ភ្នំពេញ៖ តារាចម្រៀងសម្បុរ ស្រអែមស្រស់ កញ្ញា សុភ័ក្រ កុសុម៉ា កាលពីថ្មីៗកន្លងទៅនេះ មានការសង្ស័យថា បានបង្កាត់ភ្លើងស្នេហ៍ ជាមួយមនុស្សស្រីដូចគ្នា ។ មិនតែប៉ុណ្ណោះ គេតែងបានឃើញអ្នកទាំង ពីរបង្ហាញពីភាពស្និទ្ធស្នាល ជាមួយគ្នាយ៉ាងខ្លាំងប្រៀបដូចជា សង្សារថ្មីថ្មោង ។ ប៉ុន្តែក្រោយពីមានការចុះផ្សាយ ព័ត៌មានភ្លាមៗនោះ ត្រូវបានតារាស្រីរូបនេះ ចេញមុខបដិសេធ និងច្រានចោលថា ពុំមែនជាការពិតទេ។
អតីតតារាចម្រៀង ប្រចាំផលិតកម្ម រស្មីនាគមាស កញ្ញា សុភ័ក្រ កុសុម៉ា បន្ទាប់ពីដាក់ខ្លួនជ្រកក្នុងទ្រនំ ផលិតកម្មថ្មី Relode music រួចមក ត្រូវគេមើលឃើញថា បច្ចុប្បន្ននេះ ប្រជាប្រិយភាព របស់នាង ហាក់នៅតែពុំទាន់មានភាព លេចធ្លោខ្លាំងនោះទេ។ ខណៈដំណឹងស្នេហ៍ លេចធ្លាយថ្មីទៀត ថាកំពុងមានទំនាក់ទំនងស្នេហ៍ ជាមួយបុរសកូនថៅកែធំ ក្នុងស្រុកម្នាក់។ តាមប្រភពពីមជ្ឈដ្ឋាន ក្រៅសិល្បៈ បានទម្លាយមកថា ថ្មីៗកន្លងមកនេះ គេឧស្សាបានឃើញ តារាស្រីវ័យក្មេង សុភ័ក្រ កុសុម៉ា បណ្តើរបុរសម្នាក់ចូលផ្សារទំនើប ហាក់បង្ហាញឲ្យឃើញ ពីសញ្ញាស្នេហ៍ថ្មី ដែលទើបចាប់ផ្តើមសាងឡើង រវាងពួកគេទាំងពីរ។ ឥរិយាបទ ដ៏ស្និទ្ធស្នាល ជាមួយគ្នា របស់កញ្ញា សុភ័ក្រ កុសុម៉ា អាចសន្និដ្ឋាថា ជាទំនាក់ទំនងស្នេហា ក្នុងកាលស្វែងយល់ចិត្តគ្នា។
ប្រភពដដែល បាននិយាយថា បុរសជាដៃគូស្និទ្ធស្នាលនឹង កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានគេដឹង ថា ជាកូនប្រុសរបស់លោកថៅកែ ភោជនីយដ្ឋានមួយកន្លែង នៅក្នុងក្រុងភ្នំពេញ។ អ្នកទាំងពីរ បច្ចុប្បន្នកំពុងតែលេង ល្បែងស្នេហាជាមួយគ្នា។ខណៈ មួយរយៈនេះ កុសុម៉ា ក៏ហាក់ដូចជាមានភាពស្រស់ថ្លា ខុសប្លែកមុន អាចមានការជួយជ្រោមជ្រែង ផ្នែកធនធានខ្លះៗ ពីបុរសខាងលើ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះ កញ្ញា សុភ័ក្រ កុសុម៉ា បាននិយាយថា "អត់មានទេបង…! គេនិយាយនេះ គឺខុសការពិតបាត់ទៅហើយ។ តើមានពេលឯណាដើរលេងនោះ? បើបច្ចុប្បន្ន ខ្ញុំរវល់ស្ទើរតែរកពេល សម្រាកគ្មានផងហ្នឹង..?"។
កញ្ញា កុសុម៉ា បាននិយាយទាំងសំណើចថា "មកពីពួកគាត់ ចាប់អារម្មណ៍លើខ្ញុំខ្លាំង ហើយមើលទៅ ទើបនាំគ្នានិយាយបែបនេះ ។
ប៉ុន្តែរឿងដែលពួកគាត់ និយាយគ្រាន់តែជាការយល់ច្រឡំ មិនមែនជាការពិតនោះឡើយ ព្រោះជួនកាល ខ្ញុំធ្លាប់ចេញទៅញ៉ាំអីជាមួយមិត្តភ័ក្តិ និងបងប្រុសធម៌មែន តែទៅលក្ខណៈជាក្រុម.."។
កុសុម៉ា បានបន្ថែមថា "ខ្ញុំសូមធ្វើការបដិសេធទាំងស្រុង តែម្តង រឿងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយបុរសកូនថៅកែភោជនីយដ្ឋាន។ ម្យ៉ាងទៀត ខ្ញុំក៏មិនដែលមានពេល ដើរទៅណានោះដែរ..!"៕