CamNews

កំសាន្ត 

អេឡិច ដាហ្វី ចំណងស្នេហា ជាមួយអ្នកសិល្បៈដូចគ្នា ក្លាយជាមេរៀនដ៏ជូរចត់ សម្រាប់ខ្លួនឯង

ភ្នំពេញៈ សម្រាប់ទស្សនិកជន ពិតជាមានការភ្ញាក់ផ្អើល ជាក់ជាមិនខាន ខណៈនៅសុខៗ តារាសម្តែង សម្បូរសំណើចរូបសង្ហាលោក អេឡិច ដាហ្វី បានចេញមុខអះអាង ប្រាប់ LookingTODAY ថា ខ្លួនមានរាងចាល និងស្នេហា រវាងអ្នកសិល្បៈដូចគ្នាខ្លាំងណាស់ ក្រោយពីលេចឮ ព័ត៌មានថា ចំណងស្នេហារបស់លោក និងអ្នកសិល្បៈដូចគ្នា ត្រូវបានកាត់ផ្តាច់ពីគ្នា ។ ភាពរកាំរកូស មិនយល់ចិត្តគ្នា និងធ្វើឲ្យលោកខ្លាច រអាសច្ចា លែងប្រាថ្នា ស្នេហាបែបនេះ តទៅទៀត ព្រោះកន្លងមក លោកមិនដែលបង្ហើបពី ស្នេហាមួយនេះ ជាសាធារណៈម្តងណាឡើយ ។

គេនៅចាំបានថា លោក អេឡិច ដាហ្វី ធ្លាប់មានព័ត៌មាន លេចឮល្ហៀងៗមកថា លោកលួចលាក់មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយតារាចម្រៀង និងជាតារាសម្តែង កញ្ញា អាម៉ុច ។ ជារឿយៗគេតែងតែឃើញ ពួកគេទាំងពីរនាក់ បណ្តើគ្នាចូលរួមកម្មវិធី ក្នុងសង្គមសិល្បៈជាមួយគ្នា មិនដាច់នោះទេ បើទោះជាអ្នកទាំងពីរ បានចេញមុខច្រានចោល ពីព័ត៌មានស្នេហានេះក៏ដោយ។

ទោះជាមានការលើកឡើង បែបនេះ មជ្ឈមដ្ឋាន អ្នកតាមដាន សិល្បៈ នៅមិនទាន់ដឹងច្បាស់ នៅឡើយទេ ថា រវាងពួកគេទាំងពីរ មានទំនាក់ទំនងស្នេហា ដូចពាក្យចចាមអារ៉ាម ឬយ៉ាងណាទេ ។

ប្រាប់ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែង ដែលមានចរិករួសរាយរាក់ទាក់ លោក អេឡិច ដាហ្វី បានប្រាប់ឲ្យដឹងថា សម្រាប់ការទម្លាយ ពីអាថ៌កំបាំងស្នេហា របស់លោក ទើបតែកើតឡើង មួយរយៈក្រោយនេះ បន្ទាប់ពីលោកចំណាយ ក្នុងការសេពគប់ មើលចិត្តថ្លើមនារីម្នាក់នោះអស់មួយស្របក់ធំ។ កាលពីពេលថ្មីៗនេះ លោក និងនារីម្នាក់នោះ បានសម្រេចចិត្តដើរផ្លូវផ្សេងគ្នា ដោយសារតែការមិនចុះសម្រុង ហើយនារីម្នាក់នោះ គឺជាអ្នកសិល្បៈរួមអាជីព តែលោកសុំមិនបញ្ចេញឈ្មោះ ហើយក៏មិនមែនជា កញ្ញា អាម៉ុច នោះដែរ ។

តារាប្រុសវ័យ២៥ឆ្នាំរូបនេះ បានប្រាប់បែបលាក់លៀមទៀតថា "ចាប់តាំងពីខ្ញុំបែកគ្នា ជាមួយអតីតគូស្នេហ៍មក ខ្ញុំហាក់ដូចជា មានអារម្មណ៍ថា ខ្លាចមនុស្សស្រីម៉េចមិនដឹងទេបង..! ខ្ញុំធ្លាប់ចំណាយពេល រាប់អានជាមួយនារី ជាអ្នកសិល្បៈម្នាក់ ដោយខ្ញុំធ្លាប់គិតថា នារីម្នាក់នោះ ជាគូជីវិតខ្ញុំ ។ តែដល់ពេលដែលខ្ញុំរាប់អានយូរៗ ទៅនារីម្នាក់នោះ បែរជាបង្ហាញចរិក ខឹងអត់ហេតុផល ចូលចិត្តនិយាយបាតដៃខ្នងដៃ និងមានរឿងជាច្រើនទៀត ធ្វើឲ្យស្នេហាមួយនេះ ចាប់ផ្តើមល្អក់កករ រហូតធ្វើឲ្យពួកខ្ញុំមិនអាចនៅជាមួយគ្នាបាន។ ដូច្នេះខ្ញុំក៏បង្ខំចិត្តបែកគ្នា តែម្តងទៅ ហើយក្រោយពីខ្ញុំចែកផ្លូវគ្នា រឿងទាំងអស់នេះ បានក្លាយជាមេរៀន សម្រាប់ខ្ញុំ លែងហ៊ានស្រឡាញ់ អ្នកសិល្បៈដូចគ្នាទៀតហើយ "។

តារាសម្តែង និងជាតារាបង្ហាញម៉ូដរូបនេះ បានប្រាប់ទៀតថា សម្រាប់ការដាក់ចិត្តស្រឡាញ់ មនុស្សស្រីម្នាក់ លោកមិនដែលគិតថាចង់ធ្វើបាបចិត្តនារី ម្នាក់ណាឡើយ តែលោកមិនដឹងថា យ៉ាងម៉េចហេតុអី លោកត្រូវជួបប្រទះ រឿងស្នេហាបែបនេះ ធ្វើឲ្យលោកខូចចិត្ត និងមានអារម្មណ៍ខ្លាចមនុស្សស្រីបែបនេះ។ ទោះជាយ៉ាងក្រោយពីបែកគ្នា លោកអាចទុកពេល សម្រាប់ព្យាបាលបេះដូង ប្រហែលជា២-៣ឆ្នាំ សិន ។ ម្យ៉ាងទៀតលោកចង់ រកលំនឹងសម្រាប់ជីវិត ឲ្យច្បាស់សិន ចាំចាប់ផ្តើមគិតរឿងនេះ ជាថ្មីម្តងទៀត ៕

អេឡិច ដាហ្វី ចំណងស្នេហា ជាមួយអ្នកសិល្បៈដូចគ្នា ក្លាយជាមេរៀនដ៏ជូរចត់ សម្រាប់ខ្លួនឯង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news