស់ ចំពោះជាតិ ដែលកម្ររនឹងមានអត្តពលិកដទៃធ្វើបានដូចនាងឡើយ» ។

ការលើកឡើងបែបនេះហើយ ទើបធ្វើឲ្យ ថ្នាក់ដឹកនាំក្រសួងអប់រំ រួមទាំងរាជរដ្ឋាភិបាល កំពុងគិតពិចារណាទៅលើសំណើរខាង ដើម្បីសិក្សារាល់ជម្រើសនានា ក្នុងការស្វែងរកចំណុចវិជ្ជមានមួយ សម្រាប់ជាការលើកទឹកចិត្តដល់កីឡាការិនី ស៊ន សៀវម៉ី ។ លទ្ធផលយ៉ាងណានោះ គេរំពឹងថា ដឹកនាំកីឡាគ្រប់ឋានៈបង្ហើបឲ្យដឹង នៅក្នុងសន្និសីទសាព័ត៌មាន ដែលគ្រោងនឹងរៀបចំឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វេលាម៉ោង ១០ព្រឹកនាថ្ងៃទី០៦ ខែតុលាខាងមុខនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh