រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រើប្រាស់ នូវប្រភេទវ៉ាក់សាំងបង្ការជំងឺខូរ៉ូណាវីរុស Pfizer BioNTech សម្រាប់ការប្រើប្រាស់បន្ទាន់ ។
ភ្នាក់ងារនេះ បានរងសម្ពាធយ៉ាងខ្លាំង ពីរដ្ឋការរបស់លោកត្រាំ ដើម្បីឱ្យអនុម័តលើការប្រើប្រាស់វ៉ាក់សាំងនេះ ។
ប្រធាន FDA លោក Stephen Hahn ត្រូវបានស្នើរឱ្យអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងនេះ បើមិនដូច្នោះទេត្រូវលាលែងពីការងារ នេះបើតាមការឱ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បើទោះជាលោក បានប្រកែកថា វាមិនមែនជាការពិតដ៏ដោយ ។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ការចាក់វ៉ាក់សាំងលើកដំបូង នឹងប្រព្រឹត្ដទៅ ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ។ បច្ចុប្បន្ន វីរុសនេះ បានសម្លាប់មនុស្សជាង 292,000 នាក់ នៅសហរដ្ឋអាមេរិក ។
លេខាធិការក្រសួង សេវាមនុស្ស និងសុខាភិបាល លោក Alex Azar បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃសុក្រម្សិលម៉ិញនេះថា ក្រសួងរបស់លោក នឹងធ្វើការជាមួយ Pfizer ដើម្បីញ៉ាំងឱ្យកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចាប់ផ្ដើមប្រព្រឹត្ដទៅ នៅថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្ដាហ៍ក្រោយ ។
វ៉ាក់សាំង Pfizer បានទទួលការអនុម័តតាមផ្លូវច្បាប់ នៅចក្រភពអង់គ្លេស កាណាដា បារ៉ែន និង អារ៉ាប៊ីសាអូឌីត ។ កាលពីថ្ងៃពុធកន្លងទៅនេះ សហរដ្ឋអាមេរិក បានកត់ត្រាមរណភាពចំនួន 3,000 នាក់ ដែលជាចំនួនមរណភាពសរុបខ្ពស់បំផុត ក្នុងរយៈពេលត្រឹមមួយថ្ងៃ ខ្ពស់ជាងប្រទេសផ្សេងៗទូទាំងពិភពលោក ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC