មនុស្ស ៥នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយសារតែកើតជម្ងឺចម្លែកកម្រជួបមួយ ទាក់ទិន
នឹងតុល្យភាពនៃរាងកាយ ដូច្នេះ ពួកគេក៏ត្រូវប្រើទាំងដៃ ទាំងជើង ដើម្បីធ្វើដំណើរ។
បងប្អូនបង្កើត ៥នាក់នេះ រស់នៅក្នុងខែត្រ Hatay ភាគខាងត្បូងនៃប្រទេសទួរគី។ ជម្ងឺរបស់
ពួកគេ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រលើពិភពលោក ឈឺក្បាល ចាប់តាំងពីពួកគេត្រូវបានគេ
ដឹងឮ កាលពីឆ្នាំ ២០០៥។ ក្រោយពីបានធ្វើការពិសោធ ស្រាវជ្រាវ អស់រយៈពេលជាច្រើនឆ្នាំ
ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងជាផ្លូវការថា គ្រួសារដែលដើរដោយដៃ និងជើងនេះ មិនមែនជា
ភ័ស្ដុតាង បង្ហាញពីការវិវត្តបញ្ច្រាសទិសនោះទេ ប៉ុន្ដែ ពួកគេកើតជម្ងឺតពូជដ៏កម្រមួយ។
ប្រភពព័ត៌មាន ឱ្យដឹងថា គ្រួសារចម្លែក នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសទួរគីនេះ មាន
បងប្អូន ១៩នាក់ ក្នុងនោះ មានតែសមាជិក ៥រូប (ស្រី ៤ ប្រុស ១) ដែលមានអាយុ ចាប់ពី ១៨
ដល់ ៣៤ឆ្នាំ កើតជម្ងឺចម្លែកនេះ។ ចំណែកពុកម្ដាយរបស់ពួកគេ ធ្វើដំណើរដូចមនុស្សធម្មតា។
ពួកគេអាចងើបឡើងបានតែក្នុងរយៈពេលខ្លី ក្នុងឥរិយាបទ លុតជង្គង់ និងឱនក្បាលចុះក្រោម។
គួររំលឹកថា ដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្ដ្រ បានលើកឡើងថា គ្រួសារនេះ គឺជាឧទាហរណ៍
មួយ បញ្ជាក់អំពីការវិវត្តបញ្ច្រាស របស់មនុស្សលោក។ ប៉ុន្ដែ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក
អះអាងថា ការធ្វើដំណើរដោយប្រើទាំងដៃ ទាំងជើង របស់ពួកគេ គឺវិធីមួយដើម្បីដោះស្រាយក្នុង
ការធ្វើដំណើរ ព្រោះតែពួកគេកើតជម្ងឺបាត់បង់តុល្យភាពរាងកាយ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail