(ភ្នំពេញ)៖ ខណៈដែលតារាចម្រៀង កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ អ្នកនាង ពេជ្រ សោភា កំពុងតែមានជំងឺប្រចាំកាយ រហូតត្រូវចេញទៅព្យាបាល នៅក្នុងប្រទេសថៃ និងទើបតែត្រឡប់មកវិញ ទាំងស្ថានភាពជំងឺមិនទាន់ជាដាច់ស្រឡះផងនោះ ថ្មីៗនេះ ស្រាប់មានហេតុការណ៍ គួរឲ្យចម្លែកមួយ បានកើតឡើងចំពោះនាង ដោយមានអ្នកច្រណែនឈ្នានីស រហូតតាមព្យាបាទ មានចេតនាធ្វើបាបរូបនាង ច្រានឲ្យដួលក្នុងបន្ទប់ទឹកទៀតផង។
អ្វីដែលគួរឲ្យកត់សម្គាល់នៅពេលនេះ គឺ ពេជ្រ សោភា បានសរសេរសារក្នុង Account Facebook របស់នាងថា «ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ សំខាន់ខ្ញុំមិនក្បត់ខ្លួនឯង អ្នកដែលរុញខ្ញុំឲ្យដួល នៅបន្ទប់ទឹកយប់ថ្ងៃមុន ចាំឲ្យច្បាស់នាងដូចជាធាត់ពេកហើយ ខ្ញុំស្គាល់នាងច្បាស់ណាស់ កុំព្យាយាមធ្វើបាបមនុស្សកំពុងឈឺ»។
សាររបស់តារាចម្រៀង ពេជ្រ សោភា ហាក់បង្ហាញថា អ្នកតាមឈ្នានីស គឺចង់ធ្វើបាប ខណៈដែលនាងកំពុងតែមានជំងឺ ពោលគឺបានច្រាននាងឲ្យដួលក្នុងបន្ទប់ទឹក ប៉ុន្តែនាងបានស្គាល់អត្តសញ្ញាណ ស្រ្តីម្នាក់នោះហើយ គ្រាន់តែនាងមិនចង់បញ្ចេញឲ្យគេដឹងជាសាធារណៈប៉ុណ្ណោះ ។
តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនមើលឃើញថា មួយរយៈនេះនាងហាក់មានរឿង និងព័ត៌មានប្លែកៗកើតឡើងឥតដាច់ ហើយរឿងទាំងនោះ មិនសូវជាដំណឹងល្អសម្រាប់នាងឡើយ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកគាំទ្រ នៅតែផ្ដល់កម្លាំងចិត្តដល់នាង ដើម្បីឲ្យមានការតស៊ូបន្ថែមទៀត ពោលកុំចុះចាញ់ឲ្យសោះ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង