ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ ឈរលំដាប់កំពូល ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់កាន់តែ មានមោទនភាព ទៅលើរូបលោកជាខ្លាំង ក្រោយពីលោក បានបង្ហាញវត្តមាន បកស្រាយបទចម្រៀង អបអរខួបលើកទី ៦៤ និងចូលរួមសហការ ជាមួយសហភាពអឺរ៉ុប ជាលើកដំបូង ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV ។
តារាចម្រៀង ល្បីឈ្មោះជាង១ទស្សវត្ស និងកំពុងហ៊ុំព័ទ្ធ ដោយព័ត៌មានចេញពីហង្សមាស ចូលក្នុងផលិកម្មថោន លោក ព្រាប សុវត្ថិ បានបង្ហាញពីអារម្មណ៍ មោទនភាពយ៉ាងខ្លាំង ខណៈដែលលោកត្រូវ បានសហភាពអឺរ៉ុបជ្រើសរើស ឲ្យចូលរួមសកម្មភាព ក្នុងការជួយកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយវិស័យអប់រំ លើកកំពស់សិទ្ធិមនុស្ស និងសកម្មភាពជាច្រើនទៀត នៅក្នុង ប្រទេសកម្ពុជា ខណៈកន្លងមកតារាចម្រៀងរូបនេះ ក៏ធ្លាប់បានចូលរួម ក្នុងកម្មវិធីបែបអន្តរជាតិ និងធ្វើជាអ្នកតំណាងប្រទេស កម្ពុជា ទៅចូលរួមក្នុងកម្មវិធីធំៗ នៅក្រៅប្រទេសច្រើនគួរសមមកហើយ។
ព្រាប សុវត្ថិ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន របស់លោក ក្នុងការចូលរួមជាមួយ សហភាពអឺរ៉ុប តាមរយៈ Facebook ផ្ទាល់របស់លោកថា “នេះជាសេចក្តីរំភើបមួយ ដែលខ្ញុំបានចូលរួមសកម្មភាព ជាមួយសហភាពអឺរ៉ុប ប្រចាំកម្ពុជា ហើយក៏អរគុណដល់សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដែលបានជួយកាត់បន្ថយភាពក្រីក្រ នេះជាមោទនភាពមួយ ដែលយើងបានធ្វើការរួមគ្នា ក្នុងស្នាមញញឹមមួយល្អ ដើម្បីភាពរីកចំរើនក្នុងប្រទេសកម្ពុជា ។ អរគុណ ហើយខ្ញុំក៏សប្បាយរីករាយ ក្នុងការធ្វើការងារនេះ ….! ” ។
នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញវត្តមាន នៅលើឆាកអន្តរជាតិ ព្រោះថាកន្លងមក លោកធ្លាប់បានចេញទៅសម្តែង នៅក្រៅប្រទេស តំណាងឲ្យប្រទេសកម្ពុជាជាច្រើន លើកច្រើនសារមកហើយ ។ កាលពីពេល ថ្មីៗកន្លងទៅ លោកទើបតែជាប់ឈ្មោះ ប្រកួតប្រជែង ក្នុងកម្មវិធី "World Music Awards 2014" ជាកម្មវិធីមួយល្បីបំផុត នៅលើពិភពលោក ដែលមានតារាចម្រៀងកំពូលៗ មកពី១៦០ ប្រទេសចូលរួម ជារៀងរាល់ឆ្នាំ ៕